ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន រំលឹកពីគុណបំណាច់ជួយកម្ពុជា របស់លោក ឡេ ឌឹកអាញ់ នៅមុខនាយករដ្ឋមន្ត្រីវៀតណាម

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1266

    ក្នុងដំណើរអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោក ឡេ ឌឹកអាញ់ អតីតប្រមុខរដ្ឋវៀតណាម នៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអញ្ជើញចូលជួបសមានទុក្ខ និងពិភាក្សាការងារមួយចំនួនជាមួយលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម។

    ក្នុងជំនួបនោះ លោកនាយករដ្ឋមន្រ្តីវៀតណាម ក្នុងនាមរដ្ឋាភិបាល និងប្រជាជនវៀតណាម ក៏ដូចជារូបលោកផ្ទាល់ បានសំដែងនូវការគោរពយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃបំផុត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល និងកងទ័ពនៃប្រទេសកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់ ដែលជាមេដឹកនាំដ៏ឆ្នើមរបស់ប្រទេស និងប្រជាជនវៀតណាម។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍អរគុណលោកនាយករដ្ឋមន្រ្តីវៀតណាម ដែលបានជួយសម្រួលដល់គណៈប្រតិភូកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់។ លោកនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា លោក ឡេ ឌឹកអាញ់ ជាមេដឹកនាំកំពូលមួយរូបរបស់ប្រទេសវៀតណាម ដែលមានគុណបំណាច់ជួយរំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការទប់ស្កាត់មិនឲ្យរបបដ៏ឃោរឃៅមួយនេះវិលត្រឡប់មកវិញ។

    លោកនាយករដ្ឋមន្រ្ដី បានបញ្ជាក់នៅចំពោះមុខនាយករដ្ឋមន្ត្រីវៀតណាមថា លោកនឹងសរសេរសារដ៏មានសារសំខាន់លើសៀវភៅក្រាំងមាស នៃការចូលរួមរំលែកទុក្ខ ដើម្បីជាការជូនដំណើរជាលើកចុងក្រោយជូនដល់វិញ្ញាណក្ខន្ធលោក ឡេ ឌឹកអាញ់។

    ក្នុងជំនួបនោះលោកនាយករដ្ឋមន្រ្តី ក៏បានរៀបរាប់ពីប្រវត្តិ នៃការជួបសន្ទនាជាមួយលោក ឡេ ឌឹកអាញ់ ទាំងក្នុងពេលនៅមន្ទីរពេទ្យ និងការងារផ្សេងៗ។ លោកនាយករដ្ឋមន្រ្ដី បានបន្ថែមថា លោក ឡេ ឌឹកអាញ់ គឺជាមេដឹកនាំកំពូលរបស់វៀតណាម ដែលបានជួយដល់កម្ពុជាទាំងផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។

    លោកនាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ផងដែរថា វត្តមានរបស់លោក និងគណៈប្រតិភូអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់ គឺបានបញ្ជាក់ពីការគោរពស្រឡាញ់ពីគ្នាទៅវិញទៅមក ក្នុងនាមជាប្រជាជនដែលធ្លាប់តែជួយគ្នាក្នុងគ្រាមានការលំបាកដូចគ្នាកាលពីអតីតកាល។

    ក្នុងជំនួបពិភាក្សាគ្នានោះដែរ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ក៏បានពិភាក្សាគ្នាផងដែរ ពីជំនួបក្នុងអាហារពេលព្រឹក នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងឱកាសមេដឹកនាំទាំងពីរអញ្ជើញចូលរួមវេទិកា «ខ្សែក្រវ៉ាត់ និងផ្លូវ» លើកទី២ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិនាពេលថ្មីៗនេះ។

    ជាមួយគ្នានេះ ភាគីទាំងពីរក៏បានធ្វើការពិភាក្សាទាក់ទិនទៅនឹងទំនាក់ទំនងទ្វេភាគី ពហុភាគី បញ្ហាតំបន់ និអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ៕

    អត្ថបទទាក់ទង