ខ្មែរប៉ុស្ដិ៍ Close

    នាយករដ្ឋមន្ត្រីហុងគ្រី ប្រកាសគាំទ្រកម្ពុជា ក្នុងការតស៊ូមតិការពារ EBA

    ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1148
    នាយករដ្ឋមន្ត្រីហុងគ្រី ប្រកាសគាំទ្រកម្ពុជា ក្នុងការតស៊ូមតិការពារ EBAនាយករដ្ឋមន្ត្រីហុងគ្រី ប្រកាសគាំទ្រកម្ពុជា ក្នុងការតស៊ូមតិការពារ EBA

    លោក វីទ័រ អូបេន នាយករដ្ឋមន្ត្រីហុងគ្រី ដែលជាប្រទេសបានឈរជាមួយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាំងពីឆ្នាំ១៩៧៩មកនោះ បានប្រកាសគាំទ្រកម្ពុជាក្នុងការតស៊ូមតិ ដើម្បីការពារប្រព័ន្ធអនុគ្រោះក្រោមកម្មវិធីគ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA) នៅលើទីផ្សារសហភាពអឺរ៉ុប។

    ការប្រកាសរបស់លោក វីទ័រ អូបេន បានធ្វើឡើងក្នុងកិច្ចប្រជុំចង្អៀតរយៈពេលប្រមាណ២ម៉ោងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី ក្នុងដំណើរបំពេញទស្សនកិច្ចជាលើកដំបូង របស់លោកក្នុងនាមជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ទៅកាន់ប្រទេសហុងគ្រី នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ (ម៉ោងនៅប្រទេសហុងគ្រី)។

    លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា នៅក្នុងជំនួបនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីហុងគ្រី បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ ទាក់ទិនសភាពការណ៍នៅសហភាពអឺរ៉ុប ពិសេសក្រោយពីការបោះឆ្នោតសភា កាលពីពេលថ្មីកន្លងទៅ។ នាយករដ្ឋមន្ត្រីកម្ពុជា និងហុងគ្រី ក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ទាក់ទិន ទៅនឹងគោលជំហរ និងទស្សនៈរបស់ហុងគ្រី ពាក់ព័ន្ធគោលនយោបាយរបស់សហភាពអឺរ៉ុប ពិសេសពាកព័ន្ធបញ្ហា EBA។

    បើតាមលោក កៅ គឹមហួន បានឱ្យដឹងថា នៅចំពោះមុខលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​, លោកនាយករដ្ឋមន្ត្រីហុងគ្រី បានចាប់អារម្មណ៍បំផុតទៅលើកិច្ចសហប្រតិបត្តិការ រវាងសហភាពអឺរ៉ុប និងអាស៊ាន ដែលកិច្ចសហប្រតិបត្តិការនេះ បានផ្តល់សារសំខាន់សម្រាប់ប្រទេសហុងគ្រី។

    លោកនាយករដ្ឋមន្ត្រីហុងគ្រី បានបន្ថែមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងក្របខណ្ឌអាស៊ាន និងសហភាពអឺរ៉ុប។ ជាពិសេសជំរុញដល់កិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច វប្បធម៌ បណ្តុះបណ្តាលធនធសានមនុស្ស។

    ពាក់ព័ន្ធបញ្ហា EBA នាយករដ្ឋមន្ត្រីហុងគ្រី បានលើកឡើងថា វាជារឿងខ្វែងគំនិតគ្នារវាងសហភាពអឺរ៉ុប និងកម្ពុជា។ លោកនាយករដ្ឋមន្ត្រីអះអាងថា ហុងគ្រីតែងតែឈរ និងគាំទ្រកម្ពុជាជានិច្ច ជាពិសេសហុងគ្រី មិនគាំទ្របញ្ហានយោបាយ និងបញ្ហាពាណិជ្ជកម្ម សេដ្ឋកិច្ច ទៅលាយឡំគ្នានោះទេ។

    លោកនាយករដ្ឋមន្ត្រីហុងគ្រីថែមទាំងបាន សូមឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ទុកចិត្តចំពោះហុងគ្រី ក្នុងការតស៊ូមតិជាមួយសហភាពអឺរ៉ុប ទាក់ទិនបញ្ហា EBA នេះ។

    សូមបញ្ជាក់ថា គណៈកម្មការអឺរ៉ុបកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រកាសជាផ្លូវការ នូវការចាប់ផ្តើមដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)»។ នីតិវិធីនៃការព្យួរបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធនេះ ត្រូវប្រើរយៈពេលរហូតដល់ទៅ១៨ខែ ចាប់ពីថ្ងៃប្រកាសដំណើរនីតិវិធីរហូតដល់ថ្ងៃចូលជាធរមាន ក្នុងករណីសហភាពអឺរ៉ុបមិនទទួលយកការបកស្រាយ និងពន្យល់របស់កម្ពុជាទេនោះ។

    បច្ចុប្បន្ននីតិវិធីនៃការព្យួរបណ្តោះអាសន្ននេះ ស្ថិតក្នុងដំណាក់កាលទីមួយ គឺដំណាក់កាលជជែកតវ៉ា និងពន្យល់របស់កម្ពុជាទៅកាន់គណៈកម្មការអឺរ៉ុប ដែលមានរយៈពេល៦ខែ គិតចាប់ពីថ្ងៃប្រកាសរបស់គណៈកម្មការអឺរ៉ុប។

    ទំនិញកម្ពុជាដែលនាំចេញទៅសហភាពអឺរ៉ុប មានដូចជាសម្លៀកបំពាក់គ្រប់ប្រភេទ និងស្បែកជើង អង្ករ គ្រាប់ធុញ្ញជាតិ វត្ថុធ្វើពីស្បែក ឆ័ត្រ កៅស៊ូ និងទោចក្រយានជាដើម។ ទំនិញដែលកម្ពុជានាំទៅកាន់សហភាពអឺរ៉ុបមានទំហំទឹកប្រាក់ជាង ៦ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

    ក្នុងទឹកប្រាក់បានពីការនាំចេញទៅកាន់អឺរ៉ុបប្រមាណ ៦ពាន់លានដុល្លារនេះ នាំឲ្យកម្ពុជាចំណេញថវិកាជិត ៧០០លានដុល្លារអាមេរិក ពីប្រព័ន្ធអនុគ្រោះពន្ធ។ ដូច្នេះបើអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ បែរមកយកពន្ធលើទំនិញរបស់កម្ពុជាវិញ នឹងនាំឲ្យកម្ពុជាខាតបង់ថវិកាជិត ៧០០លានដុល្លារសម្រាប់ការបង់ពន្ធ។

    កាលពីខែមីនា កន្លងទៅនេះក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន បានប្រកាសពីការធ្វើកំណែទម្រង់ជាច្រើន ដែលនាំឱ្យធុរជនចំណេញពីការធ្វើកំណែទម្រង់នោះជាង ៤០០លានដុល្លារអាមេរិក។ តាមរយៈការធ្វើកំណែទម្រង់នេះ ត្រូវបានគេជឿជាក់ថា ធុរជននៅតែមានលទ្ធភាពនាំទំនិញរបស់ខ្លួនទៅកាន់ទីផ្សារអឺរ៉ុប បើទោះបីអត់មានប្រព័ន្ធអនុគ្រោះពន្ធក៏ដោយនោះ៕