ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជា នឹងរៀបចំមហោស្រពអូពេរ៉ាអន្តរជាតិលើកដំបូងក្នុងតំបន់អង្គរ ដើម្បីអបអរខួប ២៥ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1680
    កម្ពុជា នឹងរៀបចំមហោស្រពអូពេរ៉ាអន្តរជាតិលើកដំបូងក្នុងតំបន់អង្គរ ដើម្បីអបអរខួប ២៥ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរាកម្ពុជា នឹងរៀបចំមហោស្រពអូពេរ៉ាអន្តរជាតិលើកដំបូងក្នុងតំបន់អង្គរ ដើម្បីអបអរខួប ២៥ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា

    នាថ្ងៃទី១៩-២៣ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ កម្ពុជា នឹងរៀបចំមហោស្រពអូពេរ៉ាអន្តរជាតិលើកដំបូង ក្នុងតំបន់អង្គរ ដើម្បីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើត អាជ្ញាធរជាតិអប្សរា ក្រោ មការសហការរៀបចំរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរា ជាមួយមហោស្រពអូពេរ៉ា Mozard at Angkor។ ព្រឹត្តិការណ៍មហោស្រពអន្តរជាតិនេះ នឹងត្រូវបើកជាផ្លូវការក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងនោះក៏គ្រោងនឹងមានការចូលរួមដោ យសិល្បករ-សិល្បការិនីមកពីជុំវិញពិភពលោក និងការចូលរួមរបស់ក្រុមសិល្បៈកម្ពុជាសរុបប្រមាណជាង ៧០នាក់ ដែលរៀបចំនៅក្នុងទម្រង់ជាការសម្ដែងទស្សនីយភាព Mozart។

    ដើម្បីស្នើសុំការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ប្រធានដឹកនាំរៀបចំការសម្ដែងមហោស្រពអូពេរ៉ា Mozard at Angkor លោក Aaron Carpene បានចូលជួបសម្ដែងការគោសមជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដើម្បីរាយការណ៍នូវគម្រោងរៀបចំព្រឹត្តិការណ៍សម្តែងទស្សនីយភាព មហោស្រពអូពេរ៉ាអន្តរជាតិនេះ។

    លោក ថោង ខុន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះរៀបចំព្រឹត្តិការណ៍នេះ ពីព្រោះវាក៏ស្របពេលដែលក្រសួងទេសចរណ៍កំពុងជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍តំបន់ខេត្តសៀមរាប-អង្គរ ទៅកាន់ពិភពលោកបន្ថែមទៀត។ លោករដ្ឋមន្ត្រី បានបង្ហាញការជឿជាក់ថា ព្រឹត្តិការណ៍នេះ នឹងក្លាយជាផលិតផលទេសចរណ៍វប្បធម៌ ជួយផ្សព្វផ្សាយដល់សម្បត្តិវប្បធម៌ អរិយធម៌ និងសិល្បៈដ៏សម្បូរបែប អច្ឆរិយភាពនៃអង្គរ និងគោលដៅទេសចរណ៍សៀមរាបអង្គរដល់ទេសចរអន្តរជាតិ។

    ពិសេសទេសចរអឺរ៉ុប បន្ទាប់ពីព្រឹត្តិការណ៍ទេសចរណ៍កីឡា រួមមាន៖ Angkor Full Marathon, International Half Marathon, Raid Amazon ជាដើម។ ម៉្យាងវិញទៀត ទស្សនីយភាពមហោស្រពអូពេរ៉ាអន្តរជាតិ Mozard at Angkor ខាងលើជាបុរេព្រឹត្តិការណ៍ដ៏សំខាន់ដើម្បីរឹតចំណងមិត្តភាពនិងការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជានិងអឺរ៉ុបដែលនៅក្នុងឆ្នាំ២០២០ ខាងមុខនេះ កម្ពុជាមានមោទនភាពធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM 2020)។

    រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្ថែមថា កន្លងមក ក្រសួងទេសចរណ៍ធ្លាប់សហការរៀបចំកម្មវិធីសម្តែងសិល្បៈអន្តរជាតិជាច្រើនមកហើយដែរ ដូចជា José Carera នៅឆ្នាំ២០០២ Ramayana, Trail of Civilization និងព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិរួមគ្នាជាមួយឥណ្ឌា ចិន កូរ៉េ អាស៊ាន។ ក្រសួងទេសចរណ៍ នឹងស្នើសុំទៅរាជរដ្ឋាភិបាល សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរដែនដី រៀបចំក្រុមការងារអន្តរក្រសួងដើម្បីជួយសម្រមសម្រួល សហការរៀបចំកម្មវិធីខាងលើឱ្យបានរលូន និងទទួលបានជោគជ័យ។ លោកបានស្នើឱ្យមានការរៀបចំព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំ ដែលនឹងក្លាយជាផលិតផលទេសចរណ៍វប្បធម៌ថ្មីមួយ បង្កើនភាពទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ពិសេសអឺរ៉ុបបន្ថែមទៀត។

    ដើម្បីឱ្យកម្មវិធីខាងលើនេះទទួលបានជោគជ័យ ក្រុមការងាររៀបចំបានស្នើសុំកិច្ចសហការ និងការគាំទ្រពីក្រសួងទេសចរណ៍ក្នុងការជួយរៀបចំ និងផ្សព្វផ្សាយកម្មវិធីខាងលើទៅកាន់ទេសចរជាតិ និងអន្តរជាតិឱ្យចូលរួមទស្សនការសម្ដែងនៅថ្ងៃបន្តបន្ទាប់៕

    អត្ថបទទាក់ទង