ខ្មែរប៉ុស្ដិ៍ Close

    លិខិតមិត្តអ្នកអាន៖ «ទំនួញទឹកភ្នែកក្រពើរបស់ សម រង្ស៊ី! – Sam Rainsy Verse Les Larmes de Crocodile!»

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1478
    លិខិតមិត្តអ្នកអាន៖ «ទំនួញទឹកភ្នែកក្រពើរបស់ សម រង្ស៊ី! – Sam Rainsy Verse Les Larmes de Crocodile!»លិខិតមិត្តអ្នកអាន៖ «ទំនួញទឹកភ្នែកក្រពើរបស់ សម រង្ស៊ី! – Sam Rainsy Verse Les Larmes de Crocodile!»

    ព្រឹកមិញ ពេលខ្ញុំឃើញសាររបស់លោក សម រង្ស៊ី ខ្ញុំយល់ថាទំនងជាគាត់ ទើបតែដេកយល់សប្តិឃើញព្រលឹងដូនតា ឬបារមីស័ក្តិសិទ្ធិណាមួយចង្អុលមុខហើយទើបបានជាថ្ងៃទី ១៥ សីហានេះគាត់នឹកឃើញបង្ហោះ សារបែបទំនួញទឹកភ្នែកក្រពើរបស់ខ្លួនតាម ហ្វេសប៊ុកដោយធ្វើជាសម្តែងការសោកស្តាយពីព្រោះមិនបានជួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។

    សាររបស់លោកសម រង្ស៊ី នេះ គឺបានស្តែងចេញឲ្យឃើញយ៉ាងច្បាស់អំពីធាតុពិតរបស់គាត់ដូចខាងក្រោម៖

    ទី១៖ គឺជាសារដែលមិន បានកើតចេញពីទឹកចិត្តរបស់ខ្លួនឯងនោះឡើយពីព្រោះនេះមិនមែនជា លើកទី១ទេដែលប្រជាពលរដ្ឋខ្មែរទទួលរងគ្រោះដោយគ្រោះធម្មជាតិ​ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុក្នុងពិភពលោក។ ប៉ុន្តែ គេពិតជាមិនដែលបាន ឃើញ សម រង្ស៊ី ឬតំណាងរបស់សម រង្ស៊ី ចុះជួយសង្គ្រោះប្រជាពលរដ្ឋដូចឈ្មោះគណបក្សដែលគាត់បានដាក់នោះឡើយ។ រាល់ពេលមានបញ្ហានិងការលំបាកម្តងៗ ទាំងពេលកន្លងទៅក៏ដូចជា បច្ចុប្បន្ន គេឃើញតែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអាជ្ញាធររដ្ឋាភិបាល ឬ កាកបាទក្រហម កម្ពុជា ហើយនឹងសប្បុរសជន នានាប៉ុណ្ណោះដែលតែង តែមានវត្តមានពេលប្រជាពលរដ្ឋមានទុក្ខលំបាក។ ចំណែកឯលោក សម រង្ស៊ី និងគូកនគាត់វីញ គ្មានដែលបានឃើញមុខ ហើយក៏គ្មានគិតអ្វីក្រៅតែពីសម្ងំសុខ ហើយ ឆ្គិះឆ្គៀល ចាក់រុក អុជអាល និងចាំតែស្តីបន្ទោសឌៀមដាមតែប៉ុណ្ណោះ។ ដូច្នេះ សារដ៏កម្ររបស់ សម រង្ស៊ី នៅពេលនេះ ប្រហែលជាបានមកពីការចង្អុលមុខពីព្រលឹងដូនតា និងពីវត្ថុស័ក្តិសិទ្ធប្រាកដណាស់។

