ខ្មែរប៉ុស្ដិ៍ Close

ព្រឹកស្អែកសាកលវិទ្យាល័យដ៏ល្បីមួយនៅថៃ នឹងប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1621
ព្រឹកស្អែកសាកលវិទ្យាល័យដ៏ល្បីមួយនៅថៃ នឹងប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនព្រឹកស្អែកសាកលវិទ្យាល័យដ៏ល្បីមួយនៅថៃ នឹងប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ស្អែកនេះ សាកលវិទ្យា ល័យគ្រើក (Krirk University) នឹងប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយជូនលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ថ្នាក់ដឹកនាំសាកលវិទ្យា ល័យគ្រើក នឹងអញ្ជើញប្រគល់សញ្ញាបត្រនេះដោយផ្ទាល់ជូនលោក ហ៊ុន សែន។ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏នឹងអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសនេះផងដែរ។

សាកលវិទ្យាល័យគ្រើក គឺជាសាកលវិទ្យាល័យដ៏ល្បាញល្បីមួយនៅក្នុងប្រទេសថៃមានអាយុកាល ៦៧ឆ្នាំហើយ ។ លោក ចម ប៊ុនយ៉ាប្រាសើត ប្រធានក្រុមប្រឹក្សាសាក លវិទ្យាល័យគ្រើក បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្នាក់ដឹកនាំពិភពលោកទី១ ដែលបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពីសាកលវិទ្យាល័យគ្រើក។

លោក ចម ប៊ុនយ៉ាប្រាសើត បានបញ្ជាក់ថា ការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយជូនលោក ហ៊ុន សែន ជារឿងស័ក្តិសមបំផុតដោយសារ​តែលោក បានប្រើប្រាស់សិល្បៈ និងវិទ្យាសាស្ត្រផ្នែកទំនាក់ទំនងនយោបាយក្នុងការគ្រប់គ្រងប្រជាជនកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ និងបានដឹកនាំប្រជាជាតិឆ្ពោះ​ទៅដល់វិបុលភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញលើពិភពលោក។

សូមបញ្ជាក់ថា ផ្តើមចេញពីស្នាដៃនៃការដឹកនាំក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម កសាងនូវសុខសន្តិភាព ក៏ដូចជាអភិវឌ្ឍន៍មាតុភូមិកម្ពុជាឲ្យរីកចម្រើន រួមនឹងការចូលរួមចំណែកកសាងទំនាក់ទំនង និងជួយរក្សាសុខសន្តិភាពនៅក្នុងតំបន់ និងលើពិភពលោកផងនោះ លោក ហ៊ុន សែន ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសជាច្រើនពីសាកលវិទ្យាល័យនៅតាមបណ្តាប្រទេសនានា។

នៅឆ្នាំ១៩៩៥ លោក ហ៊ុន សែន បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ាខាងត្បូង សម្រាប់ការសិក្សាមុខជំនាញ។

ឆ្នាំ១៩៩៦ បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកច្បាប់ពីមហាវិទ្យាល័យ វ៉ែសឡេយ៉ិន (Wesleyan) រដ្ឋអាយអូវ៉ា (Iowa) នៃសហរដ្ឋអាមេរិក។

ថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៩៦ លោក ហ៊ុន សែន ត្រូវបានបណ្ឌិតសភាសន្តិភាពពិភពលោក (World Peace Academy) ផ្តល់ពានរង្វាន់សន្តិភាពពិភពលោក។ លោកជាជនទី១ នៅអាស៊ីខាងត្បូង ដែលបានទទួលនូវមហាកិត្តិយសនេះ។ លោក ក៏ត្រូវបានបណ្ឌិត​សភាសន្តិភាពពិភពលោក ផ្តល់ជូននូវគោរម្យងារចំនួនបីផងដែររួមមាន៖ ១- សម្បតិ្តវប្បធម៌មនុស្សជាតិ (Human Cultural Asset) ២- អគ្គរដ្ឋទូតគោចរដើម្បីសន្តិភាព (Roving Ambassador for Peace) និង ៣- សមាជិកសមាជសន្តិភាពពិភពលោក (World Peace Congressman)។

