ខ្មែរប៉ុស្ដិ៍ Close

    សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាមរៀបចំកម្មវិធីជិះកង់រយៈចម្ងាយ ១៣គម ដាំដើមឈើចំនួន ២៥០០ដើម

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1404
    សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាមរៀបចំកម្មវិធីជិះកង់រយៈចម្ងាយ ១៣គម ដាំដើមឈើចំនួន ២៥០០ដើមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាមរៀបចំកម្មវិធីជិះកង់រយៈចម្ងាយ ១៣គម ដាំដើមឈើចំនួន ២៥០០ដើម

    ដោយទទួលបានការឧបត្ថម្ភគាំទ្រពីលោក ហ៊ុន ម៉ានី ប្រធាន សហភាព សហព័ន្ធ យុវជន កម្ពុជា លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងវិស័យឯកជនរួមមានធនាគារព្រីនស៍ ក្រុមហ៊ុនធានារ៉ាប់រង Forte ព្រមទាំងសប្បុរសជននានា នៅព្រឹក ថ្ងៃទី ២១ កក្កដា នេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម បានរៀបចំកម្មវិធីជិះកង់រយៈចម្ងាយ ១៣គម ដាំដើមឈើចំនួន ២៥០០ដើម ដែលជាដើមឈើឧបត្ថម្ភដោយរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ដាំនៅក្នុងឃុំស្តើងជ័យ ស្រុកជើងព្រៃ។

    សមាសភាពដែលបានចូលរួមក្នុងកម្មវិធីដាំដើមឈើនេះ រួមមានព្រះសង្ឃនិមន្តមកពីវត្តស្តើងជ័យ និងវត្តខ្នា ថ្នាក់ដឹកនាំឃុំ និងមន្ត្រីរដ្ឋបាលស្រុកជើងព្រៃ ក្រុមប្រឹក្សាឃុំស្តើងជ័យ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សគ្រប់សាលារៀននៅក្នុងឃុំ យុវជនភូមិ និងប្រជាពលរដ្ឋក្នុងឃុំដែលរង់ចាំអបអរសាទរសកម្មភាពដាំដើមឈើនេះសរុបប្រមាណជាង ៣០០នាក់ ។

    គម្រោងជិះកង់ដាំដើមឈើនេះគឺជាគម្រោងបែបច្នៃប្រឌិតថ្មីមួយទៀតដែលផ្តួចផ្តើមរៀបចំឡើងដោយ ស.ស.យ.ក ខេត្តកំពង់ចាម មានគោលបំណងបំផុសឱ្យយុវជន និងប្រជាពលរដ្ឋគ្រប់វ័យ គ្រប់និន្នាការនយោបាយបង្កើតទម្លាប់ស្រឡាញ់ ថែរក្សា និងដាំដើមឈើដើម្បីសុភមង្គលខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមជាតិ ព្រមទាំងជាការចូលរួមចំណែកលើកកម្ពស់បរិស្ថានដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិក្នុងការទប់ទល់និងការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃផែនដី។

    យុវជន និងសិស្សានុសិស្សជាច្រើនបាននិយាយថា សកម្មភាពនេះប្លែក និងសប្បាយរីករាយព្រោះវាជាការងារជួយសង្គ្រោះពិភពលោក និងជីវិត សម្រាប់ការអភិវឌ្ឍរីកចម្រើនជំនាន់ក្រោយ។ បើទោះជាក្តៅហត់ខ្លះ តែពួកគេមានសុទិដ្ឋិនយមថា សហគមន៍ របស់ពួកគេនឹងទទួលបាននូវសេចក្តីសុខ ចាកផុតពីគ្រោះមហន្តរាយធម្មជាតិ ដូចជាខ្យល់ព្យុះ ភាពរាំងស្ងួត អាកាសធាតុក្តៅ គ្រោះអគ្គីភ័យ ជាដើម ។

    លោក ហាន កុសល អភិបាលរងខេត្ត និងជាប្រធាន សសយក ខេត្ត កំពង់ចាម និងព្រះអង្គចៅអធិការវត្តស្តើងជ័យ បានថ្លែងប្រហាក់ប្រហែលគ្នាដោយបានលើកទឹកចិត្តឱ្យយុវជន និងប្រជាជនគ្រប់វ័យក្នុងឃុំ បង្កើតជាទម្លាប់ស្រឡាញ់ ថែរក្សា និងដាំដើមឈើឱ្យបានគ្រប់ៗគ្នារាល់ថ្ងៃ រាល់ខែ។ លោក ហាន កុសល បានលើកឡើងថា ប្រសិនបើនៅតាមដងផ្លូវទាំងអស់នៅក្នុងឃុំស្តើងជ័យនេះ មានដើមឈើត្រឈឹងត្រឈៃ និងមានផ្កាដុះដង្ហែរតាមដងផ្លូវ មិនដឹងជាអ្នកភូមិស្រុកសប្បាយចិត្តនឹងសោភណ្ឌភាពក្នុងភូមិយ៉ាងណាទេ៕

    អត្ថបទទាក់ទង