ខ្មែរប៉ុស្ដិ៍ Close

    លិខិតមិត្តអ្នកអាន៖ ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ សម រង្ស៉ី ជាផែនការធ្វើបដិវត្តន៍ពណ៌ក្រោមទិសស្លោក «ការផ្លាស់ប្តូរ»

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1260
    លិខិតមិត្តអ្នកអាន៖ ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ សម រង្ស៉ី ជាផែនការធ្វើបដិវត្តន៍ពណ៌ក្រោមទិសស្លោក «ការផ្លាស់ប្តូរ»លិខិតមិត្តអ្នកអាន៖ ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ សម រង្ស៉ី ជាផែនការធ្វើបដិវត្តន៍ពណ៌ក្រោមទិសស្លោក «ការផ្លាស់ប្តូរ»

    ការប្រកាសកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ជាកាលបរិច្ឆេទនៃការវិលត្រឡប់ចូលប្រទេសកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី១៦ ខែសីហាម្សិលមិញ បានបង្កើតការសង្ស័យជាថ្មីទៀតថាវាគ្រាន់តែជាការបោកបញ្ឆោតសកម្មជនរបស់ខ្លួន និងបង្កើតព្រឹត្តិការណ៍ថ្មី ដើម្បីកុំឱ្យគេភ្លេចមុខនិងឈ្មោះ ក្រុមរបស់ខ្លួនតែប៉ុណ្ណោះ ដោយសារតែមិនមែន សម រង្ស៊ី ខ្លួនឯងឡើយដែលបានប្រកាសថា នឹងវិលត្រឡប់មកវិញ ប៉ុន្តែជាអ្នកញៀនល្បែង អេង ឆៃអ៊ាង ដែលនិយាយជំនួស សម រង្ស៊ី និងជាអ្នកចេញសេចក្តីប្រកាសព័ត៌មានក្រោមឆ័ត្រខ្មោចបក្សសង្ក្រោះជាតិដែលខ្លួនដណ្តើមបានពី កឹម សុខា។ អេង ឆៃអ៊ាង ដែលទើបតែត្រូវបានគេទម្លាយវិដេអូចូលលេងល្បែង ក្នុងកាស៊ីណូនៅសហរដ្ឋអាមេរិក ជាទីដែលគាត់កំពុងសម្ងំលាក់ខ្លួនក្រោយរត់ចោលស្រុក។

    នៅក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី និងវីអូអេ អេង ឆៃអ៊ាង មានភាពស្រពិចស្រពិលក្នុងការបញ្ជាក់ពីភាពប្រាកដប្រជានៃការវិលត្រឡប់របស់ សម រង្ស៊ី នេះនិងបានលើកឡើងថា ពីពេលនេះរហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា អាចមានការប្រែប្រួលគ្រប់ពេល គឺមិនអាចទស្សន៍ទាយបានទេ។ នេះគឺជាល្បិចកលមួយដែល ក្រុមប្រឆាំងតែងតែ ប្រើដើម្បីគេចពីការសន្យារបស់ខ្លួនដូចសព្វមួយដង។ សម រង្ស៊ី ក៏អាចយកលេសថា ខ្មោចគណបក្សសង្គ្រោះជាតិមិនបានឱ្យខ្លួនវិលមកទេ ដូចដែល សម រង្ស៊ី តែងតែលើកមកប្រើប្រាស់ពេលការកំណត់វេលាចូលស្រុករបស់ខ្លួនខិតជិតមកដល់។ ប៉ុន្តែលើកនេះមនុស្សម្នាឈប់ជឿ បាត់អស់ទៅហើយព្រោះគេដឹងចរិតនយោបាយមាន់សម្លរនិងខ្លាចគុករបស់ សម រង្ស៊ី ច្បាស់ណាស់។

