ខ្មែរប៉ុស្ដិ៍ Close

    លិខិតមិត្តអ្នកអាន៖ «កងកម្លាំងប្រដាប់អាវុធកំពុងត្រៀមជាស្រេចដើម្បីចាត់ការធម៍ក្តៅចំពោះសម រង្ស៊ី ? »

    ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1613
    លិខិតមិត្តអ្នកអាន៖ «កងកម្លាំងប្រដាប់អាវុធកំពុងត្រៀមជាស្រេចដើម្បីចាត់ការធម៍ក្តៅចំពោះសម រង្ស៊ី ? »លិខិតមិត្តអ្នកអាន៖ «កងកម្លាំងប្រដាប់អាវុធកំពុងត្រៀមជាស្រេចដើម្បីចាត់ការធម៍ក្តៅចំពោះសម រង្ស៊ី ? »

    ជាថ្មីម្តងទៀតកាលពីយប់មិញខ្ញុំបានលឺការអំពាវនាវបែបវង្វេងស្មារតីរបស់លោកសមរង្ស៊ីទៅកាន់កងកម្លាំងប្រដាប់អាវុធឲ្យងើបឡើងបះបោរប្រឆាំង

    រដ្ឋាភិបាលដើម្បីទម្លាក់មេដឹកនាំដែលកើតចេញពីការបោះឆ្នោតតាមរយៈការប្រើកម្លាំង

    ក្រៅច្បាប់។ជាច្រើនលើកមកហើយដែលលោកសមរង្ស៊ីតែងតែបានខ្ជាក់ពាក្យសម្តីមិនចេះអៀនខ្មាសជាសម្តីរបស់មេដឹកនាំចលនាឧទ្ទាមហើយដែលស្តាប់ទៅគឺពិតជាសម្តីរបស់មនុស្សទាល់ច្រកអស់ក្រឡាដើរនិងវង្វេងស្មារតីគិតអ្វីមិនចេញ។ហេតុអ្វីបានជាខ្ញុំហ៊ានអះអាងនិយាយបែបនេះ?

    ទី១៖ក្នុងដំណើរជីវិតនយោបាយកម្ពុជាគឺលោកសមរង្ស៊ីនេះហើយគឺជាអ្នកនយោបាយដែលបានប្រមាថមាក់ងាយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទយ៉ាងខ្លាំងបំផុត។ខ្ញុំចាំច្បាស់ណាស់គឺមិនដឹងជាប៉ុន្មានសិបដងទេដែលសមរង្ស៊ីបាន

    ចាត់ទុកកងកម្លាំងប្រដាប់អាវុធរបស់ជាតិ(ទាំងនគរបាលអាវុធហត្ថយោធានិងកងអង្គរក្ស) ថាជាកម្លាំងស៊ីឈ្នួល។គឺសមរង្ស៊ីនេះហើយដែលបានបន្ថោកបន្ទាបតម្លៃកម្លាំងប្រដាប់អាវុធដែលធ្វើឲ្យពួកគេឈឺចាប់

    បំផុត។លុះឥឡូវដល់ពេលទាល់ច្រកអស់ក្រឡាដើរស្រាប់តែសមរង្ស៊ីបែរជាមកធ្វើការសម្តែងតួជាអ្នកស្រឡាញ់យកចិត្តទុកដាក់ចំពោះកម្លាំងប្រដាប់អាវុធនិងអំពាវនាវឲ្យពួកគេឈរនៅខាងខ្លួនដែលកំពុងមានចេតនាបង្កចលាចលសង្គមបំផ្លាញសណ្តាប់ធ្នាប់សាធារណៈនិងបំផ្លាញសន្តិសុខជាតិទាំងមូល។

    ប៉ុន្តែសមរង្ស៊ីដូចជាភ្លេចគិតថាកងកម្លាំងប្រដាប់អាវុធត្រូវបានបង្កើតឡើងដើម្បីការពារជាតិ  ការពាររដ្ឋាភិបាលស្របច្បាប់រក្សាសណ្តាប់ធ្នាប់សាធារណៈជាពិសេសគឺការពារសន្តិសុខជាតិ។ដូច្នេះតាមខ្ញុំយល់គឺអ្នកដែលកងកម្លាំងប្រដាប់អាវុធតាមរកមុខបំផុតគឺអ្នកបំផ្លាញសន្តិសុខជាតិបំផ្លាញភាពសុខសាន្តរបស់ប្រជាជនហើយនោះគឺគ្មានអ្នកណាក្រៅពីសមរង្ស៊ីខ្លួនឯង  នេះហើយដែលកម្លាំងប្រដាប់អាវុធរកមុខបំផុតនិងកំពុងត្រៀមខ្លួនជាស្រេចដើម្បីចាត់ការតាមបទបញ្ជារបស់រដ្ឋាភិបាល។

