ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ ទ្វារនៅតែចំហសម្រាប់បក្សនយោបាយ ចង់ចូលរួមជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1011
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ ទ្វារនៅតែចំហសម្រាប់បក្សនយោបាយ ចង់ចូលរួមជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ ទ្វារនៅតែចំហសម្រាប់បក្សនយោបាយ ចង់ចូលរួមជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានលើកឡើងថា មានតែយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មួយប៉ុណ្ណោះ ដែលមានសុពលភាពក្នុងការកោះហៅស្ថាប័នរដ្ឋមកសាកសួរក្រៅពីសភា។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនោះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅតែបើកចំហសម្រាប់គណបក្សដទៃទៀត ដែលចង់ចូលរួមជាសមាជិក។

សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល។

ក្រោយពេលបង្កើតឡើងហើយនោះឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាក់ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលរួមមានការពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្តីព្រាងច្បាប់នានាមុនដាក់ឲ្យរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានកោះអញ្ជើញថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានា មកសាកសួរលើបញ្ហាមិនប្រក្រតីមួយចំនួន ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នទាំងនោះ។

ក្រៅពីនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏ត្រូវបានគេមើលឃើញថា បានចុះធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជាពិសេសបញ្ហាជម្លោះដីធ្លីនៅតាមបណ្តាខេត្តផងដែរ ៕