ខ្មែរប៉ុស្ដិ៍ Close

    អាល្លឺម៉ង់ផ្ដល់ហិរញ្ញប្បទានឥតសំណងជាង ៦០០លានដុល្លារ សម្រាប់ជួយដល់កម្ពុជា នៅរយៈពេល៣០ឆ្នាំកន្លងមកនេះ !

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 683
    អាល្លឺម៉ង់ផ្ដល់ហិរញ្ញប្បទានឥតសំណងជាង ៦០០លានដុល្លារ សម្រាប់ជួយដល់កម្ពុជា នៅរយៈពេល៣០ឆ្នាំកន្លងមកនេះ !អាល្លឺម៉ង់ផ្ដល់ហិរញ្ញប្បទានឥតសំណងជាង ៦០០លានដុល្លារ សម្រាប់ជួយដល់កម្ពុជា នៅរយៈពេល៣០ឆ្នាំកន្លងមកនេះ !

    គិតចាប់ពីឆ្នាំ១៩៩២-២០១៨ រដ្ឋាភិបាលអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានឥតសំណងទ្វេភាគី សរុបប្រមាណជាង៦០០លានដុល្លារអាមេរិក ដើម្បីជួយដល់កម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចុះផ្សាយនៅថ្ងៃទី៤​ ខែមេសា ឆ្នាំ២០១៩។

    ទំហំហិរញ្ញប្បទាននេះ មិនរាប់បញ្ចូលហិរញ្ញប្បទាន ដែលភាគីអាល្លឺម៉ង់ ផ្តល់ដល់កម្ពុជា តាមរយៈគម្រោងថ្នាក់តំបន់ និងសកលសហភាពអឺរ៉ុប អង្គការសហប្រជាជាតិ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងស្ថាប័នពហុភាគី ដទៃទៀត។

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តែងតែរៀបចំកិច្ចចរចាទ្វេភាគី ស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍ ជារៀងរាល់ពីរឆ្នាំម្តង ហើយកិច្ចចរចានាឆ្នាំនេះ គឺជាកិច្ចចរចាលើកទី១៣។

    កិច្ចចរចានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍ និងភាពជាដៃគូ ក៏ដូចជាដើម្បីពិភាក្សា និងឯកភាពជាលើកចុងក្រោយ លើសំណើគម្រោង កម្មវិធីអភិវឌ្ឍន៍ និងការសន្យា ផ្តល់ហិរញ្ញប្បទាន របស់រដ្ឋាភិបាលអាល្លឺម៉ង់ ដល់កម្ពុជា សម្រាប់រយៈពេល ២ឆ្នាំ ២០១៩ ២០២០ ដែលត្រូវបានស្នើឡើង ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ ។

    កិច្ចសហប្រតិបត្តិការអភិវឌ្ឍនេះ ផ្តោតសំខាន់លើវិស័យអាទិភាពចំនួន៣រួមមាន ១៖ វិស័យសុខាភិបាល (ការគាំពារសុខមាលភាព សង្គម និងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ),២៖ វិស័យអភិវឌ្ឍន៍ជនបទ, និង៣៖ វិស័យអភិបាលកិច្ច ដែលសុទ្ធសឹង ជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចមានចែង ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤។

    ជាក់ស្ដែង នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ត្រៀមសម្រាប់កិច្ចចរចារ ស្តីពីកិច្ចសហប្រតិបត្តិ ការអភិវឌ្ឍរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៤-១៦ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងប៊ែកឡាំង នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

    កិច្ចប្រជុំខាងលើនេះដឹកនាំដោយ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការគណៈកម្មាធិការ នីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) និងជាប្រធានគណៈប្រតិភូកម្ពុជាសម្រាប់កិច្ចចរចានេះ៕

    អត្ថបទទាក់ទង