ខ្មែរប៉ុស្ដិ៍ Close

តុលាការចេញដីកាកោះ លោក សម រង្ស៉ី ឱ្យចូលបំភ្លឺនៅថ្ងៃ៣១ កក្កដា នេះ តបតាមបណ្តឹង ឧបនាយករដ្ឋមន្រ្តី ស ខេង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 4259

បន្ទាប់ពីកោះអញ្ជើញមេធាវី៣នាក់ ឱ្យចូលបំភ្លឺក្នុងនាមដើមបណ្តឹង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាមួយទៀត កោះហៅទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ ឱ្យបំភ្លឺនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ តបតាមបណ្តឹងរបស់ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានប្តឹង លោក សម រង្ស៉ី អំពីបទញុះញង់។

ដីកានេះចេញដោយ លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយកោះហៅ លោក សម រង្ស៉ី ឱ្យចូលបំភ្លឺ នៅម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ខណៈដែលទណ្ឌិតរូបនេះ កំពុងរត់គេចខ្លួនទៅក្រៅប្រទេសនៅឡើយ។

សូមបញ្ជាក់ថា ក្រុមមេធាវីលោកឧបនាយករដ្ឋមន្រ្តី ស ខេង កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ បានដាក់ពាក្យបណ្តឹងមួយទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស អំពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ក្នុងពាក្យបណ្តឹងនេះ លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានទាមទារឱ្យតុលាការ ចាត់ការលោកសម រង្ស៉ី ទៅតាមផ្លូវច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត និងទាមទារសំណងជំងឺចិត្តចំនួន៤ពាន់លានរៀល ប្រហាក់ប្រហែលនឹង១លានដុល្លារអាមេរិក ចំពោះការញុះញង់របស់ លោក សម រង្ស៉ី។

ពាក្យបណ្តឹងនេះ ធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី បានបង្ហោះសារលាបពណ៌ បំភ្លៃការពិត អំពីរឿងមរណភាពរបស់ លោក ហុក ឡង់ឌី។ លោក សម រង្ស៉ី បានមួលបង្កាច់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកសម្លាប់លោក ហុក ឡង់ឌី ហើយភូតទៀតថាពេលនេះ លោក ឌី វិជ្ជា ដែលជាកូនប្រុសរបស់ លោក ហុក ឡង់ឌី កំពុងរៀបចំផែនការសងសឹក ដោយមានការគាំទ្រពីលោកឧបនាយករដ្ឋមន្រ្តី ស ខេង។

លោកឧបនាយករដ្ឋមន្រ្តី ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ការដាក់ពាក្យប្តឹង លោក សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយម ទៅតុលាការនាថ្មីៗនេះ គឺជាបណ្តឹងលើកដំបូងរបស់លោកឧបនាយករដ្ឋមន្រ្តី ក្នុងមួយឆាកជីវិតនេះ។

លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៉ីនេះ គឺជាការដាស់តឿនស្មារតីដល់អ្នកនយោបាយមួយចំនួន ឲ្យប្រកាន់ខ្ជាប់នូវ សេចក្តីថ្លៃថ្នូរ សីលធម៌ និងគុណធម៌ក្នុងវិជ្ជាជីវៈ ចៀសវាងការប្រឌិតព័ត៌មាន ដើម្បីញុះញង់បំផុសបំផុល ក្នុងចេតនាទុច្ចរិតមួលបង្កាច់ និងបំបែកបំបាក់ ដើម្បីបំពេញគោលបំណង និងមហិច្ឆិតាអគតិរបស់ខ្លួន និងក្រុមខ្លួន៕

អត្ថបទទាក់ទង