    ទី២៖ គឺជាសារយឺតហួសពេលទៅហើយ រឺបើនិយាយបែបសាមញ្ញ គឺជាសារផ្អូម ពីព្រោះពេលនេះជំនន់ទឹកភ្លៀងបានស្រកចុះវិញហើយៗអាជ្ញាធរដែនដី និងមន្ត្រីរដ្ឋាភិបាលក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានខិតខំជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងការលិចលង់ ដោយនាំពួកគាត់ទៅកាន់ទីទួលសុវត្ថិភាពនិងបានចែកអំណោយសង្គ្រោះបន្ទាន់គ្រប់បែបយ៉ាងដល់ពលរដ្ឋរងគ្រោះរួចរាល់ហើយដែរ។ ម៉្យាងវិញទៀត ពេលនេះអាជ្ញាធរដែនដីក៏ដូចជាសមត្ថកិច្ចជំនាញគ្រប់ផ្នែកដែលជាសេនាធិការរបស់រដ្ឋាភិបាលក៏កំពុងតែមមាញឹកក្នុងការជួសជុលឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលរងការបំផ្លាញដោយគ្រោះធម្មជាតិទឹកជំនន់ក៏ដូចជា បន្តតាមដានមើលការខុសត្រូវពលរដ្ឋរងគ្រោះបានយ៉ាងល្អរហូតដល់ទឹកជំនន់ស្រកចុះជាស្ថាពរ។ បើនិយាយអោយចំពេលនេះ ដំណាក់កាលសង្គ្រោះបន្ទាន់បានកន្លងផុតទៅហើយគេទើបតែឃើញលោក សម រង្ស៊ី ភ្ញាក់ពីដេកមកចេញសារទំនួញទឹកភ្នែកក្រពើដែលជាសារយឺតពេលនិងពោរពេញដោយពុតត្បុត។

    ទី៣៖ នេះមិនមែនជាសាររម្លែកទុក្ខទេ តែជាសារចំអកឡកឡឺយចំពោះពលរដ្ឋខ្មែរដែលរងគ្រោះទៅវិញទេពីព្រោះប្រសិនបើ សម រង្ស៊ី ពិតជាមានចេតនាចង់ជួយពួកគេមែន វត្តមានរបស់គាត់មិនសំខាន់ឡើយ គឺគាត់អាចចាត់បញ្ជូនតំណាងនៅក្នុងប្រទេសឲ្យចុះជួយ ឬនាំអំណោយមកចែកជូនពលរដ្ឋក៏បានដែរ។ ប៉ុន្តែ សម រង្ស៊ី ដែលកើតនិង រស់នៅក្នុងត្រកូលអភិជន ហើយមិនដែលស្គាល់អ្វីទៅជាការលំបាកវេទនានោះ មិនដែលបាននឹកភ្នក រឺនឹកឃើញចង់ជួយពលរដ្ឋរបស់ខ្លួនដោយសុទ្ធចិត្តម្តងណាឡើយ។ មនុស្សជំនិតៗ របស់គាត់តែងតែធ្លោយមាត់និយាយថា “លុយដែលសម រង្ស៊ី ប្រមូលបានពីខ្មែរនៅក្រៅប្រទេសយ៉ាងច្រើនសន្ធឹកនោះគឺគាត់ទុកសម្រាប់តែ បម្រើប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមបក្ខពួកនិងគ្រួសារគាត់តែប៉ុណ្ណោះ ដូចជា ទិញសំបុត្រយន្តហោះដើរពីប្រទេសមួយទៅមួយ ចាយលើការដើរកម្សាន្តជិះស្គីទឹកកក ស្នាក់នៅសណ្ឋាគារប្រណីត និងបរិភោគអាហារឆ្ងាញ់ៗជាដើម ដោយមិនដែលបានចែករម្លែកដល់ពលរដ្ឋដែលរងគ្រោះដោយបញ្ហាធម្មជាតិ ឬដោយប្រការផ្សេងៗ ទៀតឡើយ”។