    ដូច្នេះបង្ហាញយ៉ាងច្បាស់ថា ការកំណត់យកថ្ងៃទី៩ ខែវិច្ឆិកានៃការវិលត្រឡប់មកវិញរបស់ក្រុមជនក្បត់ជាតិ សម រង្ស៊ី គឺដើម្បីចិញ្ចឹមចលនាប្រឆាំងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ និងជាការឆ្លៀតឱកាសពេលដែលសហភាពអឺរ៉ុបបាន និងកំពុងពិចារណាបន្ថែមលើការអនុគ្រោះពន្ធលើទំនិញកម្ពុជា។ ការអះអាងថា ការវិលត្រឡប់មកវិញរបស់សមរង្ស៊ីដើម្បីជួយដោះស្រាយបញ្ហា EBA គឺគ្រាន់តែជាលេសប៉ុណ្ណោះ ខណៈក្រុមប្រឆាំងនេះហើយដែលបានដើរអង្វរបរទេសបំផ្លាញសេដ្ឋកិច្ចកម្ពុជា បំបែកឆ្នាំងបាយប្រជាជនកម្ពុជាជាពិសេសកម្មករកម្មការិនីដោយលត់ជង្គង់អង្វរកុំផ្តល់ជំនួយ កុំវិនិយោគ និងកុំទិញទំនិញពីកម្ពុជា។ ប៉ុន្តែ ពេលនេះក្រុមវង្វេងជាតិទាំងនេះបែរជាមកធ្វើចិត្តល្អ តាំងខ្លួនជាអ្នកស្នេហាជាតិ យំស្រែកចង់មកជួយដោះស្រាយបញ្ហាទៅវិញ។

    តែតាមពិតទឹកភ្នែក និងស្រែកយំរបស់ក្រុមជនក្បត់ជាតិ សម រង្ស៊ី អេង ឆៃអ៊ាង និងមូរ សុខហួរ ជាទឹកភ្នែកក្រពើ និងសម្រែកយំរបស់ក្រុមជនបំផ្លាញជាតិប៉ុណ្ណោះ។ ការប្រកាសថ្ងៃនៃការវិលត្រឡប់មកកម្ពុជាវិញនេះគឺដើម្បីអាច សម រង្ស៊ី ធ្វើតេស្តកម្លាំងថា មានអ្នកគាំទ្រខ្លួនដែរឬទេ ព្រោះចាប់តាំងពីដើមរៀងមក សម រង្ស៊ី តែងតែបន្តការអនុវត្តផែនការបដិវត្តន៍របស់ខ្លួនជានិច្ច ដោយបានបង្កការញុះញង់ ចលាចលក្នុងសង្គមតាមរយៈការញុះញង់កងកម្លាំងប្រដាប់អាវុធមិនឱ្យស្តាប់បញ្ជា ការបញ្ឆេះកំហឹងជាតិ សាសន៍ប្រឆាំងនឹងជនបរទេសរស់នៅកម្ពុជាការញុះញង់ពលរដ្ឋឱ្យរំលោភបំពានសាលដីការបស់តុលាការកំពូលដែលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ប្រតិបត្តិករនៃផែនការបដិវត្តន៍ពណ៌និងដើម្បីបុព្វហេតុនៃការផ្លាស់ប្តូរ។ អេង ឆៃអ៊ាង ដែលជាអ្នកមេគំនិតធ្វើបក្សប្រហារក៏បាននិយាយកាលពីថ្ងៃទី១៦ ខែសីហា ជាមួយវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ពាក្យសម្តីមួយម៉ាត់ណាក៏បង្កប់ដោយការញុះញង់ បង្កចលាចលដើម្បីគោលដៅ «ការផ្លាស់ប្តូរ» ដែរ ក្រោមរូបភាពស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែល ចៅហ្វាយនាយបរទេសរបស់ពួកគេក៏តែងតែលើកឡើងដែរ។

    តើផ្លាស់ប្តូរអ្វីទៅបើកម្ពុជាកំពុងមានសុខសន្តិភាព មានការអភិវឌ្ឍ ហើយប្រជាជនកម្ពុជាកំពុងតែរស់នៅក្នុងសេចក្តីសុខ សប្បាយរីករាយនិងការអភិវឌ្ឍនោះ? តើអ្វីដែលជាគោលបំណងនយោបាយពិតប្រាកដនៃពាក្យថា «ការផ្លាស់ប្តូរ» ឬ«ការផ្លាស់ប្តូរជាវិជ្ជមាន» ដែលទណ្ឌិត សម រង្ស៉ី និងក្រុមក្បត់ជាតិរបស់ខ្លួនបាន លើកឡើងនៅក្នុងសារនយោបាយរបស់ខ្លួននោះ?
    សម្រាប់អ្នកតាមដានសភាពការណ៍នយោបាយកម្ពុជា ពាក្យថា «ផ្លាស់ប្តូរ» ឬ «ផ្លាស់ប្តូរជាវិជ្ជមាន» ដែល សម រង្ស៉ី និងបក្ខពួកខ្លួន តែងលើកឡើងគឺមានបង្កប់នូវល្បិចកលនយោបាយដ៏ពិសពុល ក្នុងការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ជាថ្មី ដើម្បីដណ្តើមអំណាច ដែលជាវិធីខុសច្បាប់ និងមិនប្រជាធិបតេយ្យ ហើយដែលអាចនាំគ្រោះថ្នាក់ដល់ជាតិនិងប្រជាជនកម្ពុជា។