    ទី២៖សមរង្ស៊ីពិតជាអស់សង្ឃឹមលើអ្នកគាំទ្ររបស់ខ្លួនដែលកំពុងបែកបាក់យ៉ាងខ្លាំងនិងក៍លែងរវី

    រវល់ក្នុងរឿងគាំទ្រនយោបាយបំបែកបំបាក់ជាតិរបស់ខ្លួនតទៅទៀតហើយដែរ។

    កាលពីមុននេះលោកសមរង្ស៊ីអួតអាងថាខ្លួនមានអ្នកគាំទ្ររាប់លាននាក់រង់ចាំទទួលស្វាគមន៍រាប់ទាំងពលករនៅកូរ៉េនៅថៃផង។ប៉ុន្តែក្រោយពីការស្ទង់កម្លាំងជាច្រើនលើកមកសមរង្ស៊ីពិតជាយល់និងដឹងច្បាស់ណាស់ថាពេលនេះនៅមានមនុស្សតិចតួចបំផុតដែលនៅដើរតាមនយោបាយបោកប្រាស់រកស្រោមសំបុត្ររបស់ខ្លួនទៀត។ហេតុដូច្នេះហើយបានជាសមរង្ស៊ីងាកមកលួងលោមកងកម្លាំងប្រដាបអាវុធវីញម្តងដោយប្រើភាសាចាស់គំរឹលដែលខ្លួនធ្លាប់ប្រើរយៈពេលជាងពីរទសវត្សរ៍មកហើយរហូតធ្វើឲ្យពលរដ្ឋខ្មែរជ្រិញស្រគៀរ

    ត្រចៀកលែងចង់ស្តាប់តទៅទៀតព្រោះបើស្តាប់ទៅគឺសេចក្តីអំពាវនាវរបស់សមរង្ស៊ីមិនខុសពីសំឡេងភ្លេងខ្លងខែកដែលកំពុងជូនដំណើរអ្នកនយោបាយរូបនេះដែលមានអាយុ៧០ឆ្នាំហើយនោះទៅកាន់

    ទីអវសាននោះឡើយ។

    ទី៣៖ខ្ញុំយល់ថាលោកសមរង្ស៊ីកំពុងតែលួចកម្មសិទ្ធបញ្ញារបស់លោកហ៊ុនសែនហើយ~ Sam Rainsy is stealing the Intellectual Property Rights of Mr. Hun Sen ព្រោះគាត់កំពុងតែលួចចម្លងគោលគំនិតនយោបាយឈ្នះៗរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនយកមកប្រើដោយ

    សន្យារក្សាតួនាទីបុណ្យស័ក្តិ

    ទ្រព្យសម្បត្តិជាដើម។សមរង្ស៊ីក៍ថែមទាំងបានលួងលោមកងកម្លាំងប្រដាប់អាវុធដោយសន្យាតម្លើងស័ក្តិនិងប្រាក់ខែដល់ពួកគេថែមទៀត។ប៉ុន្តែសមរង្ស៊ីដូចជាភ្លេចគិតថានយោបាយឈ្នះៗដែលលោកហ៊ុនសែនបានប្រើដោយជោគជ័យដើម្បីបញ្ចប់សង្គ្រាមនៅកម្ពុជានោះគឺជានយោបាយដែលកើតចេញពីបញ្ញាញាណផ្ទាល់របស់លោកហ៊ុនសែននិងវាបានកើតឡើងក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងតែមានសង្គ្រាមដែលសូម្បីតែអ៊ុនតាក់ក៍បរាជ័យដែរ។ហើយក៍មានតែលោកហ៊ុនសែនម្នាក់គត់ដែលមានគំនិតផ្តួចផ្តើមនិងបញ្ញាវាងវៃក្នុងការបញ្ចប់សង្គ្រាមដោយមិនធ្វើសង្គ្រាមតាមរយៈនយោបាយឈ្នះៗ។

