ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់វិស័យឯកជននិងអ្នកវិនិយោគកូរ៉េអញ្ជើញមកសិក្សាស្វែងយល់ពីសក្តានុពលនៃការវិនិយោគនៅកម្ពុជា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1102
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់វិស័យឯកជននិងអ្នកវិនិយោគកូរ៉េអញ្ជើញមកសិក្សាស្វែងយល់ពីសក្តានុពលនៃការវិនិយោគនៅកម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់វិស័យឯកជននិងអ្នកវិនិយោគកូរ៉េអញ្ជើញមកសិក្សាស្វែងយល់ពីសក្តានុពលនៃការវិនិយោគនៅកម្ពុជា

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ បានអំពាវនាវដល់វិស័យឯកជន និងអ្នកវិនិយោគកូរ៉េ ដែលមិនទាន់បានមកកម្ពុជា សូមអញ្ជើញមកសិក្សាស្វែងយល់ពីសក្ដានុពល និងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ។ លោកបានថ្លែងដូចនេះក្នុងឱកាសដែលលោក និងលោកប្រធានាធីបតីកូរ៉េខាងត្បូង មូន ចេអ៊ីន អញ្ជើញពិសាអាហារថ្ងៃត្រង់ នាឱកាសវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ នៅវិមានសន្តិភាព។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាជាប្រទេសបើកចំហជាងគេ នៅក្នុងតំបន់ដែលផ្ដល់ឱ្យអ្នកវិនិយោគបរទេស រួមទាំងអ្នកវិនិយោគកូរ៉េ អាចវិនិយោគលើគ្រប់វិស័យ ដូចគ្នានឹងអ្នកវិនិយោគក្នុងស្រុក។ លោក បានលើកឡើងទៀតថា កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានចុះកិច្ចព្រមព្រៀងទ្វេភាគីស្ដីពីការជំរុញ និងការការពារវិនិយោគនៅឆ្នាំ១៩៩៧ ហើយមុននេះបន្តិច កិច្ចព្រមព្រៀងមួយចំនួនទើបតែត្រូវបានចុះហត្ថលេខាក្នុងនោះ មានអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារជំរុញការវិនិយោគពាណិជ្ជកម្មកូរ៉េ ស្ដីពីកិច្ចសហប្រតិបត្តិការសម្រួលការវិនិយោគ ដែលនឹងផ្ដល់ភាពងាយស្រួល និងលទ្ធភាពកាន់តែខ្ពស់ដល់ធុរជន និងអ្នកវិនិយោគកូរ៉េ ក្នុងការមកបណ្ដាក់ទុនវិនិយោគបន្ថែម និងធ្វើឱ្យប្រតិបត្តិការរបស់ខ្លួន នៅកម្ពុជាកាន់តែរីកលូតលាស់។

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា ថ្មីៗនេះ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែលម្អបរិស្ថានធុរកិច្ច និងវិនិយោគនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវវិធានការកែទម្រង់ស៊ីជម្រៅ ដើម្បីកាត់បន្ថយថ្លៃដើម និងថ្លៃប្រតិបត្តិការធុរកិច្ច។ រាជរដ្ឋាភិបាល ចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ច និងជាដៃគូដ៏ពិតប្រាកដក្នុងការអភិវឌ្ឍប្រទេស។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថានប្រកប ដោយភាពអំណោយផល ជាពិសេស គឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូ- សេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។

    សូមជម្រាបថា ការវិនិយោគរបស់កូរ៉េនៅកម្ពុជា មានចំនួន២១២គម្រោង ដែលមានទឹកប្រាក់វិនិយោគសរុបចំនួន៤,៥៦ពាន់លានដុល្លារ ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៨៕

    អត្ថបទទាក់ទង