ខ្មែរប៉ុស្ដិ៍ Close

    ប្លុក​អាស៊ាន​ប្រើ​រថយន្ត​ថ្មី​អស់​ហើយ នៅ​សល់​តែ​​​មីយ៉ាន់ម៉ា និង​កម្ពុជា​​ នៅ​បើក​ចំហ​​​រថយន្ត​ជជុះ​ធំ​ជាង​គេ​​

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1886
    ប្លុក​អាស៊ាន​ប្រើ​រថយន្ត​ថ្មី​អស់​ហើយ នៅ​សល់​តែ​​​មីយ៉ាន់ម៉ា និង​កម្ពុជា​​ នៅ​បើក​ចំហ​​​រថយន្ត​ជជុះ​ធំ​ជាង​គេ​​ប្លុក​អាស៊ាន​ប្រើ​រថយន្ត​ថ្មី​អស់​ហើយ នៅ​សល់​តែ​​​មីយ៉ាន់ម៉ា និង​កម្ពុជា​​ នៅ​បើក​ចំហ​​​រថយន្ត​ជជុះ​ធំ​ជាង​គេ​​

    ដោយ​កត្តា​ជីវភាព​ខ្សត់ខ្សោយ ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ អាស៊ាន បាន​រុញ​ច្រាន​​ឲ្យ​ទីផ្សារ​ប្រទេស “កម្ពុជា” បើក​ចំហ​ធំ ឲ្យ​រថយន្ត​ចាស់ៗដែល​គេ​ប្រើ​រួច​ជាង​ដប់ឆ្នាំ (ភាគច្រើន) ហូរ​ចូល​យ៉ាង​គគ្រឹកគគ្រេង រហូត​រាប់​ម៉ឺន​គ្រឿង មួយ​ឆ្នាំៗ ខណៈ​បណ្ដា​ប្រទេស​ជា​មិត្ត​ដទៃ​ទៀត វិវត្តន៍​ខ្លួន រឹតត្បិត​ការ​នាំ​ចូល​មួយ​ទឹក ឬ​ប្រើប្រាស់​រថយន្ត​ថ្មី​អស់​ទៅ​ហើយ។ ក្រៅ​ពី​កម្ពុជា នៅ​មាន មីយ៉ាន់ម៉ា មួយ​ទៀត ក៏​សកម្ម​ក្នុង​ការ​បង្ហូរ រថយន្ត​អេតចាយ​ ផ្គត់ផ្គង់​តម្រូវ​ការ​ដែរ។ ខាង​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អះអាង​ថា ចំណូល​ ៤០% បាន​ពី​ការ​នាំ​ចូល​យានយន្ត​នេះ​ឯង ដោយ​ក្នុង​មួយ​ឆ្នាំ កម្ពុជា​នាំ​ចូល​រថយន្ត​សរុប ចន្លោះ​ពី ៦-៧ម៉ឺន​គ្រឿង ហើយ ក្បែរ ៥ម៉ឺន​គ្រឿង ជា​ប្រភេទ​ទំនិញ​ជជុះ។

    ទោះ​បី​ជា​រថយន្ត​មួយ​ទឹក ត្រូវ​ប៉ាន់​ខ្លាំង​លើ​ទីផ្សារ ក៏​ធ្លាប់​មាន​ការ​ទទូច និង​ស្នើ​សុំ​រឹត​បន្តឹង ការ​នាំ​ចូល​ពី​បណ្ដា​ស្ថាប័ន​ ពី​បណ្ដា​ក្រុមហ៊ុន ចែកចាយ​រថយន្ត​ថ្មីៗ​មួយ​ចំនួន ត្បិត​ចំណែក​ទីផ្សារ​របស់​រថយន្ត​ចម្រុះ​យីហោ ទាំង​នេះ បាន​មិន​លើស ១០% ផង ក្រោម​ហេតុផល​កត្តា​សុវត្ថិភាព ដល់​អ្នក​ប្រើប្រាស់។ ដោយ​មើល​ឃើញ​ពី តួលេខ​ហូរ​ចូល​រាប់​ម៉ឺន​គ្រឿង​មួយ​ឆ្នាំៗ​មិន​អន់​ថយ អតីត​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល តែ​ត្រូវ​បាន​បដិសេធ ក្រោម​ហេតុផល​ ជួយ​ទប់​ស្កាត់​ការ​កក​ស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង បូករួម​ទាំង​មតិ រិះគន់​ឥត​ដាច់​ពី​មហាជន។

