ខ្មែរប៉ុស្ដិ៍ Close

    អាជ្ញាធរជាតិអប្សរា យកចិត្តទុកដាក់ប្រឆាំងការប្រើប្រាស់ផ្លាស្ទិច និងលើកកម្ពស់សោភ័ណភាពក្នុងរមណីយដ្ឋានអង្គរ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1473
    អាជ្ញាធរជាតិអប្សរា យកចិត្តទុកដាក់ប្រឆាំងការប្រើប្រាស់ផ្លាស្ទិច និងលើកកម្ពស់សោភ័ណភាពក្នុងរមណីយដ្ឋានអង្គរអាជ្ញាធរជាតិអប្សរា យកចិត្តទុកដាក់ប្រឆាំងការប្រើប្រាស់ផ្លាស្ទិច និងលើកកម្ពស់សោភ័ណភាពក្នុងរមណីយដ្ឋានអង្គរ

    ការថែររក្សាបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរចាប់តាំងពីឆ្នាំ២០០៤ មក អាជ្ញាធរជាតិអប្សរាបានដាក់ចេញនូវគោលនយោបាយបរិស្ថានសម្រាប់រមណីយដ្ឋានអង្គរ ដោយផ្តោតលើគោលការណ៍មួយចំនួនដូចជា៖ ការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដោយសារទេសចរណ៍ ថែរក្សាស្ទឹង បឹងបួរ ប្រឡាយ ព្រៃឈើ សម្បត្តិធម្មជាតិទាំងឡាយ បង្កើនការអប់រំ ផ្សព្វផ្សាយ ជំរុញការអនុវត្តច្បាប់ និងបញ្ញត្តិ ឱ្យបានទូលំទូលាយ និងការចូលរួមសកម្មភាពបរិស្ថានពីសំណាក់មន្រ្តី បុគ្គលិក មហាជន និងស្ថាប័នពាក់ព័ន្ធ។ល។

    តាមរយៈគោលការណ៍នេះ បានធ្វើឱ្យអាជ្ញាធរជាតិអប្សរាទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការគុណភាពគ្រប់គ្រងបរិស្ថាន ISO 14001 ចំនួន៥លើកផ្ទួនគ្នាពីស្ថាប័នធានាគុណភាពជប៉ុន JQA តាំងពីឆ្នាំ២០០៦មក។

    ជាការអនុវត្តជាក់ស្តែង លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្នុងឆ្នាំ២០០៨ អាជ្ញាធរជាតិអប្សរាបានបង្កើតស្ថានីយ៍កសិកម្មធម្មជាតិស្ពានអង្គរ ស្ថិតនៅខាងកើតប្រាសាទអង្គរវត្ត លើផ្ទៃដីទំហំជាង៧ហិកតា ដែលជាកន្លែងផលិតជីកំប៉ុស្ត៍យ៉ាងសកម្មសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះកសិកម្មក្នុងរមណីយដ្ឋានអង្គរ។

    ក្នុងនោះសំរាមជាច្រើនក្នុងរមណីយដ្ឋានអង្គរ និងក្រុងសៀមរាបត្រូវបានកាត់បន្ថយ តាមរយៈការដើរប្រមូលសំណល់ស្រស់ និងសំណល់ស្ងួតជារៀងរាល់ថ្ងៃ មកផលិតជាជីកំប៉ុស្ត៍ ដោយក្នុងមួយឆ្នាំផលិតបានចំនួន ៨០តោន ហើយសម្រាប់ផែនការអនាគត ស្ថានីយ៍នេះនឹងបង្កើនការផលិតឱ្យបាន១៦០តោនក្នុងឆ្នាំ២០២០ ព្រមទាំងបង្កើតស្ថានីយ៍ផលិតជីកំប៉ុស្តនៅតាមកន្លែងផ្សេងទៀតផងដែរដូចជា នៅស្ថានីយបណ្តុះកូនឈើ ភូមិធម្មជាតិរុនតាឯកជាដើម។ ទន្ទឹមគ្នានេះ គោលការណ៍គ្មានផ្លាស្ទិចនេះក៏ត្រូវបានអនុវត្ត នៅក្នុងសួនគ្រឿងទេស និងស្ថានីយស្ពានអង្គរនេះផងដែរ។

    អាជ្ញាធរជាតិអប្សរាក៏បានបញ្ជូនក្រុមការងារជាប្រចាំ ដើម្បីបញ្ជ្រៀបចំណេះដឹងអំពីផលប៉ះពាល់អវិជ្ជមាននៃសំរាមដល់ប្រជាពលរដ្ឋតាមមូលដ្ឋានក្នុងរមណីយដ្ឋានអង្គរ ដោយបង្រៀនពួកគាត់អំពីភូមិស្អាត រមណីយដ្ឋានស្អាត រួមទាំងផលប្រយោជន៍នៃការបែងចែក វេចខ្ចប់ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវតាមទីកន្លែងកំណត់។

    ជាចុងក្រោយអាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវជាសាធារណៈដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងភ្ញៀវទេសចរជាតិទាំងអស់ ឱ្យចូលរួមទប់ស្កាត់ការប្រើប្រាស់ផ្លាស្ទិច ការវេចខ្ចប់ និងទុកដាក់សំរាមត្រឹមត្រូវទៅតាមទីតាំងកំណត់ ដើម្បីបញ្ជៀសការប៉ះពាល់ដល់បរិស្ថាន និងបង្កើនសោភ័ណភាពរមណីយដ្ឋានអង្គរឲ្យកាន់តែមានភាពស្រស់ត្រកាល៕