    ប៉ុន្តែបច្ចុប្បន្នប្រទេសជាតិកំពុងស្ថិតក្នុងសុខសន្តិភាពនិងការ

    អភិវឌ្ឍន៍ដែលពលរដ្ឋខ្មែរគ្រប់គ្នាទាំងស៊ីវិលនិងកម្លាំងប្រដាប់អាវុធកំពុងសប្បាយរីករាយនឹងសមិទ្ធផលដែលពួកគេទទួលបាន។ដូច្នេះតើខ្មែរណាទៅស្តាប់និងធ្វើតាមការអំពាវនាវដែលនាំប្រទេសជាតិទៅរកភាពវឹកវរតាមសមរង្ស៊ីចង់បាននោះ? សមរង្ស៊ីកំពុងលួចកម្មសិទ្ធបញ្ញា~ Intellectual Property Rights ~ របស់លោកហ៊ុនសែនទៅប្រើដោយខុស

    កាលៈទេសៈទាំងស្រុងហើយ។ខ្ញុំហ៊ានថាខុសត្រង់លោកហ៊ុនសែនបានប្រើនយោបាយឈ្នះៗដើម្បីបញ្ចប់សង្គ្រាមរីឯសមរង្ស៊ីកំពុងលួចគំនិតនយោបាយឈ្នះៗទៅប្រើដើម្បីបង្កសង្គ្រាមទៅវិញ។

    ទី៤៖ដោយហេតុថាសមរង្ស៊ីមានខួរក្បាលដឹតដាមដោយចលនាបដិវត្តន៍ពណ៌និងបានប៉ុនប៉ងចម្លងបដិវត្តន៍ពណ៌មក

    អនុវត្តន៍នៅកម្ពុជាជាច្រើនលើកតែត្រូវទទួលបរាជ័យគ្រប់ពេល។ទោះយ៉ាងណាគំនិតបដិវត្តន៍ពណ៌នេះនៅមិនទាន់ចប់នៅឡើយទេ។ហេតុដូច្នេះហើយបានជាសមរង្ស៊ីបានលើកឧទាហរណ៍ចំៗដែលខ្លួនបានចម្លងមកធ្វើជាគំរូដូចជានៅប្រទេសទុយនេស៊ីលីប៊ីអេហ្ស៊ីបជាដើម។នេះសបញ្ជាក់ច្បាស់ណាស់ថាសមរង្ស៊ីគឺជាមេចលនាបដិវត្តន៍ពណ៌ចំតួទោះកន្លងទៅខ្លួនបានបដិសេធក៏ដោយតែពេលនេះបានធ្លោយចេញមកសារភាពដោយចំហតែម្តង។

    ទី៥៖សមរង្ស៊ីសន្យាផ្តល់បុណ្យស័ក្តិប្រាក់ខែដល់កម្លាំងប្រដាប់អាវុធតែសមរង្ស៊ីភ្លេចគិតថាបុណ្យស័ក្តិនិងប្រាក់ខែដែលគាត់និយាយជាបុណ្យស័ក្តិនិងប្រាក់ខែខ្យល់។ដូច្នេះគ្មានអ្នកណាគេឆោតល្ងង់ទៅចាក់អង្ករចោលដូរយកអង្កាមនោះឡើយ។ម្យ៉ាងទៀតបើសមរង្ស៊ីចង់ផ្តល់បុណ្យស័ក្តិនិងលុយកាក់គួរតែផ្តល់ជូនមន្ត្រីសកម្មជនរបស់ខ្លួនទៅ។ប៉ុន្តែមួយជីវិតនយោបាយរបស់ខ្លួនខ្ញុំមិនដែលឃើញនិងលឺសមរង្ស៊ីធ្លាប់បានផ្តល់ប្រយោជន៍ដល់អ្នកណាម្តងនោះទេ? គឺគ្មានទាល់តែសោះក្រៅតែពីខ្លួនឯងក្រុមគ្រួសាររបស់ខ្លួននិងមនុស្សជិតស្និទ្ធប៉ុន្មាននាក់។ផ្ទុយទៅវិញអ្វីដែលយើងបានលឺនិងឃើញច្បាស់នោះគឺ

