ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងការបរទេស បង្ហាញសេចក្តីបំភ្លឺរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលច្រានចោលការប្រឌិតព័ត៌មានបរទេស អំពីមូលដ្ឋានទ័ពចិននៅកម្ពុជា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1447
    ក្រសួងការបរទេស បង្ហាញសេចក្តីបំភ្លឺរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលច្រានចោលការប្រឌិតព័ត៌មានបរទេស អំពីមូលដ្ឋានទ័ពចិននៅកម្ពុជាក្រសួងការបរទេស បង្ហាញសេចក្តីបំភ្លឺរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលច្រានចោលការប្រឌិតព័ត៌មានបរទេស អំពីមូលដ្ឋានទ័ពចិននៅកម្ពុជា

    ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីបំភ្លឺរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលច្រានចោលការប្រឌិតព័ត៌មានរបស់ សារព័ត៌មាន The Wall Street Journal របស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងមូលដ្ឋានទ័ពចិន នៅកម្ពុជា។

    ក្នុងសេចក្តីបំភ្លឺដែលទទួលបាននៅព្រឹកនេះ គឺលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានច្រានចោលយ៉ាងដាច់អហង្ការចំពោះព័ត៌មានប្រឌិត ចេញផ្សាយដោយសារព័ត៌មាន The Wall Street Journal ដែលចោទប្រកាន់កម្ពុជាថា បានចុះកិច្ចព្រមព្រៀងដោយសម្ងាត់មួយ អនុញ្ញាតឱ្យយោធាចិនប្រើប្រាស់ដោយផ្តាច់មុខនូវមូលដ្ឋានកងទ័ពជើងទឹករាម ក្បែរខេត្តព្រះសីហនុ។

    លោកនាយករដ្ឋមន្រ្តី ចាត់ទុកព័ត៌មានប្រឌិតចុងក្រោយនេះថា ជាចេតនាដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ ….«គ្មានរឿងបែបនេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធាបរទេសវាបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា»។

    លោកនាយករដ្ឋមន្ត្រី មានប្រសាសន៍អះអាងច្បាស់ៗថា «តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយ ជាមួយមេដឹកនាំចិននោះឡើយ កុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ *ល្មមឈប់ប្រើព័ត៌មានក្លែងបន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងយើងហើយ ….» ។

    សូមបញ្ជាក់ថា សារព័ត៌មានបរទេសមួយចំនួនក្នុងនោះមានទាំង VOA ផងបានចេញផ្សាយដកស្រង់តាម សារព័ត៌មាន The Wall Street Journal ថា «ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។ កិច្ចព្រមព្រៀងនោះគឺកម្ពុជាផ្តល់ឲ្យភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិនជាផ្នែកមួយនៅឈូងសមុទ្រខ្មែរ ហើយនៅជិតព្រលានយន្តហោះធំមួយ ដែលកសាងដោយចិននឹងអនុញ្ញាតឲ្យចិនប្រើជាមូលដ្ឋានយោធារយៈពេល៣០ឆ្នាំ ដាក់ទ័ព ដាក់គ្រឿងសព្វាវុធ កន្លែងចតជាដើម»។

    ការផ្សព្វផ្សាយព័ត៌មានគ្មានមូលដ្ឋាននេះ ធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីប្រមុខរាជរដ្ឋាភិបាល ប្រមុខក្រសួងការពារជាតិ។
    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ឈុំ សុជាត បានចាត់ទុកថា ការប្រឌិតព័ត៌មានរបស់សារព័ត៌មានសហរដ្ឋអាមេរិក អំពីមូលដ្ឋានទ័ពបរទេសនៅក្នុងប្រទេសកម្ពុជា គឺហាក់មានចេតនាបំផ្លាញសន្តិសុខ និងសន្តិភាពនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់៕

    អត្ថបទទាក់ទង