ខ្មែរប៉ុស្ដិ៍ Close

    មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ថា ការអំពាវនាវ​របស់ សម រង្ស៊ី ឲ្យ​កងទ័ព​បែរ​កាណុង គឺជា​ចេតនា​ទុច្ចរិត ខណៈ​បរាជ័យ​នយោបាយ ហើយ​ដើរ​ដល់​ផ្លូវ​ទ័លច្រក

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1356
    មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ថា ការអំពាវនាវ​របស់ សម រង្ស៊ី ឲ្យ​កងទ័ព​បែរ​កាណុង គឺជា​ចេតនា​ទុច្ចរិត ខណៈ​បរាជ័យ​នយោបាយ ហើយ​ដើរ​ដល់​ផ្លូវ​ទ័លច្រកមន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ថា ការអំពាវនាវ​របស់ សម រង្ស៊ី ឲ្យ​កងទ័ព​បែរ​កាណុង គឺជា​ចេតនា​ទុច្ចរិត ខណៈ​បរាជ័យ​នយោបាយ ហើយ​ដើរ​ដល់​ផ្លូវ​ទ័លច្រក

    លោក ទិ​ត សុធា ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​អះអាងថា ការ​អំពាវនាវ​របស់​ទណ្ឌិត សម រង្ស៊ី ឲ្យ​កងទ័ព​បែរ​កាណុង​ដាក់​រាជរដ្ឋាភិបាល​វិញ​នោះ គឺជា​ចេតនា​ទុច្ចរិត ខណៈ​បរាជ័យ​នយោបាយ ហើយ​ដើរ​ដល់​ផ្លូវ​ទ័លច្រក ហើយ​ការអំពាវនាវ​នោះ ជាការ​អំពាវនាវ​បែប​ឧទ្ទាម ដែលមាន​គំនិត​ទុច្ចរិត​ក្នុងការ​ប៉ុនប៉ង​បង្កើត​ឲ្យ​មាន​បដិវត្តន៍​ពណ៌​ជាថ្មី ប៉ុន្តែ​ការអំពាវនាវ​នេះ នឹង​មិនមាន​ប្រសិទ្ធភាព​នោះទេ​។

    លោក ទិ​ត សុធា លើកឡើង​បែបនេះ ក្រោយពី​លោក សម រង្ស៊ី បាន​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​កងកម្លាំងប្រដាប់អាវុធ បែរ​ចុង​កាណុង​សំដៅទៅ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​វិញ ប្រសិនបើ​មានការ​បញ្ជា​ឲ្យ​កងកម្លាំងប្រដាប់អាវុធ បាញ់ប្រហារ​ទៅលើ​មនុស្ស ដែល​ទៅ​ទទួល​លោក​នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខ​។

    ទាក់ទង​បញ្ហា​នេះ កម្ពុ​ជាថ្មី​មិន​អាច​សុំ​ការឆ្លើយតប​ពី​នាយ​ឧ​ត្ត​ម​សេនី​យ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បានទេ ប៉ុន្តែ​ឆ្លើយតប​បញ្ហា​នេះ លោក ទិ​ត សុធា ថ្លែងប្រាប់​កម្ពុជា​ថ្មី​កាលពី​រសៀល​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩ ដោយ​ចាត់ទុក​ការអំពាវនាវ​នោះ ជាការ​អំពាវនាវ​បែប​ឧទ្ទាម ដែលមាន​គំនិត​ទុច្ចរិត នៅក្នុង​ការប៉ុនប៉ង​បង្កើត​ឲ្យ​មាន​បដិវត្តន៍​ពណ៌​ជាថ្មី​។ ប៉ុន្តែ​លោក ទិ​ត សុធា អះអាងថា “​ការ​អំពាវនាវ​នេះ នឹង​មិនមាន​ប្រសិទ្ធភាព​នោះទេ ពីព្រោះ​រាជរដ្ឋាភិបាល​មាន​កាតព្វកិច្ច​នៅក្នុង​ការអនុវត្ត​ច្បាប់ ប្រសិនបើ​ការអំពាវនាវ​នេះ កើតចេញ​ជា​សកម្មភាព​ណាមួយ គឺ​រាជរដ្ឋាភិបាល និង​ត្រូវ​ចាត់វិធានការ​ហើយ​”​។

