ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋទទួលទានសាច់ជ្រូកឡើងវិញ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1751
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋទទួលទានសាច់ជ្រូកឡើងវិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋទទួលទានសាច់ជ្រូកឡើងវិញ

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំអស់សូមទទួលទានសាច់ជ្រូកឡើងវិញ ខណៈរូបលោកផ្ទាល់ក៏ទទួលទានសាច់ជ្រូកដែរ។ ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិនិត្យពហុកីឡាដ្ឋាន «មរតកតេជោ» មានទីតាំងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា កុំមានការព្រួយបារម្ភ ព្រោះជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនឆ្លងដល់មនុស្សទេ។ សូមទទួលទានសាច់ជ្រូកឡើងវិញ ព្រោះមិនមានបញ្ហាអ្វីនោះទេ លើកលែងតែកន្លែងប៉ះពាល់ដែលគេហាមឃាត់។

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ពេលកន្លងមកអ្នករកស៊ីលក់សាច់ជ្រូកបានធ្វើការត្អូញត្អែរពីការលក់សាច់ជ្រូកមិនដាច់ ដោយសារប្រជាពលរដ្ឋមិនហូប ខ្លាចឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ។ លោកនាយករដ្ឋមន្ត្រីបន្តថា ការមិនទទួលទានសាច់ជ្រូកនេះ ក៏ជំរុញឲ្យសាច់គោឡើងថ្លៃផងដែរ ព្រោះថា រដូវនេះជារដូវហាមឃាត់មិនអនុញ្ញាតឲ្យប្រកបនេសាទនោះទេ។ លើសពីនេះ ការមិនហូប សាច់ជ្រូកនេះក៏ជំរុញឲ្យតម្លៃត្រីចិញ្ចឹមឡើងថ្លៃផងដែរ។

    សូមបញ្ជាក់ថា ក្នុងរយៈពេលជិត១ខែមកនេះ បញ្ហាជំងឺប៉េះជ្រូកអាហ្វ្រិក ត្រូវបានឈ្មួញទុច្ចរិត លួចនាំចូលជ្រូកដែលមានផ្ទុកជំងឺបែបនេះ មកពីប្រទេសវៀតណាម ចូលតាមច្រករបៀងមួយចំនួនបានធ្វើឱ្យប្រជាពលរដ្ឋទូទៅមានការខ្លាចរអា មិនហ៊ានទទួលទានសាច់ជ្រូក ទោះបីអាជ្ញាធរមានសម្ត្ថកិច្ចបានខិតខំបង្ក្រាបទប់ស្កាត់ និងមានការផ្សព្វផ្សាយពីមន្ត្រីជំនាញ ថាមិនឆ្លងទៅមនុស្សក៏ដោយ។ ប៉ុន្តែតាមរយៈការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបែបនេះ សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើង នឹងលែងមានការព្រួយបារម្ភ ទាក់ទងនឹងការឆ្លងជំងឺប៉េះជ្រូកនេះតទៅទៀតហើយ៕

    អត្ថបទទាក់ទង