ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមតិ៖ ពួកក្រុមបំពុលសង្គម គួរតែដល់ពេលត្រូវបកស្បែកមុខហើយ!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩ នគរគំនិត 2148
ទស្សនៈមតិ៖ ពួកក្រុមបំពុលសង្គម គួរតែដល់ពេលត្រូវបកស្បែកមុខហើយ!ទស្សនៈមតិ៖ ពួកក្រុមបំពុលសង្គម គួរតែដល់ពេលត្រូវបកស្បែកមុខហើយ!

ខណៈពេលដែលប្រទេសកម្ពុជា កំពុងតែពោរពេញដោយសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរនោះ មានក្រុមមនុស្សចង្រៃខ្លះ មិនបានពេញចិត្ត និងសប្បាយរីករាយដូចប្រជាពលរដ្ឋខ្មែរទូទៅឡើយ ដោយពួកគេចាត់ទុកភាពសុខសាន្ត និងការរីកចំរើនរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋទូទៅ ថាជាសត្រូវដ៏ធំរបស់ពួកគេ និងមេកើយរបស់ពួកគេទៅវិញ។ ក្រុមមនុស្សទាំងនោះ មិនដែលមើលឃើញពីភាពល្អប្រសើរ និងប្រក្រតីភាពជាទូទៅនៃកម្ពុជាពិតនោះទេ ឬអាចនិយាយមួយបែបទៀតបានថា ពួកគេបានឃើញហើយ ដឹងហើយថា កម្ពុជាពិតវាបែបណា ប៉ុន្តែពួកគេបែរជាធ្វើភ្លឺ មិនដឹង មិនលឺ ហើយព្យាយាមបំភ្លៃទាំងកំរោល ពីស្ថានភាពនៅកម្ពុជាទៅវិញ ។

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ថ្មីៗនេះ ពួកគេបានបំភ្លៃព័ត៌មានថា ការលើកពេលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅសប្តាហ៍នេះ គឺដោយសារគ្មានវត្តមាន លោក ហ៊ុន សែន។ ក្រុមនេះ បានផ្សព្វផ្សាយបោកប្រាស់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែមានជំងឺធ្ងន់ធ្ងរខ្លាំងណាស់ ងើបមិនរួចឡើយ ទាល់តែប្រើថ្នាំញៀនជំនួយទើបអាចដំណើរការបាន។ ព័ត៌មានបំភ្លើសនេះ គឺវាខុសពីការពិតទាំងស្រុង ខណៈដែលអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានបញ្ជាក់រួចហើយថា ការលើកពេលកិច្ចប្រជុំនេះ ដោយសារតែមិនទាន់មានរបៀបវារៈគ្រប់គ្រាន់សម្រាប់ការប្រជុំ ហើយមិនមែនមកពីរឿងសុខភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន នោះទេ។ ទោះបីជាមានការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់រាជារដ្ឋាភិបាលបែបនេះក្តី ក៏ពួកគេនៅតែចិញ្ចឹមចិត្តបង្កើតព័ត៌មានក្លែងក្លាយ ក្នុងន័យបំពុលសង្គមដដែលជាដដែល ។

ពួកក្រុមនេះ តែងតែបង្ហោះផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ (Fake News) ប្រឌិត វៃប្រហារ រិះគន់ បំភ្លៃ បំពុល បំភ័ន្ត លាបពណ៌ អុចអាល ញុះញង់ និងចោទប្រកាន់ គ្រប់សព្វបែបយ៉ាង លើរាជរដ្ឋាភិបាលបច្ចុប្បន្ន ក្នុងគោលដៅបង្ហាញឱ្យអ្នកដែលមិនបានស្គាល់ពីកម្ពុជាយល់ថា ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងតែស្ថិតក្នុងស្ថានភាពវឹកវរ ចលាចល រងគ្រោះ ពលរដ្ឋរស់នៅក្នុងសភាពវេទនាខ្លាំង រងការរំលោភបំពានសិទ្ធិ បំបិទសិទ្ធិសេរីភាព ក្រីក្រខ្លាំង និងត្រូវការសង្គ្រោះជាបន្ទាន់។ល។ ដែលសុទ្ធតែជាសារប្រឌិត បោក​ប្រាស់របស់ពួកក្រុមបំពុលសង្គម។ ពីមួយថ្ងៃទៅមួយថ្ងៃ ពួកក្រុមនេះ បានបន្តគឃ្លើនរបស់ពួកគេ ដោយការផ្សព្វផ្សាយ និងចែកចាយព័ត៌មានក្លែងក្លាយឥតមានញញើត ឬខ្លាចរអាអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ពួកគេបានបង្កើតព័ត៌មានក្លែងក្លាយ ក្នុងបំណងធ្វើឱ្យមានចលាចលក្នុងសង្គម និងចង់ឱ្យប្រទេសកម្ពុជា ធ្លាក់ក្នុងស្ថានភាពវឹកវរ។ ពួកគេមិនដែលខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរឡើយ អ្វីក៏ពួកគេហ៊ានធ្វើដែរ ឱ្យ​តែផ្តល់ផលចំណេញដល់យុទ្ធសាស្ត្រដណ្តើមអំណាចដ៏អាក្រក់របស់ពួកគេ។

