ខ្មែរប៉ុស្ដិ៍ Close

    អាជ្ញាធរជាតិអប្សរា និងសាលាវេស្ទើនអន្តរជាតិសាខាខេត្តសៀមរាប រួមគ្នាដាំដើមឈើនៅបរិវេណប្រាសាទព្រះគោ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1961
    អាជ្ញាធរជាតិអប្សរា និងសាលាវេស្ទើនអន្តរជាតិសាខាខេត្តសៀមរាប រួមគ្នាដាំដើមឈើនៅបរិវេណប្រាសាទព្រះគោអាជ្ញាធរជាតិអប្សរា និងសាលាវេស្ទើនអន្តរជាតិសាខាខេត្តសៀមរាប រួមគ្នាដាំដើមឈើនៅបរិវេណប្រាសាទព្រះគោ

    ក្នុងបំណងបំផុសគំនិតសិស្សានុសិស្ស និងដាស់ស្មារតីមហាជនឱ្យចូលរួមដាំនិងថែរក្សាដើមឈើឡើងវិញ ជៀសវាងការបំផ្លិចបំផ្លាញព្រៃក្នុងតំបន់អង្គរដែលជាជម្រកដ៏សំខាន់សម្រាប់របាំងការពារបុរាណដ្ឋានពីហានិភ័យនៃគ្រោះធម្មជាតិផ្សេងៗ ដើមឈើចំនួន២០០០ដើមត្រូវបានដាំឡើងវិញនៅក្នុងបរិវេណព្រៃប្រាសាទព្រះគោ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីអាជ្ញាធរជាតិអប្សរា ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សនៃសាលាវេស្ទើនអន្តរជាតិសាខាខេត្តសៀមរាបប្រមាណ១៦០អង្គ/នាក់។

    អញ្ជើញចូលរួមក្នុងនាមអាជ្ញាធរជាតិអប្សរាលោក យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា នេះជាលើកទីបីហើយសម្រាប់ឆ្នាំ២០១៩ ដែលកម្លាំងមហាជនបានចូលរួមដាំកូនឈើនៅតំបន់អង្គរ។ អាជ្ញាធរជាតិអប្សរា មានគម្រោងដាំដើមឈើចំនួន ៤០០០០ដើមនៅរដូវវស្សាឆ្នាំនេះ ព្រោះវាជួយទាក់ទាញទឹកភ្លៀង ការពារទឹកជំនន់ ការពារខ្យល់ព្រុះ ទាក់ទាញទេសចរ ពិសេសបំផុត វាជាផ្នែកមួយនៃទេសភាពវប្បធម៌លម្អប្រាសាទ ហើយជួយស្រូបកម្តៅ កុំឱ្យថ្មប្រាសាទឆាប់ពុកផុយ។

    លោក ក៏បានថ្លែងអំណរគុណដល់សាលាវេស្ទើនអន្តរជាតិដែលបានចូលរួមយ៉ាងសកម្មនៅថ្ងៃនេះ ពិសេសក៏សូមអំពាវនាវដល់សាធារណជនទាំងអស់ចូលរួមឱ្យបានច្រើនកុះករក្នុងការដាំដើមឈើក្នុងតំបន់អង្គរដើម្បីបង្កើតភាពបៃតង ជម្រកសត្វ ការពារប្រាសាទ ក៏ដូចជាបង្ហាញពីសាមគ្គី យកចិត្តទុកដាក់ ស្រលាញ់ថែរក្សាព្រៃឈើដែលជាតម្រូវការមនុស្សសត្វនៅលើផែនដី។

    នាយកសាលាវេស្ទើនសាខាខេត្តសៀមរាប លោក រ័ត្ន រស្មី បានសម្តែងអំពីមោទនភាពដែលសាលាវេស្ទើនបាននាំសិស្សមកចូលរួមដាំដើមឈើទ្រង់ទ្រាយធំជាមួយអាជ្ញាធរជាតិអប្សរាក្នុងតំបន់បេតិកភណ្ឌពិភពលោក។ តាមរយៈសកម្មភាពនេះវានឹងក្លាយការចងចាំមួយដ៏ល្អសម្រាប់សិស្សានុសិស្សនិងបណ្តុះគំនិតឱ្យពួកគេដក់ជាប់នូវអារម្មណ៍ស្រឡាញ់ធម្មជាតិនិងចូលរួមការពារបរិស្ថាន។ សាលាវេស្ទើនសាខាខេត្តសៀមរាប ក៏ប្តេជ្ញានឹងចូលរួមជានិច្ចនូវសកម្មភាពដ៏ល្អនេះជាបន្តបន្ទាប់ទៀតឱ្យកាន់តែច្រើនជាមួយអាជ្ញាធរជាតិអប្សរាពេលមានវេលាសមស្រប។

    យុវសិស្សថ្នាក់ទី៧ ភុំ សេរីស័ក្ខណា ក្នុងស្ថានភាពបែកញើសជោកខ្លួន ដៃប្រឡាក់ដី បានលើកឡើងថា «ខ្ញុំអត់ហត់ទេ ដាំដើមឈើសប្បាយ ព្រោះបានរួមចំណែកបង្កើនភាពបៃតងដល់តំបន់បេតិកភណ្ឌ។ ដើមឈើផលិតអុកស៊ីសែនផង ជាជម្រកសត្វផង ធ្វើឱ្យបរិស្ថានក៏ស្អាត។ ដូច្នេះ សូមឱ្យមហាជនទាំងអស់ចូលរួមដាំឱ្យបានគ្រប់ៗគ្នានិងរួមគ្នាថែរក្សា ដើម្បីដើមឈើមានប្រយោជន៍ច្រើនសម្រាប់ការរស់នៅ ចៀសវាងការកាប់បំផ្លាញ»។

    បន្ថែមពីនោះ យុវសិស្សថ្នាក់ទី១២ ម៉ៅ ឡាន បានលើកឡើងថា «ខ្ញុំសប្បាយចិត្តនៅពេលបានធ្វើការងារសង្គម វាជាផ្នែកមួយជួយឱ្យព្រៃឈើក្នុងប្រទេសយើងមានច្រើន ពេញដោយភាពបៃតង ហើយបរិស្ថានស្អាតជានិច្ច។ បើមានឱកាសលើកក្រោយទៀត ខ្ញុំនឹងចូលរួមជាបន្តមិនថាជាមួយអាជ្ញាធរជាតិអប្សរាឬកន្លែងណានោះទេ»៕