ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងអប់រំ សម្រេចបង្កើត «គណៈកម្មការពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជន» ពាក់ព័ន្ធលទ្ធផលប្រឡងបាក់ឌុប

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1846

    ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានសម្រេចបង្កើត «គណៈកម្មការពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជន» ដើម្បីពិនិត្យ និងដោះស្រាយ ឆ្លើយតបចំពោះសំណូមពរ និងការតវ៉ារបស់បេក្ខជនមួយចំនួនតូច លើលទ្ធផលនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១៩ សីហា ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ ដែលចុះនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ។

    ក្រសួងអប់រំបញ្ជាក់ថា ការបង្កើតគណៈកម្មការនេះ ក្នុងបំណងធ្វើឲ្យបេក្ខជន និងអាណាព្យាបាល មានសេចក្តីទុកចិត្ត និងទទួលលទ្ធផលនៃការប្រឡងបាក់ឌុប ខណៈដែលមានបេក្ខជនមួយចំនួន បានតវ៉ាពុំសុខចិត្តលើលទ្ធផល «ធ្លាក់» និងមានបេក្ខជនមួយចំនួនទៀត ពុំសុខចិត្តដោយសារទទួលបាន និទ្ទេសត្រឹម «B» និង «C» ហើយទាមទារយកនិទ្ទេស «A»។

    ជាមួយគ្នានេះ ក្រសួងអប់រំបានបញ្ជាក់យ៉ាងលម្អិត អំពីដំណើរការបច្ចេកទេសទាំង ៣ដំណាក់កាល គឺដំណាក់កាលសំណេរ ដំណាក់កាលកំណែ និងដំណាក់កាលបូកស្រង់ពិន្ទុ ដើម្បីធានាបាននូវភាពសុក្រឹត្យ យុត្តិធម៌ និងតម្លាភាព។

    ក្រសួងអប់រំក៏បានសំណូមពរជាថ្មី ដល់បេក្ខជនទាំងអស់ត្រូវចងចាំថា លទ្ធផលប្រឡងឆ្លុះបញ្ចាំងសារសំខាន់បីយ៉ាងគឺ៖ ១) អ្នកចេះគឺជាប់, ២) ការប្រឡងបានប្រព្រឹត្តទៅដោយយុត្តិធម៌ តម្លាភាព គោលការណ៍ច្បាប់ និងភាពទទួលបាន, និង ៣) លទ្ធផលប្រឡងពុំមែនជាការកំណត់វាសនារបស់បេក្ខជនទេ ប៉ុន្តែជាការវាស់ស្ទង់សមត្ថភាព និងជំរុញឲ្យមានការខំប្រឹងបន្តទៅមុខទៀត៕

    អត្ថបទទាក់ទង