    ចុងក្រោយនេះ ទណ្ឌិត សម រង្ស៉ី និងបក្ខពួក បន្ទាប់ពីដណ្តើមបានតួនាទីដឹកនាំក្រុមប្រឆាំងក្រៅប្រទេសពី កឹម សុខា រួចមក ក៏បានប្រកាសជាចំហអំពីផែនការវិលត្រឡប់មកកម្ពុជាវិញ។ សម្រាប់អ្នកវិភាគនយោបាយខ្មែ បានមើលឃើញច្បាស់ថា ផែនការនៃការវិលត្រឡប់នេះ គឺធ្វើឡើងនៅក្នុងរបៀបវារៈនៃដំណើរឆ្ពោះទៅកាន់ ការប៉ុនប៉ងជាថ្មី ដើម្បីធ្វើបដិវត្តន៍ពណ៌ដណ្តើមអំណាច បន្ទាប់ពីចលនាបដិវត្តន៍ពណ៌នេះ បានបរាជ័យ និងដួលរលំជាស្ថាពរនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ មានហេតុផលសំខាន់ៗ និងច្បាស់លាស់ចំនួន៣ដែលបង្ហាញថាការប្រកាសពីការវិលត្រឡប់របស់ សម រង្ស៊ី នេះ គឺជាល្បិចកលនយោបាយ និងគ្មានគោលដៅអ្វីក្រៅពីប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នោះឡើយ៖

    ហេតុផលទី១៖ សម រង្ស៊ី គឺជាទណ្ឌិត ដែលអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាមានដីកាពីតុលាការដើម្បីស្វែងរកចាប់ខ្លួន។ ដំបូងគេនឹកស្មានតែ សម រង្ស៊ី ជាមនុស្សក្លាហាន ដែលប្រកាសចូលស្រុកហ៊ានឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនដើម្បីប្រឈមនឹងការអនុវត្តច្បាប់របស់តុលាការ។ ប៉ុន្តែតាមការសិក្សាប្រវត្តិរបស់ សម រង្ស៉ី កន្លងមក សម រង្ស៉ី ជាមនុស្សខ្លាចគុក ខុសពី កឹម សុខា ហើយតែងរត់ចោលស្រុក ដើម្បីគេចខ្លួននៅពេលមានដីកាចាប់ខ្លួនពីតុលាការ។ សម រង្ស៊ី តែងទទួលរងការរិះគន់អំពីរឿងនេះ ជាពិសេសពីសំណាក់ក្រុម កឹម សុខានិយម ប៉ុន្តែ សម រង្ស៉ី តែងលើកឡើងការពារខ្លួនថា ការរត់ទៅក្រៅស្រុក ដើម្បីបន្តការតស៊ូនៅក្រៅប្រទេសប្រសើរជាងជាប់គុកឥតប្រយោជន៍ដូច កឹម សុខា និង ស្លាប់ដោយគ្មានន័យដូច កែម ឡី។ ដូច្នេះការប្រកាសពីការវិលត្រឡប់វិញរបស់ សម រង្ស៊ី ទោះបីជាពេលនេះបានកំណត់កាលបរិច្ឆេទច្បាស់លាស់នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែពុំមែនក្នុងហេតុផលឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនដើម្បីប្រឈមនឹងការអនុវត្តច្បាប់នោះឡើយ។

