ខ្មែរប៉ុស្ដិ៍ Close

    ព្រះ​រាជ​ដំណាក់​ ឬរាជវាំង​របស់​សម្ដេច​នរោត្តម​សីហនុ​ ព្រះ​បរមរតនកោដ្ឋ​ នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង!

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី៣០ ខែមីនា ឆ្នាំ២០១៨ ឯកសារ 6790
    ព្រះ​រាជ​ដំណាក់​ ឬរាជវាំង​របស់​សម្ដេច​នរោត្តម​សីហនុ​ ព្រះ​បរមរតនកោដ្ឋ​ នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង!ព្រះ​រាជ​ដំណាក់​ ឬរាជវាំង​របស់​សម្ដេច​នរោត្តម​សីហនុ​ ព្រះ​បរមរតនកោដ្ឋ​ នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង!

    នៅក្នុងឆ្នាំ១៩៧៤ ប្រធានាធិបតីនៃប្រទេសកូរ៉េខាងជើង គឺលោកគីម អ៊ីលស៊ុង (Kim Il Sung) បានសាងសង់វិមានមួយដ៏ស្រស់ស្អាត សម្រាប់ទុកថ្វាយ សម្តេចព្រះ នរោត្តម សីហនុ ដោយបានដាក់ឈ្មោះវិមាននោះថា “រាជវាំងចាងស៊ូអ៊ុន/ព្រះរាជដំណាក់ចាងស៊ូអ៊ុន” ( Changsuwon Palace)។

    ព្រះរាជវាំងនេះ គឺជាវិមានដ៏ធំស្កឹមស្កៃមួយមានបន្ទប់ជាង៤០ ដែលមានដំបូលបំពាក់តាមរចនាបទរបស់កូរ៉េ ដោយបានរួមបញ្ចូលជាមួយ បរិវេណទីធ្លាហាត់កីឡាដ៏ធំទូលាយមួយ ព្រមទាំងអាចមើលឃើញទេសភាពដ៏ស្រស់ស្អាត់នៃបឹង Changsuwon ដែលហ៊ុំព័ទ្ធជុំវិញដោយព្រៃភ្នំ ដ៏ស្រស់ត្រកាល។ ព្រះរាជវាំងមួយនេះត្រូវបានគេពិព៌ណនាថាបានយកគម្រូតាម វិមានផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី គីម អ៊ីលស៊ុង។ សម្ដេច សីហនុ ព្រះអង្គបានបង្កើតចំណងមិត្តភាពដំបូងជាមួយលោក គីម អ៊ីលស៊ុង នៅចុងទសវត្សឆ្នាំ១៩៥០។ បន្ទាប់ពីព្រះអង្គត្រូវបាន​គេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង​ក្នុងឆ្នាំ១៩៧០ និងក្នុងឋានៈព្រះអង្គជាមេដឹកនាំនិរទេស ព្រះអង្គបានទទួលស្វាគមន៍ឲ្យស្នាក់នៅក្នុងព្រះរាជវាំង នៅទីក្រុងព្យុងយាង ដែលមេដឹកនាំប្រទេសកូរ៉េខាងជើងបានសាងសង់ថ្វាយព្រះអង្គ។ ព្រះអង្គបានទទួលការស្វាគមន៍ក្នុងឋានៈជាភ្ញៀវកិត្តិយសដ៏ឧដ្តុង្គឧត្តមរបស់លោក គីម អ៊ីលស៊ុង រហូតមកទល់នឹងពេលព្រះអង្គយាងមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ នៅក្នុងឆ្នាំ១៩៩១ ហើយរាល់ការចំណាយរបស់ព្រះអង្គ គឺរដ្ឋាភិបាលកូរ៉េខាងជើងជាអ្នករ៉ាប់រងទាំងអស់។​​​

    ក្នុងកាលៈទេសៈនោះ ព្រះអង្គបានចំណាយពេលវេលាប្រហែល ១ភាគ៣ ក្នុងមួយឆ្នាំៗ សម្រាប់ការគង់ប្រថាប់នៅក្នុងព្រះរាជតំណាក់នេះ ហើយក្រៅពីនេះ ពេលវេលាប្រហែល ២ភាគ៣ ព្រះអង្គបានយាងទៅគង់ប្រថាប់នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
    ព្រះអង្គនៅតែរក្សានូវទំនាក់ទំនងប្រពៃណីល្អជាមួយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ ក្រោយមកទៀតយូរៗម្តង ពេលព្រះអង្គយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅកូរ៉េខាងជើង ព្រះអង្គតែងតែបន្តប្រថាប់នៅក្នុងព្រះរាជដំណាក់ចាងស៊ូអ៊ុននេះ ហើយព្រះអង្គក៏តែងតែទទួលបាននូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំកូរ៉េខាងជើងគ្រប់ជាន់ថ្នាក់ ជាពិសេសពីលោកប្រធានាធិបតី គីម ជុងអ៊ីល ដែលជាអ្នកស្នងតំណែងពីលោក គីម អ៊ីលស៊ុង។

    ក្រៅតែពីរាជវាំងចាងស៊ូអ៊ុន/ព្រះរាជដំណាក់ចាងស៊ូអ៊ុន របស់ព្រះអង្គដែលមេដឹកនាំកូរ៉េខាងជើងបានសាងសង់ថ្វាយនៅទីក្រុងព្យុងយ៉ាង សម្តេចព្រះនរោត្តម សីហនុ ព្រះអង្គនៅមានព្រះរាជដំណាក់ដ៏ស្រស់ស្អាតមួយផ្សេងទៀតនៅកណ្តាលទីក្រុងប៉េកាំង ដែលមេដឹកនាំប្រទេសចិន បានសាងសង់ថ្វាយព្រះអង្គ ព្រមទាំងបានទទួលរាប់រងការចំណាយទាំងអស់ផងដែរ។ គឺព្រះរាជដំណាក់នៅទីក្រុងប៉េកាំងនេះហើយ ដែលព្រះអង្គបានគង់ប្រថាប់រហូតមកទល់ពេលព្រះអង្គចូលទីវង្គត។

    ប្រភព៖ SPKT LIV