ខ្មែរប៉ុស្ដិ៍ Close

    ទស្សនៈមតិ៖ តើហេតុអ្វីបានជាបុរសខ្លាំង ហ៊ុន សែន សម្រេចប្តឹងទណ្ឌិត សម រង្ស៊ី ទៅតុលាការបារាំង?

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1997
    ទស្សនៈមតិ៖ តើហេតុអ្វីបានជាបុរសខ្លាំង ហ៊ុន សែន សម្រេចប្តឹងទណ្ឌិត សម រង្ស៊ី ទៅតុលាការបារាំង?ទស្សនៈមតិ៖ តើហេតុអ្វីបានជាបុរសខ្លាំង ហ៊ុន សែន សម្រេចប្តឹងទណ្ឌិត សម រង្ស៊ី ទៅតុលាការបារាំង?

    នេះជាលើកដំបូងហើយ ដែលបុរសខ្លាំង ហ៊ុន សែន បានដាក់ពាក្យបណ្តឹងជាផ្លូវការ ប្តឹងទណ្ឌិត សម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅកាន់តុលាការបារាំង នៅថ្ងៃទី២០ សីហា ឆ្នាំ២០១៩។ កន្លងមកទណ្ឌិតរូបនេះ បានធ្វើការចោទប្រកាន់និងមូលបង្កាច់លោក ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនលើកច្រើនសារមកហើយ ដែលបុគ្គលនេះឯង ក៏ធ្លាប់បានចាញ់ក្តី ជាបន្តបន្ទាប់ផងដែរ។

    តើហេតុអ្វី បានជាបុរសខ្លាំង ហ៊ុន សែន សម្រេចប្តឹងទណ្ឌិត សម រង្ស៊ី ទៅតុលាការបារាំង? ខាងក្រោមនេះគឺជាមូលហេតុចំនួន៧យ៉ាង នៅពីក្រោយបណ្តឹងរបស់បុរសខ្លាំង ហ៊ុន សែន ទៅតុលាការបារាំង ដែលទណ្ឌិត សម រង្ស៊ី និងក្រុមផ្កាប់មុខចាំបាច់ត្រូវតែដឹង!

    ទី១/ អស់ការអត់ធ្មត់ ជុំវិញទង្វើអសីលធម៌ដដែលៗ និងការចោទប្រកាន់កាន់តែធ្ងន់ធ្ងរឡើង និងអាក្រក់ឡើងៗ៖

    ភាពគឃ្លើនល្មើសច្បាប់ មួលបង្កាច់ បរិយារកេរ្តិ៍ ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ទណ្ឌិត សម រង្ស៊ី បានធ្វើឱ្យបុរសខ្លាំង អស់ការអត់ធ្មត់តទៅទៀត។ ការឈានដល់ការសម្រេចចិត្តប្តឹងប្តល់នេះ ក៏ព្រោះតែអស់ភាពអត់ធ្មត់របស់លោក ហ៊ុន សែន ដែលតែងតែមាន បានឆ្លងហួសបន្ទាត់ក្រហមហើយ។ ពាក្យចាស់ពោលថា «កុកអាចភ្លេចជុង តែជុងមិនដែលភ្លេចកុកឡើយ»។ យ៉ាងណាមិញ ទណ្ឌិត សម រង្ស៊ី អាចភ្លេចសម្តីមួលបង្កាច់របស់ខ្លួន ព្រោះតែខ្លួនបាននិយាយបែបនេះច្រើនដងពេក។ ប៉ុន្តែជនរងគ្រោះដោយការមួលបង្កាច់របស់ សម រង្ស៊ី គឺមិនដែលភ្លេចនូវការបំពានដ៏អាក្រក់នេះឡើយ។

    ទី២/ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ កុំឱ្យទណ្ឌិត សម រង្ស៊ី បានចិត្ត និងការពារការយល់ច្រឡំរបស់មនុស្សមួយចំនួនលើរូបលោក ហ៊ុន សែន៖