    មុន​លំអិត រឿង​រថយន្ត​មួយ​ទឹក​នៅ​ទីផ្សារ​ យើង​អាច​ក្រឡេក​ត្រួសៗ នៅ​​មីយ៉ាន់ម៉ា​ក៏​ពេញ​និយម​​ប្រើ​រថយន្ត​ជជុះ​ដែរ។ ក្នុង​ប្រទេស​ទាំង​ពីរ​ រថយន្ត​ថ្មី​​សឹង​មិន​មាន​ដល់​ ១០% នៃ​ចំនួន​លក់​សរុប​នៅ​ឆ្នាំ​ ២០១៦ ដោយ​​ឆ្នាំ​ដដែល​នេះ​ប្រទេស​មីយ៉ាន់ម៉ា​​បាន​នាំ​ចូល​​រថយន្ត​​មួយ​ទឹក​ជាង​ ១២ម៉ឺន គ្រឿង​ភាគ​ច្រើន​មាន​ប្រភព​ពី​ប្រទេស​ជប៉ុន។ ដោយ​ឡែក ​នៅ​ឆ្នាំ​ ២០១៥ កម្ពុជា មាន​រថយន្ត​សរុប​ប្រមាណ​ ៤៣ ០០០ គ្រឿង​បាន​នាំ​ចូល​មក​កម្ពុជា​ ដោយ​មាន​ ៨៩% ជា​រថយន្ត​មួយ​ទឹក។​ Toyota Camry និង​ពពួក​ Lexus SUV ជា​ប្រភេទ​រថយន្ត​​ត្រូវ​ប៉ាន់ និង​ពេញ​និយម​បំផុត​សម្រាប់​អ្នក​រស់​នៅ​ទីក្រុង។ ប្រភព​រថយន្ត​មួយ​ទឹក​ប្រើប្រាស់​ចង្កូត​ឆ្វេង ​ភាគ​ច្រើន​នាំ​ចូល​ពី​សហរដ្ឋអាមេរិក, ជប៉ុន​ និង​មជ្ឈិមបូព៌ា។ យ៉ាង​ណា​ក៏​ដោយ​ចុះ ​សហព័ន្ធ​យានយន្ត​អាស៊ាន មិន​មាន​ទិន្នន័យ ៣ប្រទេស (កម្ពុជា មីយ៉ាន់ម៉ា ឡាវ) ទេ​ព្រោះ​សុទ្ធ​ជា​ប្រទេស​មិន​និយម​ប្រើប្រាស់​របស់​ថ្មី។ ៧ប្រទេស​ផ្សេង​ទៀត ដែល​ស្ថិត​ក្នុង​ដ្យាក្រាម ​ចន្លោះ​ឆ្នាំ ២០១៤-២០១៦។

    របាយការណ៍​របស់​អង្គការ​រូបិយប័ណ្ណ​អន្តរជាតិ (IMF) ក្នុង​ឆ្នាំ ២០១៦ ចំណូល​របស់​ប្រជា​ជន​កម្ពុជា​ម្នាក់​ទទួល​បាន​ ១ ២៨៨ ដុល្លារ​ក្នុង​មួយ​ឆ្នាំ ធៀប​ទៅ​នឹង​ចំណូល​ប្រទេស​ជា​សមាជិក​អាស៊ាន គឺ​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ក្រោម​ប្រទេស​ឡាវ (១ ៩២១ដុល្លា) និង​មីយ៉ាន់ម៉ា ​(១ ៣០៧ដុល្លារ)។ តួលេខ​លទ្ធភាព​រក​បាន​ប៉ុណ្ណេះ ចង់​ឬ​មិន​ចង់ តម្លៃ​រថយន្ត​ថ្មី ច្រើន​ម៉ឺន​ដុល្លារ ត្រូវ​តែ​នៅ​ឆ្ងាយ​ពី​ការ​ប៉ងប្រាថ្នា​របស់​ម្ចាស់​ចំណូល ព្រោះ​ពួក​គេ​មាន​ជម្រើស រើស​យក​យានយន្ត​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង (រថយន្ត​ថ្មី) មិន​តិច​ជាង​ ២ ឬ ៣ ដង​ទេ។

    មាន​ទំនោរ​លើក​ស្ទួយ​ការ​ប្រើប្រាស់​រថយន្ត​ថ្មី និង​បង្ហាញ​ក្ដី​បារម្ភ​ជះឥទ្ធិពល​មិន​ល្អ ដល់​កិត្តិនាម​ជាតិ​ទៅ​ថ្ងៃ​ក្រោយ (ដោយ​ប្រើប្រាស់​រថយន្ត មួយ​ទឹក​ហួស​ប្រមាណ ខណៈ​បណ្ដា​ប្រទេស​ជិត​ខាង​ភាគ​ច្រើន សុទ្ធ​តែ​ចាក់​សោ​ទ្វារ​នាំ​ចូល)​ អស់​ទៅ​ហើយ​នោះ លោក សេង វឹង អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន RMA ថា បើ​បន្ទោស​លើ​កម្រិត​ជីវភាព​មួយ​មុខ​ក៏​មិន​កើត​ដែរ GDP ប្រជាជន​ឡាវ​ក៏​មិន​ល្អ​ជាង​កម្ពុជា​ណាស់​ណា​ដែរ ប៉ុន្តែ​គេ​អាច​បិទ​បាន​ទាំង​ស្រុង​លើ​ការ​នាំ​ចូល​ឡាន​មួយ​ទឹក ហើយ​ពលរដ្ឋ​ក៏​ចាប់ផ្ដើម​ទៅ​ប្រើប្រាស់​រថយន្ត​ថ្មី​វិញ។

