ខ្មែរប៉ុស្ដិ៍ Close

ថៃ ផ្តល់អំណោយក្បាលរថភ្លើង (DMU) ០១គ្រឿង (មានទូដឹកអ្នកដំណើរចំនួន ៤) ដែលអាចផ្ទុកអ្នកដំណើរបានរហូតដល់ ៣២០នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 790
ថៃ ផ្តល់អំណោយក្បាលរថភ្លើង (DMU) ០១គ្រឿង (មានទូដឹកអ្នកដំណើរចំនួន ៤) ដែលអាចផ្ទុកអ្នកដំណើរបានរហូតដល់ ៣២០នាក់ថៃ ផ្តល់អំណោយក្បាលរថភ្លើង (DMU) ០១គ្រឿង (មានទូដឹកអ្នកដំណើរចំនួន ៤) ដែលអាចផ្ទុកអ្នកដំណើរបានរហូតដល់ ៣២០នាក់

នៅថ្ងៃចន្ទទី២២ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពី ពិធីតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) និងពិធីបើកការដ្ឋានសាងសង់ អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥រួចមក លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនតាមផ្លូវដែកឆ្លង កាត់ព្រំដែនកម្ពុជា-ថៃ និងចូលរួមពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) ដែលជាអំណោយរបស់រាជរដ្ឋាភិបាល ថៃ ជូនរាជរដ្ឋាភិបាលកម្ពុជាក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ដោយមានការចូលរួមពីគណៈប្រតិភូ នៃប្រទេសទាំងពីរ ដែលជាការបើកទំព័រ ប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា-ថៃ ក្នុងការតភ្ជាប់ផ្លូវដែកសារជាថ្មី ក្រោយពីបានកាត់ផ្តាច់ដោយសារសង្គ្រាម។

កិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមផ្លូវដែក និងការតភ្ជាប់ផ្លូវដែកកម្ពុជា និងថៃ ពិតជានាំមកនូវកាលានុវត្តភាពថ្មី សម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវដែក ដែលជាមធ្យាបាយដឹក ជញ្ជូនទំនិញដ៏ស័ក្តិសិទ្ធ មានតម្លៃថោក និងមានសុវត្ថិភាពខ្ពស់ រួមចំណែកក្នុងការអភិវឌ្ឍខឿន សេដ្ឋកិច្ចជាតិរបស់ប្រទេសទាំងពីរ និងរួមចំណែកក្នុងការតភ្ជាប់ និងអភិវឌ្ឍតំបន់អាស៊ាន និងមហាអនុ តំបន់មេគង្គផងដែរ។ ជាមួយគ្នានោះផងដែរ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ បានផ្ដល់អំណោយក្បាលរថភ្លើង (DMU) ចំនួន០១គ្រឿង (មានទូដឹកអ្នកដំណើរចំនួន ៤) ដែលអាចផ្ទុកអ្នកដំណើរបានរហូតដល់ ៣២០នាក់ ជូនព្រះរាជាណាចក្រកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ផ្លូវដែកភ្នំពេញ-ប៉ោយប៉ែតព្រំដែនកម្ពុជា-ថៃ ដែលមានប្រវែង ៣៨៦គីឡូម៉ែត្រ ត្រូវបាន រាជរដ្ឋាភិបាលកម្ពុជាស្តារឡើងវិញរួចហើយ ថ្វីត្បិតតែមិនទាន់មានលក្ខណៈស្តង់ដារ និងទំនើបក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យយុទ្ធសាស្ត្រ និងផែនការច្បាស់លាស់ក្នុងការអភិវឌ្ឍវិស័យផ្លូវដែក ដើម្បីឱ្យការដឹកជញ្ជូនតាមផ្លូវដែកក្លាយជាឆ្អឹងខ្នងនៃការដឹកជញ្ជូននៅកម្ពុជា៕

អត្ថបទទាក់ទង