    ជនដែលគ្មានកំហុស មិនខ្លាចការពិតឡើយ។ លោក ហ៊ុន សែន ចាំបាច់ណាស់ ត្រូវតែទាមទាររកយុត្តិធម៌សម្រាប់ខ្លួនឯង។ លោកពិតជាត្រូវការ បញ្ជាក់ពីភាពស្អាតស្អំរបស់លោក ចំពោះការចោទប្រកាន់ដោយកំរោល របស់ទណ្ឌិត សម រង្ស៊ី គឺបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោក ព្រមទាំងក្រុមគ្រួសារយ៉ាងធ្ងន់ធ្ងរ។ បណ្តឹងរបស់ លោក ហ៊ុន សែន ក៏ដើម្បីបង្ហាញប្រាប់សាធារណៈមតិជាតិ និងអន្តរជាតិថាលោកមិនដែលរួញរាឡើយ ក្នុងការតស៊ូដើម្បីការពារយុត្តិធម៌ និងការពារសេចក្តីសុខសាន្ត របស់ប្រទេសជាតិ និងប្រជាជនរបស់ខ្លួន។ លោកធ្លាប់បានយកជីវិតធ្វើជាដើមទុន រំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបខ្មែរក្រហម។ ដូច្នេះ ត្រឹមការតស៊ូខាងផ្លូវច្បាប់ ដើម្បីការពារយុត្តិធម៌សម្រាប់ខ្លួនឯង គ្មានអ្វីត្រូវខ្លាចឡើយក្នុងនាមជា «មាសសុទ្ធមិនខ្លាចភ្លើង»

    ទី៣/ ប្រើច្បាប់ចាត់ការទណ្ឌិត ដែលប្រព្រឹត្តល្មើសច្បាប់ គឺបង្ហាញពីការប្រកាន់ខ្ជាប់នូវគោលការណ៍នីតិរដ្ឋ យកច្បាប់ជាធំ៖

    បុរសខ្លាំង ហ៊ុន សែន បានសម្រេចជ្រើសរើសយកផ្លូវច្បាប់ ក្នុងការទាមទារយុ​ត្តិធម៌ ដោយប្តឹងបុគ្គល សម រង្ស៊ី ទៅកាន់តុលាការបារាំង។ ការនិយាយបរិហារ និងការប្រមាថកាតទានដោយអសីលធម៌ និងគ្មានការទទួលខុសត្រូវ គឺមិនមែនជាសិទ្ធិសេ​រីភាពឡើយ។ ករណីបែបនេះ មិនថានៅកម្ពុជា បារាំង អង់គ្លេស ឬអាមេរិកទេ គឺជាអំពើអសីលធម៌ ដែលមិនអាចអត់ឱនបានឡើយ។ បណ្តឹងនេះ គឺជាសារមួយបញ្ជាក់ថា មនុស្សទាំងអស់ត្រូវតែនៅក្រោមច្បាប់ ហើយត្រូវមានសីលធម៌ក្នុងជីវិត។ តម្លៃសីលធម៌តាមផ្លូវតុលាការនេះ បានញែកទិដ្ឋភាពនយោបាយ ហើយបានលាតត្រដាងថា «សម រង្ស៊ី ជាជនអសីលធម៌ និងទាបថោកបាតសង្គម»។ នេះក៏ជាការព្រមាន សម រង្ស៊ី និងគូកនថា អ្នកអាចរត់គេចពីប្រព័ន្ធច្បាប់ក្នុងស្រុកបាន តែអ្នកមិនអាចរួចខ្លួនពីអំពើបំពានលើអ្នកដទៃនោះទេ ពីព្រោះប្រព័ន្ធច្បាប់មាននៅគ្រប់ទិសទី គ្រប់ប្រទេស និងមានភាពប្រទាក់ក្រឡាគ្នាដូចសំណាញ់ពីងពាង។

    ទី៤/ ការពារ ការចោទប្រកាន់ពីទណ្ឌិត សម រង្ស៊ី និងពួកផ្កាប់មុខថា ប្រើប្រាស់តុលាការអាយ៉ង៖

    ដោយ​សារ​​តែកន្លងមក នៅពេលចាញ់ក្តីម្តងៗទណ្ឌិត សម រង្ស៊ី តែងតែចោទប្រកាន់តុលាការស្រុកខ្មែរថា ជាអាយ៉ង ទើបពេលនេះ បុរសខ្លាំងសម្រេចប្តឹងទៅតុលាការបារាំងតែម្តង។ លោក ហ៊ុន សែន មិនខ្លាចនឹងភាពយុត្តិធម៌ទេ។ ប្រសិនបើពាក្យបណ្តឹងនេះ ដាក់ចូលតុលាការក្នុងស្រុក សម រង្ស៊ី ច្បាស់ជាប្រើលេសដដែលៗថា តុលាការមិនឯករាជ្យ ឬតុលាការតេឡេ ហើយបដិសេធមិនទទួលស្គាល់សាលក្រមតុលាការដូចដែលខ្លួនធ្លាប់បានធ្វើរាប់ដងមិនអស់។ ដោយសារធ្លាប់តែអួតក្អេងក្អាងប្រមាថ វាយប្រហារប្រព័ន្ធតុលាការកម្ពុជា តាមអំពើចិត្ត ប៉ុន្តែឥឡូវនេះ បណ្តឹងបានមកដល់មាត់ទ្វារផ្ទះសម រង្ស៊ី នៅស្រុកបារាំង។ តើសម រង្ស៊ី នឹងមានលេសអ្វីតវ៉ាទៀត។