ថ្ងៃទី ១០ មេសា ឆ្នាំ ២០០១ នាទីក្រុង សេអ៊ូល គណៈកម្មាធិការផ្តល់ពានរង្វាន់ នៃសាលាថ្នាក់ក្រោយឧត្តមសិក្សានៃសាកលវិទ្យាល័យ Dankook ប្រទេសកូរ៉េខាងត្បូង បានសម្រេចជូនលោក ហ៊ុន សែន នូវសញ្ញាបត្រកិត្តិយសថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោ​បាយ។ ការផ្តល់នេះជាការទទួលស្គាល់នូវការរួមចំណែក ធ្វើឲ្យបានប្រសើរឡើងវិញនូវសន្តិភាព និងស្ថេរភាពនៅកម្ពុជា ការធ្វើឲ្យបានប្រសើរឡើងវិញ ក្នុងទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងការប្រឹងប្រែងរបស់លោក ដើម្បីឲ្យមានសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីខាងកើត។

ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០១ លោក ហ៊ុន សែន ត្រូវបានប្រគល់សញ្ញាបត្រកិត្តិយសថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយក្នុងវិស័យទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យ «រ៉ាមកំហែង» នៃព្រះរាជាណាចក្រថៃ។

ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០១ ស្រ៊ី ជីនម៉យ នៃមជ្ឈមណ្ឌលសន្តិភាពអន្តរជាតិ បានបំពាក់ជូនសម្តេចតេជោ ហ៊ុន សែន នូវមេដាយ «ការលើកកម្ពស់ពិភពលោកដោយបេះដូងមានភាពតែមួយ» ដើម្បីជាការទទួលស្គាល់នូវសមិទ្ធិផលលើគ្រប់វិស័យ ដែលលោក ហ៊ុន សែន សម្រេចបានជាគុណប្រយោជន៍ដល់ប្រជាជន និងប្រទេសកម្ពុជា។ ស្រ៊ី ជីនម៉យ បានរៀបរាប់ពីលោក ហ៊ុន សែន ថាជាឧបករណ៍ដ៏ឧត្តុង្គឧត្តមបំផុត ដែលត្រូវបានព្រះពុទ្ធអង្គជ្រើសបញ្ជូនមកឲ្យជួយសង្គ្រោះប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ពីសេចក្តីស្លាប់ ផ្តល់ឲ្យពួកគេនូវការសិក្សា ចំណីអាហារ និងជំរក ឲ្យកសាងសម្រាប់ពួកគេនូវសាលារៀន មន្ទីរពេទ្យ និងប្រឡាយទឹក ហើយនាំកម្ពុជាចូលទៅជាសមាជិកប្រជាជាតិអាស៊ីភាគ​អាគ្នេយ៍។

ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០២ លោក ហ៊ុន សែន ត្រូវបានបណ្ឌិតសភាវិទ្យាសាស្ត្រធម្មជាតិដ៏ល្បីល្បាញនៃសហព័ន្ធរុស្ស៉ី ផ្តល់ជូននូវឋានៈជា សមាជិកពេញសិទ្ធិរបស់បណ្ឌិតសភា និងបានបំពាក់ជូននូវមេដាយជាការទទួល​ស្គាល់ចំពោះស្នាដៃដឹកនាំរបស់សម្តេច ក្នុងការធ្វើឲ្យកម្ពុជាមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។

ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០០២ គណៈកម្មាធិការសហព័ន្ធវិស្វកម្មអាស៊ាន បានសម្រេចផ្តល់ជូនលោក ហ៊ុន សែន នូវគោរម្យងារថ្នាក់ខ្ពស់បំផុត និងជាលើកដំបូងរបស់ខ្លួន គឺ «វិស្វករកិត្តិយសដ៏ឧត្តុង្គឧត្តម» ដើម្បីជាការទទួល​ស្គាល់នូវមនសិការជាតិ និងសមត្ថភាពដឹកនាំក្នុងការបញ្ចប់សង្គ្រាមផ្ទៃក្នុង ការស្តារ និងអភិវឌ្ឍន៍លើគ្រប់វិស័យនៃសង្គមជាតិ និងការបើកលទ្ធភាពអោយបញ្ញវន្តវិស្វកម្មជាតិ បានចូលរួមក្នុងចលនាកសាង និងអភិវឌ្ឍន៍ជាតិ។

ថ្ងៃទី១០ ខែមេសា ឆ្នាំ២០០៤ អភិបាល និងព្រឹទ្ធបុរសនៃសាកលវិទ្យាល័យអន្តរជាតិអាយរីស (Irish International University) នៃសហភាពអឺរ៉ុប បានផ្តល់សញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ ជូនលោក ហ៊ុន សែន និងដើម្បីជាការទទួលស្គាល់ការរួមចំណែក និងសមិទ្ធផលជាច្រើន។ សាកលវិទ្យាល័យអន្តរជាតិ អាយរីស ក៏បានផ្តល់ជាកិត្តិយសជូនលោកនូវមេដាយ Excellence 2004។

ថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៦ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ សាកលវិទ្យាល័យ Soon Chun Hyang នាទីក្រុងសេអ៊ូល បានប្រគល់ជូនលោក ហ៊ុន សែន នូវសញ្ញាបត្របណ្ឌិតកិត្តិយសទស្សនវិជ្ជាផ្នែកវិទ្យាសាស្ត្រនយោបាយ ដើម្បីគូសបញ្ជាក់ពីការដឹកនាំកសាងប្រទេសឡើងវិញ និងការបូជាអស់ពីកម្លាំងកាយចិត្ត ដើម្បីសន្តិភាព និងវិបុលភាព សម្រាប់កម្ពុជា និងតំបន់អាស៊ីភាគអាគ្នេយ៍ ពិសេសចំពោះការយកចិត្តទុកដាក់ដល់ការបង្កើនទំនាក់ទំនងជាមិត្តភាព ជាមួយសាធារណរដ្ឋ កូរ៉េ។

ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០៦ ដោយយល់ និងគោរពចំពោះការរួមចំណែកសំខាន់ៗ ជាច្រើននៅក្នុងវិស័យអប់រំ និងការប្តេជ្ញាប្រកបដោយទំនុកចិត្ត ធ្វើឲ្យមានសុខុមាលភាពជាក់ស្តែងជូនប្រជាជនកម្ពុជា និងការធ្វើឲ្យទំនាក់ទំនងកម្ពុជា និងថៃ មានសភាពប្រសើរឡើង ក្រុមប្រឹក្សានៃសាកលវិទ្យាល័យរាជផាត់បានសម្តេចចៅប្រាយ៉ា បានសម្រេចជាឯកច្ឆន្ទ ប្រគល់ជូនលោក ហ៊ុន សែន នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអប់រំសម្រាប់ការអភិវឌ្ឍមូលដ្ឋាន ជាការទទួលស្គាល់នូវតួនាទីរបស់លោកក្នុងការអភិវឌ្ឍប្រទេស តាមរយៈការអប់រំ និងរួមចំណែកពង្រឹងទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។

ថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៧ យោង ទៅលើការរួម​ចំ​ណែកដ៏មានតម្លៃ ចំពោះការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា ដែលធ្វើឲ្យមានការអភិវឌ្ឍយ៉ាងលឿន និងលើច្រើនវិស័យ ក្រសួងអប់រំ និងបណ្តុះបណ្តាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រួមដោយសាកលវិទ្យាល័យជាតិក្រុងហាណូយ ប្រគល់ជូនលោក ហ៊ុន សែន នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអប់រំ។

ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៧ សមាគមអ្នកមានវិញ្ញា​បនបត្រការទូតពាណិជ្ជ (ACCD) ទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស ជាស្ថាប័នជំនាញអន្តរជាតិដំបូងគេនៃអ្នក​ការទូតមានវិញ្ញាបនបត្រ សម្រេចទទួលលោក ហ៊ុន សែន ឲ្យមានឋានន្តរៈសក្តិ អភ័យឯកសិទ្ធិកិត្តិយស និងឋានៈជា «Chartered Diplomat» ដែលមានសិទ្ធិជារៀងរហូតបន្ថែមនៅពីក្រោយឈ្មោះ ជាអក្សរ «C Dipl» ជាការឆ្លើយតបទៅនឹងជោគជ័យ និងការសំរេចបានតាមការតម្រូវរបស់ ACCD ប្រកបដោយសុចរិតភាព ការប្តេជ្ញា និងសមិទ្ធផលលេចធ្លោរ នៅក្នុងវិស័យការទូត និងការកសាងសន្តិភាព។

ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០០៧ ជាថ្មីម្តងទៀត សមាគមអ្នកមានវិញ្ញាបនបត្រការទូតពាណិជ្ជ ផ្តល់ជូនលោក ហ៊ុន សែន នូវងារកិត្តិយសជាអ្នកគាំទ្រវិជ្ជាជីវៈការទូតពាណិជ្ជកម្ម។

ថ្ងៃទី០៧ ខែមករា ឆ្នាំ២០០៩ នៅភ្នំពេញ ដោយទទួ​លស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏ថ្លៃថ្លាចំពោះការធ្វើអោយប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការសាលាឧត្តមសិក្សា នៃសាកលវិទ្យាល័យ Woosuk សម្រេចប្រគល់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសេដ្ឋកិច្ច។

ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០០៩ នាក្រុងសេអ៊ូល គណៈ​កម្មាធិការសាលាឧត្តមសិក្សា នៃសាកលវិទ្យាល័យកូរ៉េ សម្រេចប្រគល់ជូនលោក ហ៊ុន សែន ដែលបានបម្រើមនុស្សជាតិយ៉ាងធំធេងជារដ្ឋបុរស និងជាអ្នកនយោ​បាយនូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ យោងទៅលើតួនាទីដ៏សំខាន់ក្នុងចលនារំដោះកម្ពុជា ការសម្រុះសម្រួលជាតិ និងសន្តិភាព ការរួមវិភាគទានដ៏ធំធេង ឲ្យមានការអភិវឌ្ឍនយោបាយ ការទូត និងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការពូនជ្រុំ ទំនាក់​ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរវាង កម្ពុជា និងកូរ៉េ។

ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥ ដោយទទួលស្គាល់ និងវាយតម្លៃជាអ្នកដឹកនាំប្រកបដោយគតិបណ្ឌិត អ្នកបង្រួបបង្រួមសន្តិភាព និងអ្នកដឹកនាំកសាងប្រទេសតែមួយគត់នៅលើលោក មានស្មារតី លះបង់ និង សម្រេចបានជោគជ័យដ៏មហិមា ក្នុងការផ្លាស់ប្តូរប្រទេសកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ លីមកុកវីង អហ្វ គ្រីអេធីវ តិចណូឡូជី នៃ ម៉ាឡេស៊ី បានសម្រេចប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំឆ្នើម» ជូនលោក ហ៊ុន សែន។

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន លោក ហ៊ុន សែន ត្រូវបានសាកលវិទ្យាល័យក្វាងស៊ី សម្រាប់ប្រជាជាតិ ប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រ ជាការទទួលស្គាល់ចំពោះសមត្ថភាពលេចធ្លោរក្នុងការដឹកនាំ ការធ្វើឲ្យឯកភាពប្រទេស និងពូនជ្រុំទំនាក់ទំនងរឹងមាំរវាងចិន និងកម្ពុជា៕

អត្ថបទទាក់ទង