    ទី៤៖ សាររបស់លោកសម រង្ស៊ី នេះក៏បានបង្ហាញពី ចរិតមួលបង្កាច់ និងទម្លាក់កំហុសដោយអសុទ្ធចិត្តរបស់គាត់ដោយគ្មានប្រែប្រួលឡើយ។ នរណាក៏ដឹងដែរថា ពិភពលោក ទាំងមូលកំពុងទទួលរងគ្រោះដោយសារការ ប្រែប្រួលអាកាសធាតុ។ ទឹកជំនន់ គ្រោះរាំងស្ងួត ឬការឡើងកម្តៅ ។ល។ ដែលមិនធ្លាប់មានពីមុន បានកើតឡើងនៅគ្រប់ ទិសទី រាប់ទាំងក្នុងបណ្តាប្រទេសជឿនលឿនដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុបខាងលិចជាដើម។ ទឹកជំនន់ ខ្យល់ព្យុះកាចសាហាវ រលកកម្តៅបានកើតឡើងក្នុងប្រទេសជាច្រើនក្នុងពិភពលោកជាពិសេស ឆ្នាំនេះ គឺនៅ ប្រទេសបារាំងដែលខ្លួន គាត់កំពុងរស់នៅ។ តាមពិត កម្ពុជាចាត់ទុកថា សំណាងជាងគេហើយ ដែលគ្រោះធម្មជាតិធំៗ កាចសាហាវមិនដែលកើតមាន។ ប៉ុន្តែ ដោយ សារចរិតមួលបង្កាច់ចាំតែ បន្ទោសនិងទម្លាក់កំហុសបានដិតដាមជ្រៅពេកក្នុងខួរក្បាល លោកសម រង្ស៊ី ក៏បានបង្វែរគ្រោះធម្មជាតិ ទឹកជំនន់ទៅជាកំហុសរបស់រដ្ឋាភិបាលទៅវិញ។ ប៉ុន្តែ ខ្ញុំយល់ថា សារបោកប្រាស់រឿងបែបនេះ បច្ចុប្បន្នដែលជាយុគ្គសម័យ​ពត៌មានតាមអាំងទែរណែត​យើងនេះ គឺពិតជាមិនអាចបោក ប្រាស់គេបន្តទៀតបានឡើយ។

    សរុបមកវិញ ខ្ញុំយល់ថា លោកសម រង្ស៊ី មិនត្រឹមតែមិនបានជួយអ្វីដល់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចេញសារចំអកឡកឡឺយដល់ជនរងគ្រោះដោយសារ ទឹកជំនន់ថែមទៀត ដោយពុតធ្វើជាសម្រក់ទឹកភ្នែកក្រពើចំពោះមុខប្រជាពលរដ្ឋខ្មែររងគ្រោះដោយទឹកជំនន់។

    ក្នុងមួយជីវិតរបស់ខ្លួន លោក សម រង្ស៊ី មានជំនាញខាងដើរចាក់រុកឲ្យបរទេសដាក់ទណ្ឌកម្មលើកម្ពុជា កុំទិញទំនិញពីកម្ពុជា និងឈប់ផ្តល់ជំនួយដល់កម្ពុជាតែប៉ុណ្ណោះ។ ហើយវាបានក្លាយជា មេសូត្ររត់មាត់របស់ សម រង្ស៊ីនិងក្រុមរបស់គាត់ ទោះជាគាត់ដឹងថា អំពើរបស់គាត់បង្កផលវិបាក និងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ កម្មករ និងកសិករមុនគេក៏ដោយ ក៏ សម រង្ស៊ី មិនដែលខ្វាយខ្វល់ឡើយ។ មិនត្រឹមតែពលរដ្ឋខ្មែរទេដែលឈឺចាប់នឹងទង្វើរបស់ សម រង្ស៊ី សូម្បីព្រលឹងដូនតា និងបុព្វបុរសអ្នកតាមថែរក្សាព្រះរាជាណាចក្រកម្ពុជាក៏ឈឺចាប់នឹងទង្វើបែបនេះដែរ។
    ដូច្នេះ ទំនួញទឹកភ្នែកក្រពើរបស់ សម រង្ស៊ី មិនបានបិទបាំងភាពរមិលគុណរបស់ខ្លួនចំពោះប្រទេសជាតិបានឡើយ។ ផ្ទុយទៅវិញ វាជាអំពើដែលអាចទាញ សម រង្ស៊ី ឲ្យធ្លាក់ក្នុងជ្រោះអវិចីកាន់តែឆាប់ថែមទៀត៕

    ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ

    អត្ថបទទាក់ទង