    អ្នកនយោបាយរូបនេះមានតែដើរបោកប្រាស់កេងចំណេញពីប្រជាពលរដ្ឋនិងសកម្មជនរបស់ខ្លួនដោយយកពួកគេធ្វើជាឈ្នាន់នយោបាយតែប៉ុណ្ណោះ។មើលចុះលទ្ធផលសម្រាប់អ្នកស្មោះស្ម័គ្រដង្ហែតាមសមរង្ស៊ីគឺទីបំផុតអ្នកខ្លះធ្លាក់ខ្លួនកាន់តែក្រអ្នកខ្លះរត់ចោលស្រុកចោលប្រពន្ធកូននិងអ្នកខ្លះទៀតជាប់គុកដោយសារតែជឿលើការអុជអាលញុះញង់របស់សមរង្ស៊ីហើយប្រព្រឹត្តអំពើខុសច្បាប់។

    ដូច្នេះតើសមរង្ស៊ីមានបុណ្យស័ក្តិ  លុយកាក់ឯណាមកសន្យាផ្តល់ឲ្យគេបើខ្លួនគាត់កំពុងរត់គេចពីសំណាញ់ច្បាប់ផងហើយក៍រស់ដោយសារតែនយោបាយបោកយកស្រោមសំបុត្រពីខ្មែរនៅក្រៅស្រុកបែបនេះ?

    ផ្ទុយទៅវិញបើយើងក្រឡេកមើលថយក្រោយគឺលោកហ៊ុនសែននេះហើយដែលជាអ្នកបង្កើតកម្លាំងប្រដាប់អាវុធសព្វថ្ងៃនេះឡើងនិងបានថែទាំពួកគេជារៀងរហូតមកក្នុងគ្រប់កាលៈទេសៈ។នេះហើយជាហេតុផលដែលធ្វើឲ្យកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគោរពស្រឡាញ់និងស្មោះស្ម័គ្របំផុតជាមួយលោកហ៊ុនសែន។ហើយនេះជាចំណុចខ្លាំងរបស់លោកហ៊ុនសែនជាមួយកម្លាំងប្រដាប់អាវុធដែលសមរង្ស៊ីមិនគួរដេកស្រមៃទាំងកណ្តាលថ្ងៃថាអាចបំបែកកម្លាំងប្រដាប់អាវុធបានឲ្យសោះ។

    សរុបទៅខ្ញុំយល់ថាសំឡេងអំពាវនាវរបស់សមរង្ស៊ីគឺជា

    សំឡេងខ្លងខែកហែកលោកដែលត្រៀមដង្ហែជីវិតនយោបាយសមរង្ស៊ីទៅរកទី

    បញ្ចប់ជាស្ថាពរតែប៉ុណ្ណោះហើយក៍ជាជាសំឡេងអំពាវនាវក្នុងគ្រាអស់សង្ឃឹមទាល់ច្រកនិងវង្វេងស្មារតីដោយសារតែជាប់កុននឹងពាក្យសន្យាខ្សល់របស់ខ្លួនដ៍ច្រើនលើសលប់ពេក។នេះហើយជាប្រភេទមនុស្ស«ភូតច្រើនចាញ់អាត្មា»ហើយពេលនេះដោយសារតែពាក្យភូរភររបស់ខ្លួនតាមលងសមរង្ស៊ីកំពុងតប់ប្រមល់មិនដឹងថាត្រូវដោះស្រាយយ៉ាងណា? បើហ៊ានអើតក្បាលមកកម្ពុជាច្បាស់ជាត្រូវគេចាប់ញាត់គុក។បើមិនមកច្បាស់ជាត្រូវអ្នកគាំទ្រជេរប្រទិចថាកំសាក។ដូច្នេះមានតែការអំពាវនាវផ្សងព្រេងតែ

    ប៉ុណ្ណោះដើម្បីអូសក្រឡាហើយពេលនេះអ្វីដែលច្បាស់លាស់

    បំផុតគឺកងកម្លាំងប្រដាបអាវុធគ្រប់ប្រភេទកំពុងត្រៀមរង់ចាំ

    អនុវត្តយ៉ាងហ្មឺម៉ាត់បំផុតនូវធម៍ក្តៅចំពោះសមរង្ស៊ីគឺរង់ចាំនាំខ្លួនទៅញាត់គុកតាមសាលដីការតុលាការដើម្បីការពារសណ្តាប់ធ្នាប់សង្គមការពារសន្តិសុខជាតិនិងភាពសុខសាន្តរបស់ប្រជាជន៕

    ដោយអ្នកតាមដាននយោបាយតុកាហ្វេ