ខ្មែរប៉ុស្ដិ៍ Close

    ថ្នាក់ដឹកនាំចិនប្រកាសបន្តជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយឈរលើគោលការណ៍ស្មើភាពគ្នា

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1187
    ថ្នាក់ដឹកនាំចិនប្រកាសបន្តជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយឈរលើគោលការណ៍ស្មើភាពគ្នាថ្នាក់ដឹកនាំចិនប្រកាសបន្តជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយឈរលើគោលការណ៍ស្មើភាពគ្នា

    នាយករដ្ឋមន្ដ្រីចិន លោក លី ខឺឈាង បានប្រកាសជាថ្មីម្ដងទៀតថា ប្រទេសចិននឹងបន្តជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមកស្មើភាពគ្នា ហើយនឹងគាំទ្រឲ្យបានជោគជ័យ នូវកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២០ខាងមុខនេះ។

    នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហការប្រតិបត្តិការអន្ដរជាតិ អំពីលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន ដែលទទួលបាននៅល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។

    ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្តម នាយករដ្ឋមន្រ្តី លី ខឺឈាង បានអះអាងជាថី្មថា ប្រទេសចិននឹងបន្តជួយដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ហើយនឹងគាំទ្រឲ្យបានជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២០ខាងមុខនេះ»

    បន្ថែមពីនេះ លោកនាយករដ្ឋមន្ដ្រី លី ខឺឈាង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះទស្សនកិច្ចផ្លូវការលើកទី១របស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅសាធារណរដ្ឋប្រជាមានិតចិន និងបានបង្ហាញនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះការរឹតបន្តឹងទំនាក់ទំនងជាប្រពៃណីយូរអង្វែងរវាងកម្ពុជា និងចិនឲ្យកាន់តែមានភាពរឹងមាំ ឈរលើមូលដ្ឋាននៃការគោរពគ្នា ទៅវិញទៅមកដោយស្មើភាព និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ។

    ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការរួមចំណែកដ៏ធំធេងរបស់ចិន ដល់វឌ្ឍនភាពប្រទេសកម្ពុជា លើវិស័យជាច្រើន ហើយបានអះអាងជាថ្មីអំពី ការប្តេជ្ញាចិត្តដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមានជាអាទិ៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង អាស៊ាន និងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ៕