    ប្រទេស​ឡាវ​បាន​ចាប់ផ្ដើម​កាត់​បន្ថយ​ពន្ធ​នាំចូល​ផលិតផល​ទំនិញ​មួយ​ចំនួន រួម​ទាំង​យានយន្ត​ពី​ឆ្នាំ ២០០៨ ដល់​សូន្យ​ភាគរយ។ កាល​ពី​មុន​ពន្ធ​នាំចូល​រថយន្ត​ប្រទេស​នេះ​មាន​ចំនួន ៤០ ភាគរយ។

    តាម​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Nation របស់​ថៃ​បាន​ផ្សាយ​ថា ការ​លក់​រថយន្ត​ថ្មី​ នៅ​ឡាវ​កើន​ឡើង​រង្វង់ ១០% ចាប់​តាំង​ពី​ឆ្នាំ ២០១៣ ដោយសារ​កម្រិត GDP ប្រជាជន​ឡាវ​កើន​ឡើង ដែល​ធ្វើ​ឲ្យ​អំណាច​ទិញ​របស់​ពលរដ្ឋ​កាន់​តែ​ខ្ពស់ បូក​ផ្សំ​និង​មធ្យោបាយ សេវា​បង់​រំលស់​ក្នុង​អត្រា​ការ​ប្រាក់​ទាប និង​ពេល​ខ្លះ​គ្មាន​ការ​ប្រាក់ និង​កត្តា​អំណោយផល​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​គេ ទើប​ជំរុញ​ឲ្យ​ការ​លក់​រថយន្ត​ថ្មី កាន់​តែ​ផុលផុស​ឡើងៗ។

    ជុំវិញ​សំណួរ​តើ​គួរ​បិទ ការ​នាំ​ចូល​រថយន្ត​មួយ​ទឹក​ឬ​អត់?

    ទោះបី​ជា​ធ្លាប់​ការ​មាន​ការ​ទទូច​ឲ្យ​មាន​ការ​ចាក់​សោ​ទ្វា​ ហាមប្រាម​ការ​នាំ​ចូល​រថយន្ត​អេតចាយ គ្មាន​ស្តង់ដារ ចូល​ទីផ្សារ​កម្ពុជា​ កាល​ពី​ដើម​ឆ្នាំ ២០១៦។ កាល​ណោះ អតីត​ចៅហ្វាយ​ក្រុង​ភ្នំពេញ ប៉ា សុជាតិវង្ស បាន​លើក​ជា​សំណើ និង​គាំទ្រ ឲ្យ​បិទ​ការ​នាំ​ចូល​ទាំង​ស្រុង ក្រោម​ហេតុផល “កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី”។ គ្រា​នោះ​អតីត​ថ្នាក់​ដឹកនាំ​សាលារាជធានី​រូប​នេះ ថ្លែង​ជា​សាធារណៈ​ថា “មួយ​ឆ្នាំៗ រថយន្ត​ជជុះ ហូរ​ចូល​ប្រមាណ ៥ម៉ឺន​គ្រឿង​មួយ​ឆ្នាំៗ…បើ​បិទ​បាន ពិត​ជា​ជួយ​សង្គ្រោះ​ការ​កក​ស្ទះ​តាម​ផ្លូវ​នានា បាន​ច្រើន”។ លោក​បន្ថែម​ថា គិត​តែ​លើ​ការ​កក​ស្ទះ (បញ្ឆេះ​រថយន្ត​ចោល) មួយ​ឆ្នាំៗ ខាត​បង់​ អស់​មិន​តិច​ជាង ២០លាន​ដុល្លារ​ទេ។

