ខ្មែរប៉ុស្ដិ៍ Close

ស.ស.យ.ក ខេត្តតាកែវ រៀបចំពិធីក្រុងពាលី ដើម្បីបួងសួងសុំ សេចក្តីសុខ ក្នុងព្រឹត្តិការណ៍តាកែវសង្ក្រាន្ត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1467

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩នេះ បានរៀបចំពិធីក្រុងពាលី បួងសួង សុំសេចក្តីសុខដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តតាកែវ ជាពិសេសសមាជិក សមាជិកាដែលចូលរួមរៀបចំព្រឹត្តិការណ៍តាកែវសង្ក្រាន្ត។ ក្នុងពិធី នោះមានការចូលរួមពីសំណាក់ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍​ និងជាប្រធានស.ស.យ.ក-តាកែវ​ លោក​ សុខ​ សប្បាយណា​ អនុរដ្ឋលេខាធិការក្រសួងអប់រំ​ យុវជន​ និងកីឡា​ លោក លី សាវេត អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន សមាជិក សមាជិកា ស.ស.យ.ក-តាកែវ ព្រមទាំងតាជីយាយជីយ៉ាងច្រើនកុះករ។

ព្រឹត្តិការណ៍តាកែវសង្ក្រាន្តនឹងប្រព្រឹត្តិទៅរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៤ដល់១៦ ខែមេសា ឆ្នាំ២០១៩ នៅបរិវេទរមណីយដ្ឋានទេសចរណ៍ទន្លេបាទី។ ព្រឹត្តិការណ៍នេះដើម្បីជួបជុំ គ្រួសារខ្មែរមកពីគ្រប់ទិសទី កម្សាន្តសប្បាយអបអរសារទរពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ ព្រមទាំងរួបរួមគ្នាដើម្បីលើកកម្ពស់នូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ផូរផង់របស់ បុព្វបុរសខ្មែរដែលបានបន្សល់ទុក។

ព្រឹត្តិការណ៍តាកែវសង្ក្រាន្ត នឹងនាំមកនូវកម្មវិធីកម្សាន្តដ៏គួរឱ្យចាប់អារម្មន៍ជាច្រើនជូនដល់ប្រជាពលរដ្ឋខ្មែរដែលទៅលេងកម្សាន្តដូចជា៖​ កម្មវិធីល្បែងប្រជាប្រិយខ្មែរ​ កម្មវិធីទាញព្រ័ត្តមិត្តភាព​ កម្មវិធីថតរូប​ កម្មវិធីវប្បធម៌ និងសិល្បៈ​ កម្មវិធីពិព័រណ៍ពាណិជ្ជកម្ម និងសិប្បកម្ម កម្មវិធីពិព័រណ៍វិទ្យាសាស្ត្រ ជាដេីម៕

អត្ថបទទាក់ទង