ខ្មែរប៉ុស្ដិ៍ Close

    លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ថ្ងៃរបស់ប្រធានាធិបតីស្រីលង្កានៅកម្ពុជា

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩ ឯកសារ 1542
    លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ថ្ងៃរបស់ប្រធានាធិបតីស្រីលង្កានៅកម្ពុជាលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ថ្ងៃរបស់ប្រធានាធិបតីស្រីលង្កានៅកម្ពុជា

    នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញផ្សាយនូវសេចក្តីថ្លែការរួមនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីស្រីលង្កា នៅកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៧-១០ ខែសីហា ឆ្នាំ២០១៩។

    សេចក្តីថ្លែងការណ៍នៃប្រទេសទាំង២ កម្ពុជា-ស្រីលង្កា មានចំនួន១៦ចំណុចដូចខាងក្រោម៖

    ១- តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីស្រីលង្កា បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជាពីថ្ងៃទី០៧ ដល់១០ ខែសីហា ឆ្នាំ២០១៩។

    ២- ប្រធានាធិបតីនៃប្រទេសស្រីលង្កា បានអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពដល់វិញ្ញាណក្ខ័ន្ធវីរបុរស និងវីរនារីកម្ពុជា ដែលបានពលីក្នុងសង្រ្គាម។ លោកក៏បានគោរពវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះវរៈរាជបិតា នៃព្រះរាជាណាចក្រកម្ពុជា។

    ៣- អំឡុងពេលនៃទស្សនកិច្ចនេះ លោកប្រធានាធិបតីស្រីលង្កា បានគាល់ព្រះមហាក្សត្រ ។ ព្រះករុណា ព្រះមហាក្សត្រ បានសព្វព្រះរាជហឬទ័យរៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនចំពោះ លោក ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីស្រីលង្កា និងគណៈប្រតិភូ នៅព្រះបរមរាជវាំង ដែលក្នុងឱកាសនោះ លោកប្រធានាធិបតីក៏បានជួបជាមួយ លោក​ ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។

    ៤- ប្រធានាធិបតីនៃប្រទេសស្រីលង្កា បានជួបពិភាក្សាទ្វេភាគីជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយក្នុងជំនួបនេះថ្នាក់ដឹកនាំទាំងពីរ បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និង ស្រីលង្កា ដែលមានឫសយ៉ាងជ្រៅ ក្នុងវប្បធម៌ និងសាសនានៃប្រទេសទាំងពីរ។

    ៥- លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន វាយតម្លៃខ្ពស់ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋ របស់លោកប្រធានាធិបតី ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ដែលមានអត្ថន័យជាប្រវត្តិសាស្រ្ត ជម្រុញចំណងដ៏ប្រពៃរវាងប្រទេសទាំងពីរឲ្យឈានខ្ពស់ឡើង មួយកម្រិតទៀត។ ប្រធានាធិបតី ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា បានចាត់ទុកប្រទេសកម្ពុជា ជាមិត្តជិតស្និទ្ធ និងជាដៃគូដ៏សំខាន់របស់ស្រីលង្កានៅក្នុងតំបន់។ ថ្នាក់ដឹកនាំទាំងពីរក៏បានកត់សម្គាល់ដោយការពេញចិត្ត ចំពោះការបង្កើតភាពជាដៃគូដ៏រឹងមាំ ក្នុងកម្រិតទ្វេភាគី តំបន់ និងពហុភាគី រវាងកម្ពុជា និងស្រីលង្កា ក្នុងបំណងនាំមកនូវសន្តិភាព ស្ថិរភាព ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រជាជាតិទាំងពីរ និងពិភពលោក។

    ៦- លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរចំពោះសមិទ្ធផលនានា ដែលរដ្ឋាភិបាលស្រីលង្កាសម្រេចបាន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងលើកស្ទួយសុខុមាលភាពសង្គម។ ប្រធានាធិបតី ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ក៏បានកោតសរសើរដល់ជោគជ័យ របស់រាជរដ្ឋាភិបាលកម្ពុជា លើការរក្សាសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ចខ្ពស់ កំណើនឧស្សាហកម្មទេសចរណ៍ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

    ៧- ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងការពិគ្រោះយោបល់កំរិតខ្ពស់ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យដែលមានសក្តានុពល ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរ។ ក្នុងន័យនេះ មេដឹកនាំទាំងពីរបានស្វាគមន៍ ចំពោះការចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសកម្ពុជា និងស្រីលង្កា ហើយបានលើកទឹកចិត្តឱ្យចាប់ផ្តើម កិច្ចប្រជុំក្របខ័ណ្ឌនេះឱ្យបានឆាប់។

    ៨- មេដឹកនាំទាំងពីរ បានព្រមព្រៀងគ្នាប្រគល់ភារៈកិច្ច ជូនស្ថាប័នពាក់ព័ន្ធរៀងខ្លួន ឱ្យធ្វើការរួមគ្នាដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងការផ្លាស់ប្តូរទេសចរណ៍។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានលើកទឹកចិត្តឱ្យវិស័យឯកជនកម្ពុជា និងស្រីលង្កា សហការគ្នាជិតស្និទ្ធ ដើម្បីប្រើប្រាស់ឱ្យអស់នូវសក្តានុពលសេដ្ឋកិច្ច និងឱកាសធុរកិច្ចក្នុងប្រទេសទាំងពីរ។ ក្នុងន័យនេះ មេដឹកនាំទាំងពីរបានសម្តែងការពេញចិត្ត ចំពោះការចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្មកូឡុំបូ ស្រីលង្កា។