    ការ​បញ្ជា​ទិញ ចែកចាយ​លក់​បន្ត​តាំង​ពី​ដី​បរទេស (អាមេរិក-ជប៉ុន) និង​ប្រភព​ទីផ្សារ​ដែល​សម្បូរហូរហៀរ​ចូល​ដល់​ ហ្គារាស បញ្ឈរ​លក់ រហូត​ដល់​អ្នក​ប្រើ មាន​ការ​ចូលរួម​ពីភាគី​ច្រើន​ណាស់ ដូច​ជា៖ ក្រុម​អ្នក​រកស៊ី ផ្នែក​ដឹកជញ្ជូន ជាង អ្នក​ទិញ​លក់​ដូរ​បន្ត និង​អ្នក​ប្រើប្រាស់ (តាមលទ្ធភាព) ជា​ដើម ភាគ​ច្រើន សុទ្ធ​តែ ប្រតិកម្ម មិន​សប្បាយ​ចិត្ត នឹង​សំណើ​សុំ របស់​លោក ប៉ា សុជាតិវង្ស។

    ពលរដ្ឋ​មួយ​រូប​មាន​លទ្ធភាព​ប្រើ​រថយន្ត​ជំនុំ សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ប្រាប់ Sabay ថា បើ​សិន​រដ្ឋាភិបាល​ខ្ទប់​ការ​នាំ​ចូល​ឡាន​មួយ​ទឹក​អ្នក​រងគ្រោះ​ចុងក្រោយ​គឺ​ពលរដ្ឋ​ក្រីក្រ​មិនមែន​ក្រុមហ៊ុន​លក់​ឡាន ឬ​អ្នក​មានៗ​នោះ​ទេ ព្រោះ​តម្រូវការ​រថយន្ត​ខ្ពស់។

    “អ្នក​ក្រ​គ្មាន​លុយ​ទាំង​គីបៗ​ទៅ​ទិញ​រថយន្ត​ថ្មី​ពី​ក្រុមហ៊ុន ពេល​ខ្លះ​ត្រូវ​ខ្ចី​បុល​ធនាគារ​ និង​ខ្លះ​ទៀត​ដើរ​ខ្ចី​គេ​ខ្ចី​ឯង ដើម្បី​អាច​បង្គ្រប់​ទិញ​បាន​ឡាន​ល្មមៗ​មួយ​ ​ទុក​ដោះស្រាយ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ”។

    ធ្លាប់​ជា​អ្នក​ប្រើប្រាស់​រថយន្ត​ជជុះៗ ស៊េរី Rav 4 និង Lexus អ្នក​នាង ដេត លីដា​លើក​ឡើង​បែប​នេះ “ប្រើ​ឡាន​ម៉ាទឹក ដូច​ចិញ្ចឹម​ជំងឺ ជួសជុល​មិន​ចេះ​ចប់”។ អ្នក​ភ្នំពេញ មាន​លទ្ធភាព​ធូរធារ បុគ្គលិក​ក្រុមហ៊ុន​ឯកជន​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា ២ឆ្នាំ​ចុងក្រោយ​នេះ នាង​បាន​ប្ដូរ​មក​រថយន្ត​ថ្មី​ហើយ ទោះ​ចំណាយ​លុយ​ធំ​បន្តិច​ក្ដី។ “ដូរ​តែ​ប្រេង ចាក់​តែ​សាំង ហើយ​អត់​បារម្ភ​រឿង​រឿង​គ្រឿងគ្រៅ ពេល​ជិះ​ឆ្ងាយ​ព្រោះ​ឡាន​យើង​ថ្មី”។ នាង​បន្ថែម។

    ដោយ​សម្លឹង​ឃើញ ពី​តម្រូវ​ការ​របស់​ប្រជាជន​ច្រើន​ជាង ព្រោះ​រថយន្ត​រាប់​ម៉ឺន​គ្រឿង​ដែល​នាំ​ចូល​ប្រចាំ​ឆ្នាំ​នោះ មិនមែន​សុទ្ធ​តែ​កក និង​ស្ដុក ឬ​ប្រើប្រាស់​តែ​នៅ​ក្នុង​ភ្នំពេញ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ឆ្លើយ​តប​ទៅ​នឹង​សំណើ​ ប៉ា សុជាតិវង្ស ដែល វាយោ សម្រង់​សម្ដី​ដូច្នេះ​ថា៖ “ក្នុង​តួនាទី​ខ្ញុំ​ជា​ប្រមុខ​រាជរដ្ឋាភិបាល ខ្ញុំ​សូម​គូស​បញ្ជាក់​ជូន​ជនរួមជាតិ​ថា ខ្ញុំ​មិន​យល់​ស្រប​ជាមួយ​សំណើ​បែប​នេះ​ទេ។ សូម​បងប្អូន​ខិតខំ​រកប្រាក់​ទិញ​រថយន្ត​ ជិះ តែ​សូម​មេត្តា​កុំ​នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ និង​សូម​គោរព​ច្បាប់​ចរាចរណ៍​ដើម្បី​សុវត្ថិភាព​ទាំង​អស់​គ្នា”។