    ហេតុផលទី២៖ ការប្រកាសវិលត្រឡប់វិញរបស់ សម រង្ស៊ី នៅឆ្នាំ ២០១៩ ខុសពីស្ថានភាពនៅខែកក្កដា ឆ្នាំ ២០១៣។ នៅឆ្នាំ ២០១៣ ការវិលត្រឡប់របស់ សម រង្ស៉ី មកកម្ពុជា គឺមានព្រះរាជក្រឹត្យលើកលែងទោសពីព្រះមហាក្សត្រ ហើយនៅពេលនោះ សម រង្ស៉ី គឺជាប្រធានគណបក្សសង្គ្រោះជាតិស្របច្បាប់ ដែលត្រូវចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នៃរដ្ឋសភា តាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស។ ដូច្នេះការវិលត្រឡប់របស់ សម រង្ស៊ី នៅពេលនោះ គឺមានហេតុផលត្រឹមត្រូវ។ ប៉ុន្តែការប្រកាសវិលត្រឡប់មកវិញរបស់ទណ្ឌិត សម រង្ស៊ី នៅឆ្នាំ២០១៩ នេះ គឺមិនដូចកាលពីឆ្នាំ២០១៣ ឡើយដោយសារនៅពេលនេះ សម រង្ស៊ី ជាទណ្ឌិតដែលមានដីកាស្វែងរកចាប់ខ្លួន និងមេដឹកនាំនៃចលនានយោបាយខុសច្បាប់ នៅក្រៅប្រទេស។ ម្យ៉ាងទៀតការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត រៀងរាល់៥ឆ្នាំ បានប្រព្រឹត្តទៅរួចទៅហើយកាលពីឆ្នាំ២០១៨។ ដូច្នេះ ការប្រកាសវិលត្រឡប់មកវិញរបស់ សម រង្ស៉ី នាពេលនេះ គឺមិនមែនក្នុងហេតុផលដើម្បីចូលរួមក្នុងការបោះឆ្នោតនោះទេ។ គ្រប់គ្នានៅចាំបានច្បាស់ថា នៅពេលដែលកម្ពុជារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ កាលពីឆ្នាំ ២០១៨ កន្លងទៅ សម រង្ស៉ី បានដឹកនាំយុទ្ធនាការបំផ្លាញចោល ការបោះឆ្នោតនេះ តាមរយៈការរារាំងមិនឱ្យគណបក្សនានាចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត និងការរារាំងមិនឱ្យពលរដ្ឋចេញទៅបោះឆ្នោត ក្រោមទិសស្លោក «ដេកផ្ទះ ឈ្នះឯង»។ ប៉ុន្តែយុទ្ធនាការនេះបានទទួលបរាជ័យ ដោយសារការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ បានប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរី និងរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់របស់កម្ពុជា ព្រមទាំងមានគណបក្សនយោបាយចំនួន ២០ បានចូលរួមប្រកួតប្រជែង ហើយអ្នកបោះឆ្នោតចំនួន ៨៣,០២% បានចេញទៅបោះឆ្នោត។

    ហេតុផលទី៣៖ ក្នុងផែនការនៃការវិលត្រឡប់របស់ សម រង្ស៊ី មកកម្ពុជាវិញ ក្រុមប្រឆាំងនៅក្រៅប្រទេសបានរៀបចំសកម្មភាពចំនួន ៥៖
    ១)-បង្កើតក្រុមការងាររៀបចំកម្លាំងទទួលទណ្ឌិត សម រង្ស៊ី
    ២)-ពង្រីកសកម្មភាពការទូត
    ៣)-ពង្រីកការផ្សព្វផ្សាយព័ត៌មានជុំវិញបញ្ហារសើបៗនៅក្នុងសង្គមដើម្បីបញ្ឋេះកំហឹងប្រជាពលរដ្ឋសំដៅជំរុញចលនាខាងក្នុងដែលបានបាត់បង់ជំនឿ និងសេចក្តីទុកចិត្តលើខ្លួនឱ្យកម្រើកឡើងវិញ
    ៤)-ទំនាក់ទំនងឱ្យស្អិតរមួតជាមួយមជ្ឈដ្ឋានអ្នកប្រជាធិបតេយ្យដើម្បីបង្ហាញថាខ្លួននៅតែមានសកម្មភាពនិងមានគេទទួលស្គាល់ និង
    ៥)-រៀបចំថវិកាសម្រាប់អនុវត្តផែនការ។ បន្ថែមលើ សកម្មភាពទាំង ៥ គោលដៅខាងលើ សម រង្ស៉ី បានចាប់ផ្តើមឃោសនាឱ្យកម្លាំងក្នុងស្រុក ប្រឆាំងនឹងរាជរដ្ឋាភិបាល តាមរយៈការញុះញង់ឱ្យកម្លាំងប្រដាប់អាវុធបះបោរ និងការបញ្ឆេះកំហឹងសង្គមដើម្បីញុះញង់ឱ្យប្រជាជនបះបោរប្រឆាំងនឹងអាជ្ញាធរមានសមត្ថកិច្ច តាមរយៈបំផុស បំភាន់ បំភ្លៃ និងបំផ្លើសព័ត៌មានលើបញ្ហារសើបរបស់សង្គមតាមគ្រប់រូបភាព។

