ខ្មែរប៉ុស្ដិ៍ Close

    ទស្សនៈ ៖ បើប្រេះទៅហើយ វាគង់តែនឹងបែក

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1195
    ទស្សនៈ ៖ បើប្រេះទៅហើយ វាគង់តែនឹងបែកទស្សនៈ ៖ បើប្រេះទៅហើយ វាគង់តែនឹងបែក

    ប្រទេសមានច្បាប់ គ្រួសារមានវិន័យ បក្សនយោបាយដែលត្រូវបានរំលាយដោយតុលាការកំពូលដែលជាស្ថាប័នឯករាជ្យរបស់ប្រទេស គ្មានថ្ងៃនឹងអាចបានរស់ជីវិតឡើងវិញឡើយ កុំស្រមើស្រមៃឱ្យសោះ។ ក៏ប៉ុន្តែ សម្រាប់អតីតអ្នកនយោបាយដែលជាប់បម្រាមចំនួន ១១៤ នាក់ នៅតែមានឱកាសធ្វើនយោបាយដោយស្របច្បាប់ឡើងវិញបាន បើពួកគេធ្វើខ្លួនជាពលរដ្ឋល្អ គោរពច្បាប់ ព្រោះប្រទេសមានច្បាប់ គ្រួសារមានវិន័យ។ ដូច្នេះ ច្រកដ៏ត្រឹមត្រូវ និងជាឱកាសចុងក្រោយដើម្បីទទួលបានសិទ្ធិធ្វើនយោបាយ គឺពួកគេត្រូវស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញតាមនីតិវីធីច្បាប់ ដើម្បីទទួលបានព្រះរាជទាននីតិសម្បទាធ្វើនយោបាយមុនពេលកំណត់ដែលអាចបើកផ្លូវឱ្យពួកគេអាចធ្វើនយោបាយស្របតាមច្បាប់ឡើងវិញ។

    មហាជនទូទៅមើលឃើញថា អតីតអ្នកនយោបាយជាប់បម្រាមទាំងនោះកំពុងស្ថិតនៅក្នុងស្ថានភាពក្បាលមិនទល់មេឃ ជើងមិនជាប់ដី រស់ក្នុងសភាពប៉ែលប៉ោល ដោយអ្នកខ្លះកំពុងយកវាសនាខ្លួនផ្ញើនឹងទណ្ឌិត ជាមេឧទ្ទាមផង និងជាមេបក្សប្រហារផងដែលកំពុងហែកបក្សឱ្យបែកខ្ញែកជាច្រើនចំណែកស្របពេលដែលមានការប្រេះស្រាំស្រាប់ ឱ្យកាន់តែធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ។ ការមិនចុះសម្រុងនឹងគ្នារនេះ បានធើ្វឱ្យក្រុម កឹម សុខានិយម ស្ទើរក្អួតឈាម និងមិនអាទទួលយកបាននូវអំពើដ៏អយុត្តិធម៌នេះ។ បើទោះបីមានការលើកឡើងដែលៗថា កឹម សុខា និងមេបក្សប្រហារនិយមជាមនុស្សតែមួយក៏ពិតមែន តែធាតុពិតវាបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ក្រឡែតនូវសញ្ញាដំបៅមហារីកដែលមិនអាចព្យាបាលបានឡើយ។ ដូច្នេះ បើវាប្រេះទៅហើយ គង់នឹងបែក ហើយបើវាគង់នឹងបែកដដែល ក្រុម កឹម សុខា និយម ម្តេចមិនចាប់យកឱកាសដ៏ល្អនេះ?។

    សកម្មភាពនៅឯនាយសមុទ្រកន្លងមក ក្រុម កឹម សុខា និយម ត្រូវបានគេទាត់ចោលមិនខ្ចីអើពើ មិនរាប់រក គឺជាក្រុមត្រូវបានគេចោទថា ជាក្រុមស៊ីឈ្នួល លក់ក្បាលឱ្យបក្សប្រជាជន។ កម្លាំង កឹម សុខានិយមត្រូវបានគេដកចេញ ហើយដាក់មនុស្សក្នុងរចនាសម្ព័ន្ធថ្មី ដែលសុទ្ធសឹងជាក្រុមមេបក្សប្រហារនិយមទាំងស្រុង ហើយក្រុម កឹម សុខា និយម ត្រូវបានគេបិទមាត់និយាយលែងចេញ ក្រោមពាក្យស្លោកបោកប្រាស់ថា កឹម សុខា និងមេបក្សប្រហារនិយមជាមនុស្សតែមួយ។ តែទីបំផុតក្រុមកឹម សុខានិយមបានស្លាប់ជីវិតនយោបាយ ទាំងជំហរ ដោយមិនហ៊ានងើបតតាំងជាមួយនឹងក្រុមបក្សប្រហារឡើយ។

