ខ្មែរប៉ុស្ដិ៍ Close

    សៀវភៅផាត់ពណ៌បេតិកភណ្ឌទី៣នឹងលេចរូបរាងសម្រាប់សិស្សអនុវត្តក្នុងពេលឆាប់ៗនេះ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 1823
    សៀវភៅផាត់ពណ៌បេតិកភណ្ឌទី៣នឹងលេចរូបរាងសម្រាប់សិស្សអនុវត្តក្នុងពេលឆាប់ៗនេះសៀវភៅផាត់ពណ៌បេតិកភណ្ឌទី៣នឹងលេចរូបរាងសម្រាប់សិស្សអនុវត្តក្នុងពេលឆាប់ៗនេះ

    វណ្ណកម្មទី៣ដែលមានចំណងជើងថា «ស្វែងយល់អំពីរាជធានីអង្គរ» បន្ទាប់ពីចំណាយពេលអស់២ឆ្នាំ នឹងប្រសូត្រទ្បើងឆាប់ៗនេះតាមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា មជ្ឈមណ្ឌលជាតិយុវជនខេត្តសៀមរាប នៃក្រសួងអប់រំ យុវជននិងកីទ្បា ព្រមទាំងមានការគាំទ្រយ៉ាងសកម្មពីសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន ហៅកាត់ថា «NFUAJ»។

    ដៃគូសហការទាំងបីបានប្រជុំសម្រេចកំណែសម្រួលចុងក្រោយ តាមការណែនាំរបស់លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា។

    លោក អ៊ឹម សុខរិទ្ធី ប្រធានក្រុមការងាររៀបចំសៀវភៅផាត់ពណ៌ទី៣របស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រុមការងារទាំងបីស្ថាប័នមានការមូលមាត់គ្នារៀបចំចងក្រងឲ្យលេចរូបរាងសៀវភៅនេះទ្បើង ក្នុងស្មារតីរួមមួយ ដើម្បីបង្កើនសម្ភារៈសិក្សាបន្ថែមសម្រាប់សិស្ស សាលាបឋមសិក្សា ផ្តល់ចំណេះដឹងអំពីវប្បធម៌ទូទៅ អប់រំកុមារ និងយុវវ័យឲ្យស្គាល់អំពីសម្បត្តិវប្បធម៌ដែលជាបេតិកភណ្ឌ ដ៏មានតម្លៃរបស់ជាតិនិងរបស់ពិភពលោក បង្កើនស្មារតីស្រលាញ់និងជួយថែរក្សាការពារបេតិកភណ្ឌ ព្រមទាំងឲ្យកុមារ និងអ្នកសិក្សាមានមូលដ្ឋានក្នុងការប្រើពណ៌សម្រាប់ផាត់ផង។

    លោក សុខរិទ្ធី ក៏បានប្រាប់ពីសេចក្តីសំខាន់ៗនៅក្នុងសៀវភៅភាគ៣នេះថា វាបង្ហាញសិស្សអំពីរូបភាពនិងទ្រង់ទ្រាយរបស់រាជធានីអង្គរ ប្រព័ន្ធធារាសាស្រ្ត ព្រះបរមរាជវាំង ផ្ទះសម្បែងនិងរបៀបរស់នៅរបស់ខ្មែរនាសម័យអង្គរ ប្រភេទផ្ទះខ្មែរ តំបន់ការពារបេតិកភណ្ឌទី១និងទី២ ទេសភាពវប្បធម៌នៃរមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក ព្រមទាំងមរតកបេតិកភណ្ឌវប្បធម៌អរូបីមួយចំនួនទៀត ដែលទើបបានទទួលចំណាត់ជាបេតិកភណ្ឌអរូបីពិភពលោកកន្លងមកផង។

    គួររំឭកឲ្យដឹងថា សៀវភៅផាត់ពណ៌បេតិកភណ្ឌទី១ បានរៀបចំក្នុងឆ្នាំ២០០៩ និងទី២ផលិតនៅឆ្នាំ២០១១ សុទ្ធតែជាសមិទ្ធផលនៃការសហការគ្នារវាងស្ថាប័នទាំងបីខាងលើ។ សៀវភៅទាំងពីរភាគនេះ ដែលបានដាក់ឲ្យប្រើប្រាស់កន្លងមក ទទួលបានការវាយតម្លៃខ្ពស់ពីលោកស្រីនាយិកា លោកនាយក លោកគ្រូ អ្នកគ្រូ ព្រមទាំសិស្សានុសិស្ស យុវវ័យអំពីខ្លឹមសារ សារៈសំខាន់សម្រាប់ការអប់រំអំពីវប្បធម៌ ប្រពៃណីទូទៅ ព្រមទាំងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។

    សូមជម្រាបដែរថា ការរៀបចំសៀវភៅទី៣នេះក៏ដូចគ្នានឹងភាគទី២ដែរ ពោលគឺតម្រូវឲ្យបង្កើតសៀវភៅសម្រាប់ជាជំនួយដល់លោកគ្រូ អ្នកគ្រូ ធ្វើការណែនាំសិស្សនៅក្នុងថ្នាក់រៀនជាមុនសិន។ នេះគឺក្នុងគោលបំណងឲ្យសិស្សបានដឹងអំពី រចនាសម្ព័ន្ធរបស់រាជធានីអង្គរ រូបរាងរបស់ព្រះបរមរាជវាំង ប្រព័ន្ធធារាសាស្រ្ត គំរូផ្ទះសម្បែងជាមុនសិន មុននឹង ទៅទស្សនាស្វែងយល់អំពីរមណីយដ្ឋានអង្គរ ព្រមទាំងបណ្តុះគំនិតការពារតំបន់បេតិកភណ្ឌ និងគំនិតអភិរក្ស ផ្ទះបុរាណខ្មែរផង។

    នេះជាសកម្មភាពមួយរបស់អាជ្ញាធរជាតិអប្សរា ក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ក្លាយជាអ្នកបន្តវេនការពារនិងអភិរក្សរមណីយដ្ឋានអង្គរ។ នេះក៏ជាផ្នែកមួយនៃកម្មវិធីអប់រំបេតិកភណ្ឌដល់សិស្សក្នុងតំបន់អង្គរនិងបន្ទាយឆ្មារ ដែលគម្រោងនេះទទួលបានការអបអរសាទរពីអង្គប្រជុំបច្ចេកទេសលើកទី៣២ នៃ ICC-Angkor កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ៕

    អត្ថបទទាក់ទង