    ការរៀបចំកម្លាំងប្រឆាំងខាងក្នុងដើម្បីគាំទ្រ និងស្វាគមន៍ការវិលត្រឡប់មកវិញរបស់ សម រង្ស៉ី គឺធ្វើឡើងក្នុងល្បិចកល ដើម្បីប្រើប្រាស់កម្លាំងទាំងនេះ ជាខែលការពារខ្លួនផង និងជាកម្លាំងប្រឆាំងនឹងការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចផង។ ដូច្នេះ ច្បាស់ណាស់ថា គោលដៅនយោបាយពិតប្រាកដនៅពីក្រោយការប្រកាសវិលត្រឡប់របស់ សម រង្ស៉ី គឺការប៉ុនប៉ងប្រមូលកម្លាំងជាថ្មី ដើម្បីដឹកនាំចលនាបដិវត្តន៍ពណ៌ជាថ្មី ដើម្បីមហិច្ឆតាអំណាចផ្ទាល់ខ្លួន។ ការបញ្ចុះបញ្ចូលឱ្យអឺរ៉ុបដក EBA ពីកម្ពុជា និងការបញ្ចុះបញ្ចូលឱ្យអាមេរិកដាក់ទណ្ឌកម្មលើកម្ពុជា គឺជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តផែនការដ៏ពិសពុលរបស់ សម រង្ស៊ី ក្នុងគោលបំណងរុញច្រានឱ្យកម្ពុជាធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច និងសង្គម ដែលជាកត្តាអនុគ្រោះផ្នែកនយោបាយសម្រាប់ក្រុមប្រឆាំងញុះញង់ប្រមូលកម្លាំង ដើម្បីធ្វើបដិវត្តន៍ពណ៌ជាថ្មី។

    ផ្អែកលើហេតុផលខាងលើ គ្រប់គ្នាមានភាពប្រាកដនិយមថាផែនការនៃការវិលត្រឡប់របស់ សម រង្ស៊ី ដើម្បីមកដឹកនាំធ្វើបដិវត្តពណ៌ជាថ្មី ក្នុងការដណ្តើមអំណាចនៅកម្ពុជា គឺនឹងមិនអាចសម្រេចតាមផែនការ និងគោលដៅបាននោះឡើយដោយហេតុថា ៖

    ទី១៖ ការវិលត្រឡប់ចូលស្រុកវិញរបស់ សម រង្ស៊ី ក្នុងល្បិចកលដើម្បីប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ជាថ្មី គឺជាអំពើខុសច្បាប់ ដែលអាជ្ញាធរមានសមត្ថកិច្ច បានត្រៀមលក្ខណៈម្ចាស់ការទាំងផ្នែកកម្លាំង និង មធ្យោបាយអនុវត្តគ្រប់ជ្រុងជ្រោយរួចហើយ។ ការរៀបចំកម្លាំងក្នុងមួយឃុំចំនួន ៥ នាក់ ក្រោមលេសទៅទទួលទណ្ឌិត សម រង្ស៊ី ត្រឡប់មកវិញ គឺជាការចូលរួមក្នុងផែនការបដិវត្តន៍ពណ៌ ដែលជាទង្វើខុសច្បាប់ ហើយអាជ្ញាធរមានសមត្ថកិច្ចអាចចាត់វិធានការច្បាប់ បាននៅគ្រប់ពេល ហើយកន្លងទៅនេះ អ្នកដែលមិនគោរព តាមសាលដីកាតុលាការកំពូលជាច្រើននាក់ត្រូវបានកោះហៅទៅសាកសួរ និងខ្លះដែលនៅតែងងើលបន្តបំ ពានសាលដីកាក៏ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួននិងធ្វើការចោទប្រកាន់ផងដែរ ព្រោះក្នុងតម្លៃណា ក៏ដោយកម្ពុជានឹងមិនអនុញ្ញាតឱ្យក្រុមប្រឆាំងមួយក្តាប់តូចបំផ្លាញសុខសន្តិភាពនិងការអភិវឌ្ឍឡើយ។