    តាម​លោក ទិ​ត សុធា មើល​ឃើញ​ថា ការ​អំពាវនាវ​របស់​ទណ្ឌិត សម រង្ស៊ី គឺ​ច្រើនតែ​បំផុស​ឲ្យ​មាន​ភាពចលាចល មាន​ភាព​វឹកវរ​នៅក្នុង​សង្គម ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ បាន​មើលឃើញ​ច្បាស់​ណាស់​អំពី​តម្លៃ​នៃ​សុខសន្តិភាព ដូច្នេះ​ប្រជាពលរដ្ឋ​ទាំងអស់ ទាំង​កងកម្លាំងប្រដាប់អាវុធ ទាំង​មន្ត្រីរាជការ គ្រូបង្រៀន ជារួម​គឺ​ប្រជាពលរដ្ឋ​បាននិងកំពុង​រស់នៅ​ក្រោម​សុខសន្តិភាព សប្បាយចិត្ត​ជាមួយ​សុខសន្តិភាព ហើយ​ពួកគាត់​មិន​ជឿ​ទៅតាម​ឧបាយកល​របស់​ទណ្ឌិត​រត់ចោលស្រុក​នោះទេ ហើយ​ការអំពាវនាវ​នេះ មិនមាន​តម្លៃ​ណាមួយ​សម្រាប់​ប្រជាពលរដ្ឋ​យកទៅ​គិតពិចារណា និង​ចូលរួម​ជាមួយ​ទណ្ឌិត​ខុសច្បាប់​នោះឡើយ​។

    លោក ទិ​ត សុធា បញ្ជាក់​បន្ថែមថា “​ការអំពាវនាវ​នេះ គឺជា​ចេតនា​ទុច្ចរិត ខណៈដែល សម រង្ស៊ី បរាជ័យ​នឹង​នយោបាយ ដើរ​ដល់​ផ្លូវ​ទ័លច្រក ក៏​ជ្រើស​រើសយក​ការបំពាន​គោល​កាណ៍​នីតិរដ្ឋ ។ បញ្ហា​គ្រប់យ៉ាង ដែលជា​ឧបសគ្គ​ដល់​ជីវិត​នយោបាយ​របស់ សម រង្ស៊ី គឺ​កើតចេញពី​ទង្វើ​បំពាន​ច្បាប់ ដែល​គាត់​បាន​ប្រព្រឹត្ត​។ សកម្មភាព​ទាំងនោះ មានតម្លៃ​ស្មើនឹង ” សម រង្ស៊ី ” អស់​ក្រឡា​ដើរ ក្នុងន័យ​ថា បើ​វិល​ចូលក្នុង​ប្រទេស ក៏ត្រូវ​ជាប់គុក ហើយ​បើ​នៅ​ថ្ងៃទី​៩ វិច្ឆិកា ខាងមុខ គាត់​មិន​មកវិញ​នោះ ក៏​បាត់អស់​អ្នកគាំទ្រ ទើប សម រង្ស៊ី ប្រកាស​យក​របៀប​ព្រៃ គឺ​ការ​ញុះញង់ បង្កចលាចល​សង្គម​តែ​បែបនេះ​”​។

    សូម​បញ្ជាក់ថា លោក សម រង្ស៊ី កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩ បាន​និយាយ​នៅក្នុង​ពិធី​ជួបជុំ​ជាមួយ​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន នាទី​ក្រុង Brisbane ប្រទេស​អូស្ត្រាលី ដោយបាន​ធ្វើការ​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ ដែល​លោក សម រង្ស៊ី ប្រើពាក្យ​ថា ជា “​កងក​ម្មាំ​ង​ស្នេហា​ជាតិ​” បែរ​ចុង​កាណុង​សំដៅទៅ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល បើសិន​មានការ​បញ្ជា​ឲ្យ​បង្ក្រាប​ទៅលើ​មនុស្ស​ដែល​ទៅ​ទទួល​លោក​នៅ​ថ្ងៃទី​០៩ វិច្ឆិកា ខាងមុខ​។ ជាមួយគ្នា​នោះ លោក សម រង្ស៊ី ថែមទាំង​ហ៊ាន​ប្រើពាក្យ​ថា “​បាញ់​មកលើ​យើង យើង​ត្រូវ​បាញ់​ទៅលើ​ពួកវា​វិញ ពីព្រោះ​ការការពារ​ខ្លួនឯង គឺជា​ទង្វើ​ស្របច្បាប់ តទល់​ទៅនឹង​ពួក​ជនឧក្រិដ្ឋ ដែលមាន​បំណង​បៀតបៀន​យើង​”​។

    ការប្រកាស ក៏ដូចជា​ការអំពាវនាវ​នេះ ត្រូវបាន​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ដែរ​ថា លោក សម រង្ស៊ី ខំ​អួតថា មក​ចាប់​សម្តេច ហ៊ុន សែន តែ​បែរជា​អំពាវនាវ​រក​កម្លាំង​ក​ង​ទ័ព កម្មករ និង​ប្រជាន​មកជួយ​ខ្លួន​ទៅវិញ តែ​កា​រំពា​វនា​វ​នេះ គ្មាន​កងទ័ព និង​ប្រជាជន​ខ្មែរ​ណា គេ​ជួយ​មេ​ភេរ​វករ​នោះឡើយ​៕

    អត្ថបទទាក់ទង