    តាមសាលដីការបស់តុលាការកំពូល អតីតអ្នកនយោបាយដែលជាប់បំរាម ជាពិសេសក្រុមលោក កឹម សុខា អាចនឹងទទួលបានសិទ្ធិធ្វើនយោបាយជានៅខែវិច្ឆិកា ឆ្នាំ២០២២។ ប៉ុន្តែបើពួកគេរង់ចាំរហូតដល់ពេលនោះ ប្រាកដច្បាស់ណាស់ថា ពួកគេនឹងបាត់បង់ឱកាសដ៏មានតម្លៃ ហើយប្រឈមនឹងបាត់បង់អ្វីៗទាំងអស់ដែលជាមូលដ្ឋានគាំទ្ររបស់ពួកគេនៅថ្នាក់មូលដ្ឋាន។ ម្យ៉ាងទៀត បើទោះបីពួកគេត្រូវបានតុលាការហាមឃាត់យ៉ាងណាក៏ដោយ ក្នុងស្មារតីបង្រួបបង្រួមជាតិ ការលើកស្ទួយលំហរប្រជាធិបតេយ្យនៅកម្ពុជា ប្រកបដោយសុឆន្ទៈ រាជរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដើម្បីបើកផ្លូវឱ្យមានការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ មុនកាលកំណត់។ នេះជាឱកាសមាសដែលក្រុម កឹម សុខា និយមខ្លួនឯងត្រូវរៀបចំកម្លាំងគាំទ្រ និងរចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញ ចាប់ពីពេលនេះតទៅ ដោយមិនត្រូវយកវាសនារបស់ខ្លួនទៅពឹងផ្អែកលើពួកបក្សប្រហារ ឬរំពឹងលើលទ្ធផលនៃការព្យួរ EBA របស់សហគមន៍អឺរ៉ុបនោះទេ ពីព្រោះ រាជរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានបញ្ជាក់យ៉ាងច្បាស់ថា នឹងមិនយកឯករាជ្យ និងអធិបតេយ្យជាតិដូររឿងជំនួយ ឬ EBA ឡើយ។ កម្ពុជាជារដ្ឋអធិបតេយ្យមានសិទ្ធិអនុវត្តច្បាប់របស់ខ្លួន។

    ជាអ្នកនយោបាយដែលចេះស្គាល់កាលៈទេសៈ ក្រុម កឹម សុខានិយម គួរចាប់យកឱកាសនេះ ដោយនាំគ្នាសម្លឹងមើលឱ្យបានវែងឆ្ងាយទៅអនាគត ជាពិសេសការរៀបចំខ្លួនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣។ ដូច្នេះ ពេលវេលាមានសារៈសំខាន់ខ្លាំងណាស់ ហើយវាកាន់តែខ្លីទៅៗ ដោយមិនត្រូវនៅស្ងៀមស្ងាត់ បន្តលាក់បាំងការបែកបាក់ក្នុងអ្វីដែលគេហៅថា សម្ព័ន្ធភាពក្រមួននោះទេ។ កន្លងមកក៏មានសកម្មជននៃក្រុមកឹម សុខានិយមជាច្រើនគ្រប់ទិសទីបានគាំទ្រ និងទន្ទឹងរង់ចាំទទួលការលេចចេញជាសកម្មភាពផុសផុលរបស់អតីតថ្នាក់ដឹកនាំកឹម សុខានិយមដែរ ពួកគេមានមូលដ្ឋានគាំទ្រ និងអត្តសញ្ញាណច្បាស់លាស់នៃក្រុម កឹម សុខានិយម មិនមែនបន្តរស់ក្នុងសម្ព័ន្ធភាពក្លែងក្លាយ និងបន្តការឈឺចាប់បែបនេះនោះទេ។

    ជារួម ក្រុមកឹម សុខានិយម មិនគួរគប្បីបន្តរស់ក្នុងសម្ព័ន្ធភាពក្លែងក្លាយ ដែលវាអាចជាជ្រោះមរណៈ ឬជាការធ្វើអត្តឃាដខាងផ្លូវនយោបាយដោយខ្លួនឯង ប្រសិនបើ ក្រុមនេះ មិនចេះចាប់យកឱកាសពេលនេះ។ ហើយបើប្រេះស្រាំទៅហើយ វាគង់តែនឹងបែក ជៀសមិនផុត គ្រាប់តែការបែកបាក់ពេលនេះ ត្រូវចាត់ទុកជាឱកាសដ៏ល្អបំផុតសម្រាប់ក្រុមកឹម និយម ដើម្បីសង្រ្គោះជីវិតនយោបាយ និងរក្សាបានគង់វង្សនូវអត្តសញ្ញាណនៃ កឹម សុខានិយម ដែលបន្សល់ទុកមកពីបក្សសិទ្ធិមនុស្ស៕

    ដោយ៖ ឡុង បូរិតា

    អត្ថបទទាក់ទង