ខ្មែរប៉ុស្ដិ៍ Close

    ៤ចំណុចសំខាន់ៗ ក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពគម្រោងជួលជុលកែមល្អ ផ្លូវ ២២ខ្សែ ក្នុងក្រុងព្រះសីហនុ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1238
    ៤ចំណុចសំខាន់ៗ ក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពគម្រោងជួលជុលកែមល្អ ផ្លូវ ២២ខ្សែ ក្នុងក្រុងព្រះសីហនុ៤ចំណុចសំខាន់ៗ ក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពគម្រោងជួលជុលកែមល្អ ផ្លូវ ២២ខ្សែ ក្នុងក្រុងព្រះសីហនុ

    លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំស្តីពីគម្រោងវឌ្ឍនភាពជួសជុលផ្លូវ ២២ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីមន្ទីរ អង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេស នៅសាលប្រជុំសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃ ទី១០ ខែកក្កដា ឆ្នាំ២០១៩។

    បទបង្ហាញនៃវឌ្ឍនភាពគម្រោង កែលម្អផ្លូវ ២២ខ្សែ ក្នុងក្រុងព្រះសីហនុ ក្នុងនោះបង្ហាញ ឱ្យឃើញរួមមាន៖
    ១. គម្រោងអនុវត្តប្រើប្រាស់ថវិកាក្រសួងសាធារណការ និងដឹកជញ្ជូន
    ២. ផែនការគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរទេសចរណ៍នាគរាជ
    ៣. ផែនការស្តាបនាផ្លូវក្នុងតំបន់អភិវឌ្ឍន៍ក្នុងកំពង់ផែឧកញ៉ាម៉ុង
    ៤. គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ជាការងារអទិភាព ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២។

    គួរបញ្ជាក់ថា ក្រសួង នឹងប្រើប្រាស់ថវិកាជាតិជួសជុលផ្លូវចំនួន ៣កំណាត់។ ក្រសួងក៏មានគម្រោងប្រើប្រាស់ឥណទានថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិជួសជុលផ្លូវក្នុងក្រុងចំនួន ១២ខ្សែ ក្នុងនោះមានផ្លូវចំនួន ៦ខ្សែ គ្រោងនឹងប្រើប្រាស់ថវិកាដែលបានមកពីសំណងបណ្តាក្រុមហ៊ុន ឬវិនិយោគដែលធ្វើឱ្យផ្លូវខូចខាតក្នុងក្រុងព្រះសីហនុ ដោយសារការដឹកជញ្ជូនសំភារៈផ្សេងៗបំរើការក្នុងការសាងសង់អាគារប្រកបអាជីវកម្មធំៗតាមផ្លូវ ផ្វើឱ្យខូចខាតផ្លូវក្នុងខេត្ត។

    កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏មានគម្រោងប្រើប្រាស់ថវិកាផ្ទាល់របស់កំពង់ផែទទួលបន្ទុក (Overlay) ផ្លូវលេខ៧០០។ សរុបជារួមគម្រោងផ្លូវដែលត្រូវជួសជុលទាំង១២ខ្សែ មានផ្លូវលេខ ១០០ , ៨១៤ , ៨១៨ , ១០៣ ,១៤៣ ,៧០១ ,១០៨៣ ,២០៩ ,៨២៣ ,៨២៧ ,៨២១ , ៨២៥ ដែលមានតម្រូវការថវិកា ២៥.២៨៨លានរៀល។ ដោយឡែកគម្រោងឥណទានថ្នាក់ក្រោមជាតិក្នុងការជួសជុលផ្លូវទាំង ១២ខ្សែក្នុងក្រុង បានបើកដំណើរការការដ្ឋានជួលជុលផ្លូវចំនួន ៦ខ្សែរួចមកហើយ រីឯ៦ខ្សែផ្សេងទៀត រដ្ឋបាលខេត្តកំពុងមានការខ្វះខាតថវិកា រង់ចាំប្រើប្រាស់គម្រោងថវិកាក្នុងឆ្នាំ២០២០ ។

    លោក គួច ចំរើន បានថ្លែងអំណរគុណដល់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានជួយពន្លឿនគម្រោងប្រើប្រាស់ឥណទានថ្នាក់ក្រោមជាតិ ក្នុងការជួសជុលកំណាត់ផ្លូវ ១២ខ្សែ ក្នុងក្រុងព្រះសីហនុឡើងវិញ ដើម្បីជួយសម្រួលចរាចរណ៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ និងកែលម្អសោភ័ណភាព និងបរិស្ថាន ។

    លោកបានជំរុញឱ្យក្រុមការងារជំនាញ ពិនិត្យមើលលទ្ធភាពក្នុងការកៀរគរ ឬខ្ចីប្រភពថវិកាផ្សេងៗដើម្បីយកមកស្ថាបនា ជួសជុលកំណាត់ផ្លូវ ៦ខ្សែ ដែលខ្វះប្រភពថវិកា ដែលជាឥណទានថវិកាថ្នាក់ក្រោមជាតិ និងកែលម្អផ្លូវផ្សេងៗទៀតក្នុងក្រុងព្រះសីហនុ ដើម្បីត្រៀមរៀបចំព្រឹត្តិការសំខាន់ៗនៅពេលខាងមុខមានដូចជា បុណ្យសមុទ្រនៅឆ្នាំ២០២០ និងរៀបចំកិច្ចប្រជុំអាស៊ាននៅឆ្នាំ ២០២២ខាងមុខ៕

    អត្ថបទទាក់ទង