    ទី២៖ ប្រជាជនកម្ពុជាជាអ្នកស្រឡាញ់សន្តិភាព និងយល់ដឹងច្បាស់ថា ការចូលរួមធ្វើបដិវត្តន៍
    ពណ៌ ដើម្បីមហិច្ឆតាអំណាចរបស់ សម រង្ស៊ីនិងបក្ខពួក គឺជាការបំផ្លាញសន្តិភាព សេចក្តីសុខរបស់ប្រជាជន និងការអភិវឌ្ឍរបស់ប្រទេសជាតិ។

    ទី៣៖ ប្រជាជនកម្ពុជាយល់ដឹងច្បាស់ណាស់ថា ការឡើងកាន់អំណាចនៅកម្ពុជា គឺត្រូវធ្វើឡើងដោយការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅរៀងរាល់ ៥ ឆ្នាំម្តង។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ បានប្រព្រឹត្តទៅរួចហើយកាលពីឆ្នាំ២០១៨ ហើយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ នឹងត្រូវប្រព្រឹត្តទៅនៅក្នុងឆ្នាំ២០២៣ ខាងមុខ។

    ទី៤៖ សាធារណមតិជាតិ និងអន្តរជាតិ បានដឹងយ៉ាងច្បាស់ថាតាមច្បាប់ខ្មោចគណបក្សសង្គ្រោះជាតិដែលតុលាការរកឃើញថា បានឃុបឃិតនិងជាឧបករណ៍បដិវត្តន៍ពណ៌នឹងមិនអាចរស់ឡើងវិញឡើយ ហើយក៏គ្មានការបោះឆ្នោតឡើងវិញដែរ អាសនៈសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្រុង ស្រុកខណ្ឌ ខេត្តរាជធានីនៃខ្មោចគណបក្សសង្គ្រោះជាតិក៏នឹងមិនអាចរស់ឡើងវិញដែរ។

    អ្នកវិភាគនយោបាយកម្ពុជា មើលឃើញថា ការប្រកាសវិលត្រឡប់ចូលស្រុកវិញរបស់ សម រង្ស៉ី ក្នុងពេលនេះគឺជាដំណើរក្នុងស្ថានភាពប្រថុយប្រថាន ដែលនឹងនាំគ្រោះថ្នាក់ដ៏ធំសម្រាប់រូបទណ្ឌិត សម រង្ស៊ី ហើយអ្នកចាញ់បោកក្នុងឧបាយកលនយោបាយរបស់ក្រុមប្រឆាំង ដោយចូលរួមគាំទ្រចលនាបដិវត្តន៍ពណ៌ជាថ្មី ក្រោមលេសនៃ «ការផ្លាស់ប្តូរ» ក៏នឹងត្រូវរងគ្រោះថ្នាក់ និងប្រឈមមុខនឹងផ្លូវច្បាប់ដោយគេចមិនផុតផងដែរ។

    ជារួមប្រជាជនកម្ពុជាមិនត្រូវការឡើយនូវបដិវត្តន៍ពណ៌ គឺប្រជាជនកម្ពុជាត្រូវការសន្តិភាព និងការអភិវឌ្ឍ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស តាមរយៈការចាត់តាំងឱ្យមានបោះឆ្នោតជាទៀងទាត់ នៅរៀងរាល់ ៥ ឆ្នាំម្តង ស្របតាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ!

    ដោយ៖ ចៅចាក់ស្មុក
    ស្រុកកំចាយមារ ខេត្តព្រៃវែង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩

    អត្ថបទទាក់ទង