ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះអ្នកវិនិយោគជប៉ុនដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1126
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះអ្នកវិនិយោគជប៉ុនដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះអ្នកវិនិយោគជប៉ុនដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា

    ប្រតិភូវិនិយោគិនជប៉ុន បានមើលឃើញថា កម្ពុជានៅតែជាប្រទេសមាន សក្តានុពលសម្រាប់ការវិនិយោគ ហើយបានស្នើសុំលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តគាំទ្រ និងគាំពារដល់ក្រុមអ្នកវិនិយោគជប៉ុន ដែលកំពុង ស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ការបង្ហាញពីសក្តានុពលសម្រាប់ ការវិនិយោគ ក៏ដូចជាសំណើសូមការគាំទ្រ និងគាំពារនេះត្រូវបាន ធ្វើឡើងដោយ លោក ណូរីអូ យ៉ាម៉ាហ្គូឈិ (Norio Yamaguchi) អនុប្រធានក្រុមប្រឹក្សាផ្លាស់ប្ដូរមិត្តភាពអន្តរជាតិជប៉ុន ក្នុងពេលដឹកនាំ ប្រតិភូវិនិយោគិនជប៉ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ មួយចំនួនជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ។

    លោក ណូរីអូ បានបង្ហាញពីការមើលឃើញរបស់លោកថា រយៈពេល៣ឆ្នាំកន្លងមកនេះ លោកបានឃើញយ៉ាងច្បាស់នូវការផ្លាស់ប្ដូរ និងការវិវត្តជាវិជ្ជមាន និងឆាប់ឆាប់រហ័សរបស់រកម្ពុជា។ លោក ណូរីអូ បានជម្រាបថា បច្ចុប្បន្ននេះប្រទេសជប៉ុន ជាពិសេសវិនិយោគិនជប៉ុន ធន់តូច និងមធ្យម កំពុងតែរកឱកាសដើម្បីវិនិយោគនៅក្រៅប្រទេស ដោយសារបញ្ហាសេដ្ឋកិច្ចរបស់ជប៉ុន។ លោក ណូរីអូ ក៏បានសំណូមពរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តគាំទ្រ និងទទួលស្វាគមន៍វិនិយោ គិនជប៉ុន ដែលមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

    ក្នុងឱកាសនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះអ្នកវិនិយោគជប៉ុន ដែលចង់វិនិយោគនៅកម្ពុជា។ លោក ក៏បានបង្ហាញពីការធ្វើកំណែទម្រង់ជាច្រើនរបស់រាជរដ្ឋាភិបាល ដើម្បីធានាដល់សុខភាព និងដង្ហើមសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់កម្ពុជាផងដែរ។ លោក បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានៅពេលនេះ គឺពង្រឹងវិស័យសេដ្ឋកិច្ច ដើម្បីធ្វើយ៉ាងណាឱ្យកំណើនបន្តកើនឡើងជាង ៧ភាគរយនៅក្នុងមួយឆ្នាំ។

    ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាល បានដំឡើងប្រាក់បៀវត្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ បុគ្គលិក នឹងបន្តកំពុងធ្វើការដោយ ធ្វើយ៉ាង ណាឱ្យសេដ្ឋកិច្ចរបស់កម្ពុជា មានការប្រកួតប្រជែង ជាពិសេសតាមរយៈ ការធ្វើកំណែទម្រង់ និងតាមរយៈបាវចនា របស់រាជរដ្ឋាភិបាល «កែទម្រង់ផ្ទៃ ក្នុង និងពង្រឹងទំនាក់ទំនងខាងក្រៅ» ជាមួយនឹងកំណែទម្រង់សេដ្ឋកិច្ច សម្អាតបញ្ហាទាំងឡាយ ដើម្បីឱ្យក្លាយជាផ្លូវសម្រាប់ការវិនិយោគ មានផលចំណេញ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា អ្វីដែលកម្ពុជាធ្វើ នាពេលនេះ គឺធ្វើយ៉ាងណាជំរុញឱ្យសេដ្ឋកិច្ចមានការប្រកួតប្រជែង។ លោកក៏បានប្រាប់ទៅកាន់ប្រតិភូពីអ្វីដែលរដ្ឋាភិបាល បានធ្វើកន្លង មកផងដែរ ជាពិសេស គឺការបន្ថយតម្លៃអគ្គិសនី ការដកតួនាទីកាំកុង ត្រូលពីច្រកព្រំដែន និងការរំលាយចោលអង្គភាពទីភ្នាក់ងារនាវាចរ (កាំសាប) ដែលទាំងនេះ សុទ្ធសឹង តែជាកំណែទម្រង់ដើម្បីសម្រួលដល់ការ វិនិយោគឱ្យកាន់តែមានប្រសិទ្ធភាព។

    សូមបញ្ជាក់ថា គិតមកត្រឹមឆ្នាំ២០១៧ កម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគរបស់ជប៉ុន ក្នុងទុនវិនិយោគសរុបប្រមាណជា ១.៦ពាន់លានដុល្លារអាមេរិក តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងឆ្នាំ២០១៧ មានគម្រោងវិនិយោគជប៉ុនចំនួន៩ ក្នុងទុនវិនិយោគ សរុបប្រមាណ ៦៣លានដុល្លារអាមេរិក។ ក្នុងនោះ មានគម្រោងវិនិយោគ ចំនួន ៨ បានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគ ប្រមាណ ៥៩លានដុល្លារអាមេរិក៕

    អត្ថបទទាក់ទង