    “បិទ? មិន​ទាន់​អាច​ទៅ​រួច​ទេ”។ មន្ត្រី​ជាន់​ខ្ពស់ និង​ជា​ទី​ប្រឹក្សា​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ឯកឧត្ដម ម៉ី កល្យាណ ​ ឲ្យSabay ដឹង។

    លោក​ថា បើ​ផ្អែក​លើ​ជីវភាព​ពលរដ្ឋ​នៅ​ពេល​នេះ​មិន​ទាន់​អាច​ទៅ​រួច​ទេ។ កម្ពុជា​អាច​ត្រូវ​ពេល​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត ទើប​អាច​គិតគូរ​ដល់​ការ​បង្កើត​ច្បាប់​គ្រប់គ្រង​ការ​នាំ​ចូល​រថយន្ត​មួយ​ទឹក​ ប៉ុន្តែ​មិន​មែន​បិទ​ទាំង​ស្រុង​នោះ​ទេ។

    ក៏​​ទទួល​ស្គាល់​ដែរ​ថា ឡាន​មួយ​ទឹក​ពិត​ជា​នាំ​រឿង​ឈឺ​ក្បាល​ច្រើន​ដល់​សង្គម ដូចជា​ការ​បញ្ចេញ​ផ្សែង​ពុល និង​កត្តា​គ្រោះថ្នាក់​(បណ្ដាល​មក​ពី​លក្ខខណ្ឌ​បច្ចេកទេស​យានយន្ត) លើ​ដង​ផ្លូវ។ យ៉ាង​ណា គ្រោះថ្នាក់​និង​បញ្ហា​លើ​ដង​ផ្លូវ​កើត​ឡើង​រាល់​ថ្ងៃ មិន​អាច​បន្ទោស​ទាំង​ស្រុង​មក​ពី​ការ​ប្រើប្រាស់​រថយន្ត​មួយ​ទឹក គឺ​មក​ពី​ឥរិយាបថ​អ្នក​បើកបរ​មិន​យល់​ពី​ច្បាប់​ចរាចរណ៍ ឬ​យល់​ហើយ​នៅ​តែ​បំពាន​ច្រើន​ជាង។

    ផ្ដល់​មតិ​ជា​ដំណោះស្រាយ​ទីប្រឹក្សា​រូប​នេះ លើក​ឡើង​ពី​ភាព​អាច​ទៅ​រួច​ដូច្នេះ​ថា ​រដ្ឋាភិបាល អាច​បង្កើត​ច្បាប់​គ្រប់គ្រង​ការ​នាំ​ចូល​ប្រភេទ​រថយន្ត​មួយ​ទឹក​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​កាត់​បន្ថយ​បញ្ហា​កើត​ឡើង ជា​ជាង​ដាក់​ច្បាប់​កំណត់​ហាម​ប្រាម​ដាច់​ណាត់។

    ដំឡើង​ពន្ធអាករបន្ថែម

    ចាប់​ពី​ថ្ងៃ​ ០១ ខែ​មករា ឆ្នាំ២០១៨ គ្រប់​យានយន្ត​ដែល​បាន​នាំ​ចូល​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា​សម្រេច​ដំឡើង​ពន្ធ​អាករ​បន្ថែមទាំង​រថយន្ត​ថ្មី​និង​មួយ​ទឹក។ បាន​សម្រេច​កែ​សម្រួល​អត្រា​ពន្ធ​អាករ​ថ្មី ក្នុង​នោះ​បាន​ដំឡើង​ពន្ធ​ពី ៦៥% ទៅ ៧០% លើ​ការ​នាំ​ចូល​រថយន្ត​ដែល​មាន​ទំហំ​ស៊ីឡាំង​ចាប់​ពី ៣ ០០០ សេ​សេ​ឡើង​ទៅ។

    តម្លៃ​រថយន្ត​បាន​ឡើង​ពី ១ ០០០ ដុល្លារ ទៅ ២ ០០០ ដុល្លារ​តាម​ប្រភេទ​ម៉ាស៊ីន។ ការ​បង្កើន​តួលេខ​ពន្ធ​នាំ​ចូល​ឲ្យ​កាន់​តែ​ធំ​នេះ រឹត​តែ​ជា​កត្តា​ជំរុញ​ឲ្យ​តួលេខ​ និង​ចំណាប់​អារម្មណ៍​ជ្រើសរើស​ឡាន​ថ្មី​ជា​ជម្រើស​ប្រើប្រាស់​ក្នុង​គ្រួសារ​ប្រចាំ​ថ្ងៃ​កាន់​តែ ខ្សោយ។

