ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជា-ថៃ ត្រៀមរៀបចំការប្រកួតកីឡាប្រណាំងកង់ឆ្លងព្រំដែន ដើម្បីសុខភាព និងពង្រឹងទំនាក់ទំនងមិត្តភាព

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1108
    កម្ពុជា-ថៃ ត្រៀមរៀបចំការប្រកួតកីឡាប្រណាំងកង់ឆ្លងព្រំដែន ដើម្បីសុខភាព និងពង្រឹងទំនាក់ទំនងមិត្តភាពកម្ពុជា-ថៃ ត្រៀមរៀបចំការប្រកួតកីឡាប្រណាំងកង់ឆ្លងព្រំដែន ដើម្បីសុខភាព និងពង្រឹងទំនាក់ទំនងមិត្តភាព

    ប្រតិភូខេត្តខេត្តប៉ៃលិន ដែលដឹកនាំដោយលោក ធូ ភា អភិបាលរងខេត្ត នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយអភិបាលស្រុកពោងណាំរ៉ន និងមន្ត្រីពាក់ព័ន្ធរបស់ខេត្តចាន់បុរី ប្រទេសថៃ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ជិះកង់ រឹតចំណងមិត្តភាព និងកិច្ចសហការល្អរវាងខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលមានការចូលរួមពីសំណាក់កីឡាករ កីឡាការនី ប្រមាណជាង ២០០០នាក់ នៅច្រកបានឡែម ស្រុកពោងណាំរ៉ន ខេត្តចាន់បុរី ប្រទេសថៃ។

    លោក ធីរ៉ាក់ណៈ រតនៈអ៊ូផាត អភិបាលស្រុកពោងណាំរ៉ន ខេត្តចាន់បុរី បានមានប្រសាសន៍ឱ្យដឹងថា ដោយមើលឃើញថាបច្ចុប្បន្ន ប្រជាជនថៃក៏ដូចជាប្រជាជនទូទៅចូលចិត្តជិះកង់លំហាត់ប្រាណដើម្បីសុខភាព និងការជិះកង់ជាក្រុមៗគ្រប់ទីកន្លែង រដ្ឋបាលខេត្តចាន់បុរី ខេត្តប៉ៃលិន និងខេត្តបាត់ដំបង បានសហការរៀបចំឱ្យមានកម្មវិធីប្រកួតប្រណាំងជិះកង់មិត្តភាពនេះឡើង ដោយចង់លើកទឹកចិត្តក្រុមអ្នកជិះកង់ ជាពិសេសគឺដើម្បីសុខភាព មិត្តភាព និងពង្រឹងទំនាក់ទំនងរវាងខេត្តជិតខាងគ្នា។

    លោក ធូ ភា អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើដល់អាជ្ញាធរខេត្តចាន់បុរី ដែលជារៀងរាល់ឆ្នាំ បានសហការរៀបចំកម្មវិធីការប្រកួតកីឡាប្រណាំងកង់ជាលក្ខណៈមិត្តភាពនេះឡើង ក្នុងគោលបំណងឱ្យថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋភូមិផងជិតខាងគ្នាបានជួបជុំ បានស្គាល់គ្នាកាន់តែច្បាស់ ក្នុងន័យពង្រឹងកិច្ចសហការ សាមគ្គីភាព មិត្តភាពកាន់តែល្អប្រសើឡើង ជាពិសេសការទំនាក់ទំនង ការដោះដូរទំនិញ និងពាណិជ្ជកម្មតាមព្រំដែនឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។

    សូមបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់ដែលត្រៀមរៀបចំនេះ គឺមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែឧសភា ឆ្នាំ២០១៩ ហើយគ្រោងមានកីឡាករកម្ពុជា+ថៃ ចូលរួម ប្រមាណជាង ២០០០នាក់ ដោយប្រណាំងលើចម្ងាយផ្លូវ ៣០គីឡូម៉ែត្រ ៕