    ទី៥/ ដើម្បីព្រមានពីអំពើទុច្ចរិតរបស់ទណ្ឌិត សម រង្ស៊ី លោក ហ៊ុន សែន បានប្រើយុទ្ធសាស្ត្រ តាមវ៉ៃដល់ផ្ទះតែម្តង៖

    បណ្តឹងរបស់លោក ហ៊ុន សែន គឺជាការបំបាក់យ៉ាងទាន់ហន់ចំពោះអំនួត និងភាពក្រអឺតក្រទមរបស់ សម រង្ស៊ី ដែលអះអាងថា ហ៊ុន សែន មិនហ៊ានប្តឹងគាត់ទៅតុលាការបារាំងទេ។ ការមួលបង្កាច់ ចោទប្រកាន់ដោយគ្មានការពិត និងការប្រឌិតរឿងលាបពណ៌ គឺជាបទល្មើសជាសាកល ដែលទោះក្នុងប្រទេសណាក៏ដោយ ក៏មានច្បាប់សម្រាប់ដាក់ទោសជនប្រព្រឹត្តិល្មើសដែរ។ តាមរយៈសំណុំរឿងនេះ លោក សម រង្ស៊ី នឹងបានភ្លឺភ្នែក និងយល់ច្បាស់នូវអ្វីដែលគេហៅថា សេរីភាពបញ្ចេញមតិ និងការរំលោភបំពានលើសិទ្ធិអ្នកដទៃ។ បណ្តឹងរបស់លោក ហ៊ុន សែន ធ្វើឲ្យ សម រង្ស៊ី ភ្ញាក់ផ្អើលមិននឹកស្មានដល់ថា លោក ហ៊ុន សែន មានភាពម៉ឺងមាត់ និយាយពិត ធ្វើមែន ហើយតាមវ៉ៃ សម រង្ស៊ី តាមផ្លូវច្បាប់រហូតដល់ផ្ទះនៅស្រុកបារាំង។

    ទី៦/ លែងមានទៀតហើយ វប្បធម៌សណ្តោសប្រណីជាមួយទណ្ឌិត សម រង្ស៊ី៖

    កន្លងមក សម រង្ស៊ី បានសុំទោសលោក ហ៊ុន សែន ជាច្រើន​លើក និងទទួលស្គាល់ថា ខ្លួនបានចោទប្រកាន់លោក ហ៊ុន សែន ដោយគ្មានភស្តុតាង ប៉ុន្តែជនទុច្ចរិត សម រង្ស៊ី បានលេបពាក្យសម្តីរបស់ខ្លួន ដោយគ្មានអៀន​ខ្មាស បំពាននូវសម្តីសារភាពរបស់ខ្លួន និងថែមទាំងបន្តប្រមាថ ដោយគ្មានគុណធម៌ចំពោះលោក ហ៊ុន សែន។ តាមមនសិការ និងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន និងនយោបាយរបស់លោក ហ៊ុន សែន ដែលតែងតែអន់ឱន និងអនុគ្រោះសណ្តោសប្រណី ចំពោះជនរួមជាតិរបស់លោកនោះ បុរសខ្លាំង ហ៊ុន សែន មិនចង់ប្តឹងបុគ្គល សម រង្ស៉ី នោះទេ ប៉ុន្តែការចោទប្រកាន់ខាងលើនេះ គឺមិនអាចអត់ឱនឲ្យបានជាដាច់ខាត។ ទណ្ឌិត សម រង្ស៊ី ដែលតែងតែព្យាយាមវាយប្រហារលោក ហ៊ុន សែន គ្រប់កាលៈទេសៈ ហើយតែងទទួលបាននូវការសណ្តោសប្រណៃពីលោក ហ៊ុន សែន ជាច្រើនលើករួចមកហើយ។ លោក ហ៊ុន​ សែន បានបង្កើតវប្បធម៌សន្ទនា ដើម្បីលុបបំបាត់ ទ្រឹស្តី «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» ហើយរហូតដល់លោកបានបង្កើតវប្បធម៌សន្ទនា រវាងគ្រួសារត្រកូលហ៊ុន និងត្រកូលសម ថែមទៀត។ ប៉ុន្តែ សម រង្ស៊ី បានបំផ្លាញវប្បធម៌សន្ទនាដ៏ក្មេងខ្ចី ដោយប្រើប្រាស់វិធីសាស្ត្រ​ចាប់ដៃជាន់ជើង មិនដែលឱ្យតម្លៃចំពោះគុណធម៌របស់លោក ហ៊ុន សែន ចំពោះខ្លួនឡើយ។ ដូច្នេះពេលនេះ សម រង្ស៊ី គ្មានឱកាសទទួលបានការលើកលែងទោសទៀតនោះទេ។