    ទោះ​បី​ជា​តម្លៃ​ហើមប៉ោង​ជាមុន​បន្ដិច​ក្ដី តែ​ចំពោះ​អាជីវករ​មិន​បាន​បង្ហាញ​ក្ដី​បារម្ភ​ទេ។ លោក​វណ្ណារ៉ា ម្ចាស់​ឃ្លាំង​លក់​រថយន្ត 89 តាម​បណ្ដោយ​មហាវិថី​ព្រះនរោត្ដម​បាន​ឲ្យ​ដឹង​ថា ទីផ្សារ​រថយន្ត​មួយ​ទឹក​ឡើង​ថ្លៃ​បន្តិច តែ​អតិថិជន​នៅ​តែ​គំហុក។

    ទាក់ទង​ទៅ​បញ្ហា​នេះ បើ​តាម​ការ​ឲ្យ​ដឹង​ពី​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក​បាន​ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌មាន​ភីអិនអិនថា ការ​ដំឡើង​ពន្ធ​បន្ថែម មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ទីផ្សារ​រថយន្ត​ថ្មី​នោះ​ទេ ព្រោះ​សុទ្ធ​តែ​ជា​រថយន្ត​ប្រណិត​ដែល​អ្នក​មាន​ជីវភាព​ធូរធារ​ ទើប​មាន​លទ្ធភាព​ទិញ​បាន។

    បង្ហាញ​ពី​ក្ដី​បារម្ភ​ជុំវិញ​ពន្ធ​កាន់​តែ​ច្រើន ថ្លៃ​ទិញ​ចូល​កាន់​តែ​ថ្លៃ និង​ការ​លក់​ចេញ​កាន់​តែ​ថ្លៃ លោក សេង វឹង ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន RMA Cambodia បាន​លើក​ឡើង​ថា “ការ​បង្កើន​ពន្ធ​បន្ថែម​របស់​រដ្ឋាភិបាល​ ដូច​បាន​បំបាក់​ទឹក​ចិត្ត​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ដែល​ចង់​ទិញ​រថយន្ត​ថ្មី”។

    អត្រា​ពន្ធ​ថ្មី​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ក្រុមហ៊ុន​នាំ​ចូល​ផ្លូវការ ក្នុង​ពេល​ក្រុមហ៊ុន​មួយ​ចំនួន​គ្រោង​កាត់​បន្ថយ​ការ​វិនិយោគ។ ការ​បង្កើន​ពន្ធ​ធ្វើ​ឲ្យ​តម្លៃ​រថយន្ត​ថ្មី​នឹង​កើន​ឡើង។ អតិថិជន​ដែល​ពី​មុន​ពិចារណា​ក្នុង​ការ​ទិញ​រថយន្ត​ថ្មី នឹង​សម្រេចចិត្ត​ទៅ​ទិញ​រថយន្ត​មួយ​ទឹក​វិញ ដោយសារ​ពួកគេ​មិន​ចង់​បង្កើន​បន្ទុក​ចំណាយ​ច្រើន​ជាង​មុន។ លោក​បញ្ជាក់​ថា អ្នក​ដែល​រងគ្រោះ​ចុងក្រោយ​គឺ​អ្នកប្រើប្រាស់​ទៅ​វិញ​ទេ។

    ជា​យន្តការ​សម្រួល និង​លើក​ទឹកចិត្ត​ដល់​មហាជន​ឲ្យ​ងាក​ចេញ​ពី​ទំនោរ​ជាប់​ស្នឹម​រឿង​ប្រើប្រាស់​ឡាន​មួយ​ទឹក មក​ ថ្មី ក៏​មិន​ខុស​អី​ប៉ុន្មាន​ពី​ខាង RMA ដែរ​ អ្នក​គ្រប់គ្រង​ទូទៅ​ហាង Delux Auto លោក​ ស៊ុន វិសាល បន្ធូរបន្ថយ​ពន្ធ​ជា​ដំណោះស្រាយ បើ​រដ្ឋាភិបាល​ចង់​ឲ្យ​ពលរដ្ឋ​ងាក​មក​ប្រើ​រថយន្ត​ថ្មី។

    “បើ​តម្លៃ​ខុស​គ្នា​មួយ​គុណ​ជា​ពីរ​ជា​បី ចង់​មិន​ចង់​អ្នកប្រើ​ក៏​នៅ​តែ​បន្ត​ប្រើប្រាស់​រថយន្ត​មួយ​ទឹក​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង ដោយ​ពួកគេ​មិន​ចង់​បង្កើន​បន្ទុក​ចំណាយ​លើ​ការ​ទិញ​រថយន្ត​ថ្មី​ពី​ក្រុមហ៊ុន”។

