ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខិតខំជំរុញឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និងមីយ៉ាន់ម៉ាកាន់តែធំឡើងនាពេលខាងមុខ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1739
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខិតខំជំរុញឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និងមីយ៉ាន់ម៉ាកាន់តែធំឡើងនាពេលខាងមុខលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខិតខំជំរុញឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និងមីយ៉ាន់ម៉ាកាន់តែធំឡើងនាពេលខាងមុខ

    នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារទី១០ ខែកញ្ញា ឆ្នាំ ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោក ធីត លីន អន (Thit Linn Ohn ) ជាឯកអគ្គរដ្ឋទូតមីយ៉ាម៉ាថ្មី ប្រចាំនៅកម្ពុជា។ ក្នុងជំនួបនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្វាគមន៍ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅកម្ពុជាយ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោក ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសកម្ពុជា ហើយសង្ឃឹមថាសម្រាប់វត្តមានលោកនៅក្នុងអាណត្តិនេះ នឹងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងមីយ៉ាន់ម៉ា។

    លោក ធីត លីន អន បានសម្ដែងនូវការអរគុណចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្ដល់ឱកាសឱ្យលោកបានជួបសំដែងការគួរសមនាពេលនេះ ហើយលោកបានជម្រាបជូនលោកនាយករដ្ឋមន្ត្រីថា លោក បានអញ្ជើញមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ លោក ពិតជារីករាយដែលបានមកបំពេញបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជា ហើយលោក បានសន្យាថា នឹងខិតខំប្រឹងប្រែងបំពេញការងារជាពិសេសលើទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរ។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរគឺមានទំនាក់ទំនងជាមួយគ្នាជាយូរលង់ណាស់មកហើយ ហើយនៅឆ្នាំក្រោយនេះក៏ជាខួបលើកទី៦៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងប្រទេសយើងទាំងពីរផងដែរ។ លោក ក៏បានមានប្រសាសន៍ថា យើងគួរពិនិត្យមើល តើយើងគួរធ្វើសកម្មភាពអ្វីខ្លះ ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ ឆ្នាំនៃទំនាក់ទំនងនេះ។ ជាមួយគ្នានោះយើងគប្បីពិនិត្យមើលទៅលើកិច្ចព្រមព្រៀងខ្លះ ដែលអាចនឹងត្រូវចុះហត្ថលេខា ដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការនៅគ្រប់វិស័យ និងជំរុញកិច្ចព្រមព្រៀងដែលមានស្រាប់ផងដែរ ដើម្បីបង្កើននូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ជាដើម។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបន្តទៀតថាទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរនៅមានកម្រិតនៅឡើយ ដោយមិនទាន់សក្តិសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាននោះទេ។ ដូច្នេះលោក សូមឲ្យមានការជំរុញបន្ថែមទៀតក្នុងការបង្កើននៅកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាច្រើនទៀត។ លោក ក៏បានជំរុញឲ្យការធ្វើពាណិជ្ជកម្មច្រើនបន្ថែមទៀតក្នុងតំបន់អាស៊ាន ដើម្បីបង្កើតទីផ្សារយើងឲ្យកាន់តែទូលំទូលាយ ហើយលោកជំរុញឲ្យមានការពិនិត្យមើល តើយើងគួរធ្វើអ្វីខ្លះ ដើម្បីជំរុញឲ្យទំហំពាណិជ្ជកម្មនៃប្រទេសយើងទាំងពីរកាន់តែមានទំហំធំឡើងនាពេលខាងមុខនេះ ហើយយើងគួរតែពិនិត្យមើលទៅលើកិច្ចព្រមព្រៀងថ្មីបន្ថែមទៀតដូចជាកិច្ចព្រមព្រៀងទៅលើការមិនយកពន្ធត្រួតស៊ីគ្នា និងកិច្ចគាំពារវិនិយោគជាដើម ដែលទាំងអស់នេះ គឺជាកត្តាដែលជំរុញឲ្យអ្នកវិនិយោគមានការចាប់អារម្មណ៍ខ្លាំង និងមានទំនុកចិត្ត ព្រមទាំងធ្វើឲ្យកិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរកាន់តែមានភាពស្អិតរមួតថែមឡើងទៀត។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបន្តថា កន្លងមកកម្ពុជាក៏បានបញ្ជូនសមណសិស្សទៅបន្តការសិក្សានៅឯប្រទេសមីយ៉ាម៉ាផងដែរ។ ហើយនៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី អង់ សានស៊ូជី កាលពីពេលកន្លងទៅនេះ កម្ពុជាក៏បានផ្ដល់នូវអាហារូបករណ៍ចំនួន១០ដល់និស្សិតមីយ៉ាម៉ា ផងដែរ ដូច្នេះ លោក បានជំរុញឲ្យមានការផ្លាស់ប្ដូរនៅប្ដូរនិស្សិតក្នុងការសិក្សាទៅវិញទៅមក ដើម្បីទទួលបាននូវចំណេះដឹងពីគ្នា ក៏ដូចជាចែករំលែកនូវបទពិសោធន៍ពីគ្នាផងដែរ។

    នៅក្នុងកិច្ចពិភាក្សានោះផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានមានប្រសាសន៍លើកឡើងអំពីបញ្ហាជនភៀសខ្លួននៅតំបន់រដ្ឋការខាញ របស់មីយ៉ាម៉ា ដែលកន្លងមកកម្ពុជាក៏ធ្លាប់មានបទពិសោធន៍ក្នុងការរៀបចំការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនខ្មែរយើងដែលបានរស់នៅលើទឹកដីថៃប្រមាណជាង៣០ម៉ឺននាក់ ឲ្យត្រឡប់មកមាតុប្រទេសវិញ នៅពេលដែលប្រទេសយើងមានដំណោះស្រាយនយោបាយ និងទទួលបាននូវសុខសន្តិភាព។ ហើយបទពិសោធន៍នេះត្រូវប្រើប្រាស់ពេលវេលា និងការរៀបចំត្រឹមត្រូវដោយមានការរៀបចំជាផ្ទះសម្បែង ដីធ្លីសម្រាប់ឲ្យពួកគាត់វិលមក ហើយមានទំនុកចិត្ត ដោយគ្មានការភ័យខ្លាចបញ្ហាទាំងអស់ ហើយរដ្ឋាភិបាលកម្ពុជា តែងតែគាំទ្រដំណើរការរៀបចំការវិលត្រឡប់នៃជនភៀសខ្លួនមីយ៉ាម៉ា ផងដែរ។
    ឯកអគ្គរដ្ឋទូត មីយ៉ាន់ម៉ា ក៏បានអរគុណលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្ដល់នូវអនុសាសន៍ និងការឆ្លើយតបដ៏កក់ក្តៅដូចជាការចែករំលែកបទពិសោធន៍ ហើយលោក នឹងជំរុញឲ្យមានការរៀបចំនូវការប្រារព្ធខួបលើកទី៦៥ ឆ្នាំនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ និងប្ដេជ្ញាខិតខំយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការនានាបន្ថែមទៀត ជាពិសេសលើការធ្វើពាណិជ្ជកម្មទេសចរណ៍ ការហោះហើរត្រង់ ការផ្លាស់ប្តូការសិក្សារបស់និស្សិត ក៏ដូចជាប្រជាជន និងប្រជាជនផងដែរ។ ហើយក្នុងឱកាសនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខជូនទៅដល់លោកប្រធានរដ្ឋមីយ៉ាន់ម៉ា ដូចជាលោកស្រីទីប្រឹក្សារដ្ឋអង់ សានស៊ូជី ផងដែរ៕

    អត្ថបទទាក់ទង