    ៩- មេដឹកនាំទាំងពីរបានកត់សម្គាល់ថា កម្ពុជា និងស្រីលង្កា មានសក្តានុពលដ៏ធំធេងក្នុងវិស័យទេសចរណ៍ ហើយបានឯកភាពជំរុញឱ្យស្ថាប័នពាក់ព័ន្ធរៀងខ្លួន សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំសកម្មភាពផ្សព្វផ្សាយរួមគ្នា ដោយប្រើប្រាស់សក្តានុពលបេតិកភណ្ឌវប្បធម៌ និងធម្មជាតិដ៏សម្បូរ បែបនៃប្រទេសទាំងពីរ សំដៅបង្កើនការផ្លាស់ប្តូរទេសចរណ៍។

    ១០- លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រធានាធិបតីស្រីលង្កា បានសម្តែងការពេញចិត្តចំពោះកំណើន នៃការប្រាស្រ័យទាក់ទងគ្នារវាងសហគមន៍ពុទ្ធសាសនិកកម្ពុជា និងស្រីលង្កា ដែលថ្នាក់ដឹកនាំទាំងពីរ មានបំណងចង់ឱ្យអាជ្ញាធរពាក់ព័ន្ធ បន្តជម្រុញថែមទៀត។

    ១១- ដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម មេដឹកនាំទាំងពីរបានស្នើឲ្យស្ថាប័នអប់រំ នៃប្រទេសទាំងពីរពិចារណាលទ្ធភាព បង្កើតយន្តការសហប្រតិបត្តិការ និងកម្មវិធីផ្លាស់ប្តូរនិស្សិត និងសិក្ខាកាម។

    ១២- ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងការពេញចិត្ត ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងកម្ពុជា និងស្រីលង្កា និងបានឯកភាពគ្នាថា តំណាងនៃប្រទេសទាំងពីរគួរ តែសហការគ្នាឲ្យកាន់តែជិតស្និទ្ធលើវេទិកាតំបន់ និងអន្តរជាតិ ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពរុងរឿងរួមគ្នា។

    ១៣- លោកនាយករដ្ឋមន្រ្តី និងប្រធានាធិបតីស្រីលង្កាបានផ្លាស់ប្តូរយោបល់គ្នា យ៉ាងទូលំទូលាយលើបញ្ហាតំបន់ និងអន្តរជាតិដែលភាគីទាំងពីរ មានការចាប់អារម្មណ៍ និងបារម្ភដូចគ្នា។ ក្រោយបញ្ចប់កិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានធ្វើជាសាក្សី ក្នុងការចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នាដូចខាងក្រោម៖

    • អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ជាមួយក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា។
    • អនុស្សរណៈយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយសភាពាណិជ្ជកម្មកូឡុំបូ នៅស្រីលង្កា។

    ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពពន្លឿន ការចុះហត្ថលេខាលើឯកសារ ដូចខាងក្រោមផងដែរ៖

    • កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការ ចំពោះអ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។
    • កិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូន ផ្លូវអាកាស។
    • អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍។

    ១៤- លោកនាយករដ្ឋមន្រ្តី និង ប្រធានាធិបតីស្រីលង្កា បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា។ កោក វ៉ាសាន់ថា សេនាណាណាយ៉ាកេ រដ្ឋលេខាធិការក្រសួងការបរទេស បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា អំពីសក្តានុពលនៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងសកម្មភាពវិនិយោគរវាងប្រទេសទាំងពីរ។

    ១៥- ក្នុងអំឡុងទស្សនកិច្ចនេះ ប្រធានាធិបតី ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា បានអញ្ជើញចូលរួមពិធីតំកល់ដើមពោធិ៍សក្ការៈ ពីប្រទេសស្រីលង្កា នៅវត្តលង្កា ព្រះកុសុមារាម និងបានចូលរួមផងដែរ ក្នុងពិធីដាំដើមឈើជាតិរបស់ប្រទេសស្រីលង្កា ដែលជាអំណោយរបស់លោកប្រធានាធិបតី ចំពោះមជ្ឈមណ្ឌលវិបស្សនាភ្នំឧត្តុង្គ ដើម្បីជានិមិត្តរូបនៃមិត្តភាពរវាងស្រីលង្កា និងកម្ពុជា។

    ១៦- លោកប្រធានាធិបតី ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមទាំងប្រជាជនកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងបដិសណ្ឋារកិច្ចដ៏រាក់ទាក់ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ។ លោកបានស្នើសុំយាង ព្រះករុណា ព្រះមហាក្សត្រជាអម្ចាស់ជីវិតលើត្បូង និងអញ្ជើញសម្តេចតេជោនាយករដ្ឋមន្រ្តី ទៅបំពេញទស្សនកិច្ច នៅប្រទេសស្រីលង្កា ក្នុងពេលសមស្របនាអនាគត៕

    អត្ថបទទាក់ទង