    លោក លី ប៊ុនហៃ នាយក​គ្រប់គ្រង​ជាន់​ខ្ពស់​របស់ Toyota ឲ្យ​ដឹង​ថា កម្ពុជា​បាន​ក្លាយ​ជា​កន្លែង​ចោល​សំរាម ពេល​កម្ពុជា​បន្ត​​ឲ្យ​មាន​ការ​នាំ​ចូល​រថយន្ត​ជជុះ បន្ទាប់​ពី​ប្រទេស​អាស៊ាន​ភាគច្រើន​បាន​រឹត​បន្តឹង​ច្បាប់ លើ​ការ​នាំ​ចូល​រថយន្ត​គ្មាន​ស្តង់ដារ។

    លោក​បញ្ជាក់​ថា មាន​តែ​រដ្ឋាភិបាល​ទេ​ទើប​អាច​សម្រេច​បែប​ណា។ រដ្ឋាភិបាល​ត្រូវ​មាន​ផែនការ​ច្បាស់លាស់ និង​លើក​ទឹកចិត្ត​ដល់​ពលរដ្ឋ​ក្នុង​ការ​ទិញ​រថយន្ត​ថ្មី​ដូចជា​ការ​កាត់​បន្ថយ​ពន្ធ​លើ​រថយន្ត​ថ្មី និង​បង្កើន​ពន្ធ​ការ​នាំ​ចូល​រថយន្ត​មួយ​ទឹក។

    យោង​តាម​​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា​បាន​បញ្ជាក់​ថា កម្ពុជា​មាន​ការ​នាំចូល​រថយន្ត​ជជុះ​ប្រមាណ ៦៥ ០០០​គ្រឿង​ក្នុង​មួយ​ឆ្នាំ ដែល​ភាគច្រើន​មាន​ហានិភ័យ​ខ្ពស់​ខាង​សុវត្ថិភាព។ ក្នុង​នោះ ៨០% បាន​ផ្លាស់ប្ដូរ​ទ្រនិច​នាឡិកា​និង ៤០% ជា​ប្រភេទ​រថយន្ត​បុក​ទង្គិច​ធ្ងន់ធ្ងរ។

    លោក Peter Brongers ប្រធាន​សមាគម​ឧស្សាហកម្ម​យានយន្ត​កម្ពុជា CAIF ធ្លាប់​បាន​ស្នើ​ដល់​រដ្ឋាភិបាល​បិទ​ការ​នាំ​ចូល​រថយន្ត​ជជុះ ដើម្បី​ការពារ​អ្នកប្រើប្រាស់​លើ​ផ្នែក​សុវត្ថិភាព​លើ​ដង​ផ្លូវ។

    “ការ​បិទ​ការ​នាំ​ចូល​រថយន្ត​មួយ​ទឹក ជួយ​បង្កើន​ចំណូល​ចូល​រដ្ឋ​កើន​ទ្វេ​ដង ហើយ​ក៏​នឹង​ជួយ​ទាក់ទាញ​ក្រុមហ៊ុន​ធំៗ​ពិនិត្យ​លទ្ធភាព​បង្កើត​រោងចក្រ​រថយន្ត​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក”។

    ការ​នាំ​ចូល​រថយន្ត​ជា​ប្រភព​ចំណូល​សំខាន់​របស់​រដ្ឋាភិបាល។ តាម​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បង្ហាញ​ក្នុង​របាយការណ៍​ថា ២០១៧ ចំណូល​ពន្ធអាករ​គយ​សម្រេច​បាន​ជាង ១ ៩០០​លាន​ដុល្លារ​អាមេរិក។ ប្រភព​ចំណូល​សំខាន់​គឺ​យានយន្ត​ដែល​មាន​ជាង ៤០%។

    លោក ង៉ែត ជូ អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ត្រូវ​សិក្សា​ពី​ផល​ប៉ះពាល់​ទាំង​សង​ខាង ដោយ​ផ្អែក​លើ​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក។ ដូច​ពេល​នេះ​បើ​សិន​រដ្ឋាភិបាល​ចង់​បិទ​ការ​នាំ​ចូល​មួយ​ទឹក ប្រាកដ​ជា​មាន​ប្រតិកម្ម​ពី​ពល​រដ្ឋ​ភាគច្រើន។ ប៉ុន្តែ​បើ​រដ្ឋាភិបាល​ព្យាយាម​បន្ធូរ​បន្ថយ​ពន្ធ ដើម្បី​ឲ្យ​រថយន្ត​ថ្មី​និង​មួយ​ទឹក​តម្លៃ​ប្រដំប្រសងគ្នា ពលរដ្ឋ​អាច​គិតគូរ​ងាក​មក​ប្រើប្រាស់​រថយន្ត​ថ្មី។

    លោក​បញ្ជាក់​ថា ទោះ​បី​ពលរដ្ឋ​ដឹង​ថា​រថយន្ត​មួយ​ទឹក​ប្រឈម​បញ្ហា​ច្រើន ទាំង​ការ​ចំណាយ​ការ​ថែទាំ ការ​បំពុល​បរិស្ថាន ប៉ុន្តែ​ពួកគេ​គ្មាន​ជម្រើស​ដោយ​ពួកគេ​មិន​ចង់​ចំណាយ​ច្រើន​។