ចំពោះព័ត៌មានស្តីពីសុខភាពរបស់លោក ហ៊ុន សែន វិញ ត្រូវបានពួកគេប្រើប្រាស់ជាប្រធានបទប្រចាំត្រកូល និងសំខាន់បំផុត ក្នុងការបំពុលសង្គម។ ដោយពួកគេដឹងយ៉ាងច្បាស់ថា ព័ត៌មានពាក់ព័ន្ធនឹងសុខភាពរបស់ លោក ​ហ៊ុន សែន បុរសខ្លាំងកម្ពុជា គឺវាសំខាន់ និងពាក់ព័ន្ធដល់សន្តិសុខជាតិទាំងមូល។ សម្រាប់អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា គឺសុទ្ធតែបានដឹងថា ប្រធានបទអំពីសុខភាពលោក ហ៊ុន សែន ត្រូវបានក្រុមប្រឆាំង ដែលបំពុលសង្គម ប្រើប្រាស់ជាញឹកញយដើម្បីបោកប្រាស់អ្នកប្រើប្រាស់បណ្តាញសង្គម។ ទង្វើរបស់ពួកក្រុមបំពុលសង្គមនេះ គឺមិនខុសអីពីមេកើយរបស់ពួកគេទេ ដែលធ្វើនយោបាយចាំបន់ឱ្យគេស្លាប់ តែលទ្ធផលគឺការបរាជ័យ និងរលាយរលត់ខ្លួនឯងទៅវិញ។ មួយវិញទៀត ដោយសារតែព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹងសុខភាពរបស់លោក ហ៊ុន សែន ត្រូវបានបំភ្លៃជាញឹកញាប់នោះ បានធ្វើឱ្យសាធារណៈមតិទូទៅ បានដឹងពីឧបាយកលដ៏អាក្រក់របស់ក្រុមប្រឆាំង និងលែងមានអ្នកជឿលើការបោកប្រាស់របស់ក្រុមនេះតទៅទៀត។ ជាក់ស្តែងអ្នកលេងបណ្តាញសង្គម Facebook បានធ្វើការរិះគន់ចំៗ ចំពោះក្រុមផ្សព្វផ្សាយព័ត៌មានប្រឌិត ពាក់ព័ន្ធនឹងសុខភាពរបស់លោក ហ៊ុន​ សែន ដោយបញ្ចេញយោបល់ថា «ការប្រឌិតរឿងអ៊ីចឹងៗ តើឲ្យខ្មែរណាជឿ? នេះបញ្ជាក់ឲ្យកាន់តែឃើញយ៉ាងច្បាស់ថា ពួកប្រឆាំងកាន់តែអស់ផ្លូវមែនទែនហើយ។ ប្រើនយោបាយបំផ្លើស បំភ្លៃ ចាក់ចុច បំបែកបំបាក់ ទៅអត់រួច ឥឡូវប្រើនយោបាយបន់ឲ្យគេឆាប់ស្លាប់។ ចង់សួរថា បើ ហ៊ុន សែន ស្លាប់ តើខ្លួនបានកាន់អំណាចឬ?» ។ អ្នកលេងបណ្តាញសង្គមខ្លះទៀត ជេរដៀលថា «អាអ្នកផុសហ្នឹង រន្ទះបាញ់អី ម៉ាង៉ៃៗរកនឹកឃើញតែរឿងមិនបានការ មកផុសចឹង?» ។ «សង្ស័យតែខួរក្បាល ឆ្កួតអស់ហើយទេដឹង? ឆ្កួតនឹងចង់ឈ្នះពេក! ប្រឌិតរឿងមិនចេះចប់! ស្មានថាពលរដ្ឋខ្មែរទាំងអស់ ឆ្កួតតាមឯងឬ?»។ និយាយជារួមអ្នកដែលដឹងពីការពិត គ្មានអ្នកណាទៅជឿព័ត៌មានក្លែងក្លាយប្រឌិត របស់​ក្រុមបំពុលសង្គមឡើយ។ តែអ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺ អ្នកដែលមិនបានដឹងពីចរិត​ និងសារជាតិរបស់ក្រុមបំពុលសង្គមនេះ ហើយជឿលើព័ត៌មានក្លែងក្លាយរបស់ពួកគេដោយខ្វះការពិចារណា។

ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅ នៅពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានបញ្ហាគ្រេចស្មាបន្តិចបន្តួច ហើយត្រូវទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យ ពួកក្រុមបំពុលសង្គមបានឆ្លៀតឱកាសនេះ បំភ្លៃថាលោក ហ៊ុន សែន បានធ្លាយក្រពះ កំពុងសង្គ្រោះបន្ទាន់នៅបរទេស និងក្រោយមកថា លោក ហ៊ុន សែន បានបាត់បង់ជីវិតជាដើម។ ការពិតនៅតែជាការពិត លោក ហ៊ុន សែន មិនមានបញ្ហាអ្វី ដូចការប្រឌិតរបស់ពួកគេឡើយ ផ្ទុយទៅវិញលោកបានជាសះស្បើយ ពីបញ្ហាគ្រេចស្មាក្នុងរយៈពេលដ៏ខ្លី និងបានចេញបង្ហាញមុខជាសាធារណៈ ក្នុងកម្មវិធីនានា កាលពីពេលថ្មីៗនេះ។ លោក ហ៊ុន សែន ក៏បានផ្ញើរសារទៅក្រុមប្រឆាំង ដែលផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ថាលោកធ្លាយក្រពះថា «ឈប់បានឈប់ទៅ ព្រោះការធ្វើនយោ​បាយរង់ចាំឱ្យលោកស្លាប់ ដើម្បីដណ្តើមអំណាច សូមរង់ចាំជាតិក្រោយទៅចុះ! យមរាជមិនត្រូវការជីវិតលោកទេ ព្រោះយមរាជត្រូវការឱ្យលោកនៅបន្តបម្រើប្រជាជន និងកំចាត់ពួកក្បត់ជាតិ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍបន្តទៅទៀត។

ជាការពិត បើទោះបីជាពួកគេ ខិតខំប្រឌិតព័ត៌មានក្លែងក្លាយយ៉ាងណា ក៏ពួកគេមិនអាចទទួលបានជោគជ័យ តាមរយៈយុទ្ធសាស្ត្រដ៏ស្មោកគ្រោករបស់ពួកគេឡើយ។ ដូចគ្នានេះដែរ ការបំពុលព័ត៌មានក្លែងក្លាយ នឹងសាបរលាបជាបណ្តើរៗ ខណៈដែលមហាជនទូទៅ ដឹងពីសារជាតិពិតរបស់ពួកក្រុមដែលធ្វើរឿងនេះជាក់ជាមិនខាន។ ទោះបីជាបែបនេះក្តី ខ្ញុំយល់ឃើញថា ដើម្បីទប់ស្កាត់នូវការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំពុលសង្គម និងដើម្បីការពារផលអាក្រក់ណាមួយ ដែលកើតចេញពីការប្រឌិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញក្រសួងមហាផ្ទៃ គួរតែចាត់វិធានការ ឱ្យបានតឹងរ៉ឹងចំពោះជនអគតិ និងបំពុលសង្គមទាំងនេះ។ សមត្ថកិច្ចមិនត្រូវបន្ធូរបន្ថយ ឬយោគយល់ចំពោះពួកគេឡើយ។ គួរចាត់វិធានការឱ្យបានទាន់ពេលវេលា ផៀសវាងបណ្តែតបណ្តោយឱ្យពួកនេះ អាចធ្វើសកម្មភាពយ៉ាងគឃ្លើន លើបណ្តាញផ្សព្វផ្សាយសង្គមតទៅទៀត ដែលនាំទៅរកភាពចលាចល ឬបញ្ហាណាមួយ ដែលអាចកើតមានឡើងជាយថាហេតុ៕

ដោយ៖ ស ជាតិ

អត្ថបទទាក់ទង