    ទី៧/ បញ្ចប់ជីវិតនយោបាយ និងបកអាក្រាតទង្វើទុច្ចរិតរបស់ទណ្ឌិត សម រង្ស៊ី៖

    សម រង្ស៊ី នឹងអាម៉ាស់មុខកាន់តែខ្លាំង ចំពោះទង្វើខ្វះសីលធម៌ និងល្មើសច្បាប់របស់ខ្លួន ហើយសម រង្ស៊ី នឹងចាញ់ក្តីនៅចំពោះមុខតុលា​ការបារាំង ដោយសារតែការចោទប្រកាន់គ្មានមូលដ្ឋានលើលោក ហ៊ុន សែន។​ ជីវិតនយោបាយចុងក្រោយ របស់ទណ្ឌិត សម រង្ស៊ី នឹងត្រូវបញ្ចប់ទៅដោយភាពអាម៉ាស់បំផុត ខណៈការចងចាំពីឈ្មោះ សម រង្ស៊ី គឺជាជនដែលចោទប្រកាន់គេដោយគ្មានការពិត និងជាជនដែលបំភ្លៃព័ត៌មានដ៏អាក្រក់បំផុត ក្នុងប្រវត្ថិសាស្ត្រ។ ការចាញ់ក្តីនៅតុលាការបារាំងលើកនេះ គឺវាល្មមដល់ពេលដែល សម រង្ស៊ី នឹងត្រូវធ្វើអត្តឃាតជីវិតនយោយបាយរបស់ខ្លួនហើយ។ សម រង្ស៊ី នឹងត្រូវចប់ដោយគ្មានពាក្យថ្លែង ព្រោះតែទង្វើដ៏ល្ងង់ខ្លៅរបស់ខ្លួន។

    អ្វីដែលទណ្ឌិត សម រង្ស៊ី បានប្រព្រឹត្តដោ​យបំពានច្បាប់ ក្បត់គុណធម៌ ចំពោះអ្នកដែលធ្លាប់សណ្តោសប្រណីដល់ខ្លួន និងប្រមាថចំពោះបុគ្គលដែលតែងតែអន់ឱន និងអនុគ្រោះឱ្យខ្លួននោះ គឺដល់ពេល ដែលបុគ្គលរូបនេះត្រូវទទួលបាបកម្មហើយ។ ការអត់ធ្មត់របស់មនុស្សគឺមានដែនកំណត់ ទង្វើជ្រុលហួសហេតុពេក របស់ទណ្ឌិត សម រង្ស៊ី គឺមិនអាចលើកលែងឱ្យបានជាដាច់ខាត។ សម រង្ស៊ី គឺជាអ្នករុញលោក ហ៊ុន សែន ឱ្យប្តឹង ដូច្នេះត្រូវតែហ៊ានទទួលយកសាលក្រមរបស់តុលាការបារាំង។ អ្នកផ្កាប់មុខ ដែលធ្លាប់ជឿលើការបោកប្រាស់របស់ សម រង្ស៊ី ក៏ត្រូវតែយល់ពីហេតុផលពិតប្រាកដនៃការសម្រេចចិត្តប្តឹងរបស់លោក ហ៊ុន សែន ផងដែរ។ ជៀសវាងចោទប្រកាន់ថាលោក ហ៊ុន សែន អាងអីប្តឹងៗ ខណៈដែលពួកខ្លួនមិនព្រមបើកភ្នែកមើលពីការពិតនោះ។ នេះគេហៅថា «ឃើញគេមិនមាត់ៗ រឹតតែបានដៃ» ចុងក្រោយគឺបាបកម្ម នឹងធ្លាក់លើអ្នកប្រព្រឹត្ត ដោយជៀសមិនផុតឡើយ៕

    ដោយ ៖ ស ជាតិ

    អត្ថបទទាក់ទង