    លោក​ថា តាម​កម្រិត GDPជាង​មួយ​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ពលរដ្ឋ​ភាគច្រើន​អាច​ត្រឹម​លទ្ធភាព​ទិញ​រថយន្ត​តម្លៃ​ចន្លោះ​ពី ១ ម៉ឺន​ទៅ ២ ម៉ឺន​ដុល្លារ ហើយ​បើ​រថយន្ត​ថ្មី​តម្លៃ​ខ្ពស់​លើស​នេះ ច្រើន​ដង​ប្រាកដ​ជា​មិន​អាច​ទៅ​រួច។

    ដោយ​ឡែក ប្រទេស​កម្ពុជា​មាន​ការ​ប៉ាន់​ស្មាន​ថា ក្នុង​មួយ​ឆ្នាំ​ៗ​ការ​លក់​ចេញ​រថយន្ត​ថ្មី​បាន​ចន្លោះ​ពី ៤ ០០០ ទៅ ៥ ០០០ គ្រឿង ខណៈ​វិសាលភាព​របស់​រថយន្ត​នាំ​ចូល​មួយ​ទឹក​ធំ​ជាង​នេះ មិន​តិច​ជាង​ ១០ដង (ចាប់​ពី​ ៥ម៉ឺន​គ្រឿង​ហូរ​ចូល)។

    រថយន្ត​ពេញ​និយម​លើ​ទីផ្សារ៖

    លើក​ឡើង​ស្រដៀង​គ្នា​ពី​សំណាក់​អាជីវករ​​​ទិញ​លក់​រថយន្ត ដែល​ភាសា​សាមញ្ញ​គេ​និយម​ហៅ​ថា “អ្នកគួកជេរ” ដែល​ឈរ​ជើង​នៅ​ប្លុក ផ្សារ​ដេប៉ូ និង​ វត្តភ្នំ អះអាង​ថា​ ៤ ម៉ូដែល​នេះ Prius, Camry, Highlander និង Lexus RX300 ជា​ប្រភេទ រថយន្ត​ពេញ​និយម​បំផុត​នា​ពេល​បច្ចុប្បន្ន​តម្លៃ​ចន្លោះ​ពី ១-២ ម៉ឺន​ដុល្លារ​អាមេរិក។

    ក្រៅ​ពី​រថយន្ត​ពេញ​និយម ម៉ាស៊ីន​ក្រោម ៣សេសេ ខាង​លើ ខាងក្រោម​នេះ​ជា​តម្លៃ​ប្រហាក់ប្រហែល ម៉ូដែល និង​ប្រភេទ៖

    ប្រភេទ Sedan

    • តម្លៃ​ចន្លោះ​ពី $ 10,000 – $ 20,000 ៖ Toyota Prius (04-06) , Toyota Camry (03-07) , Toyota Corolla (03-05)
    • តម្លៃ​ចន្លោះ​ពី $ 20,000 – $ 30,000 ៖ Lexus IS250 (06) , Lexus GS300 (06)

    ប្រភេទ SUV

    • តម្លៃ​ចន្លោះ​ពី $ 10,000 – $ 20,000 ៖ Toyota Highlander (01-03) , Toyota Rav4 (01-03) , Honda CR-V (97-08) , Lexus RX300 (99-03)
    • តម្លៃ​ចន្លោះ​ពី $ 20,000 – $ 40,000 ៖ Lexus RX330 (04-06) , Lexus LX450 (98-02) , Toyota Land Cruiser (98-06)

    ប្រភេទ Pickup

    • តម្លៃ​ចន្លោះ​ពី $ 15,000 – $ 30,000 ៖ Toyota Tacoma (05-06) , Toyota Tuntra (07-08) , Nissan Frontier (05-07)។

    ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បង្ហាញ​ថា គិត​ត្រឹម​ខែ​កញ្ញា​ឆ្នាំ ២០១៧ មាន​យានយន្ត​និង​ទោចក្រយានយន្ត​ចុះ​បញ្ជី​នៅ​ក្រសួង​ជាង ៤ លាន​គ្រឿង។ ក្នុង​នោះ​រថយន្ត​ធុន​ស្រាល​ជាង ៣៧ ម៉ឺន​គ្រឿង​ស្មើ ៩,៣% រថយន្ត​ធុន​ធ្ងន់​ជាង ២១ ម៉ឺន​គ្រឿង​ស្មើ ៥,៤% និង​ទោចក្រយានយន្ត​ជាង ៣,៤ លាន​គ្រឿង​ស្មើ ៨៥,៣%៕

    ប្រភព៖ Sabay