ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1516
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា

    នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់ក្មួយៗ ចៅៗ សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលទទួលបាននិទ្ទេស(A)ចំនួន៤៤៣នាក់ ដែលពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ឆ្នាំ ២០១៩ នេះគឺជាឆ្នាំទី៦ហើយ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់កិត្តិយសជូនសិស្សជាប់និទ្ទេស (A) បានចូលជួបសំណេះសំណាលដោយផ្ទាល់។ ការផ្តល់ឱកាសឱ្យសិស្សនិទ្ទេស (A) ចួលជួបសំណេះសំណាលដោយផ្ទាល់នេះ គឺជាការផ្តល់តម្លៃ និងលើកទឹកចិត្តដ៏ឧត្តុង្គឧត្តមមួយពីសំណាក់ប្រខរាជរដ្ឋាភិបាលសម្រាប់អ្នកសិក្សា ជាពិសេសក្មួយៗ ចៅៗ សិស្សានុសិស្ស ដែលបានខិតចំប្រឹងប្រែរៀនសូត្រ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញភាពសប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់កូនក្មួយ និងចៅៗ ទាំងអស់ដែលបានខិតខំប្រឹងប្រែងរៀនសូត្រទទួលបាននិទ្ទេស (A) នាពេលនេះ។ ក្នុងឱកាសនេះផងដែរ លោក ក៏បានផ្តាំផ្ញើនូវព្រះរាជបណ្តាំរបស់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះចៅៗដែលបានទទួលបាននិន្ទេស (A) ទាំងអស់។ ហើយសម្រាប់ប្រាក់រង្វាន់នាឆ្នាំនេះ គឺមានប្រាក់កាក់ដែលជាព្រះរាជអំណោយដ៏វិសេសវិសាលបំផុតរបស់ព្រះអង្គផងដែរ ដែលម្ពុជាបានបោះពុម្ពផ្សាយ ដើម្បីអបអរសាទរខួប ១៥ឆ្នាំនៃការឡើងគ្រោងរាជសម្បត្តិរបស់ព្រះអង្គ (២០០៤-២០១៩) ហើយនៅថ្ងៃនេះផងដែរ កម្ពុជាយើងក៏បានអនុញ្ញាតអោយធ្វើចរាចរនូវក្រដាសប្រាក់១៥,០០០រៀល ដែលជាក្រដាសប្រាក់ទើបចេញថ្មី។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកោតសរសើរចំពោះ ក្រសួងអប់រំយុវជន និងកីឡា ដែលបានខិតខំសម្របសម្រួលក្នុងការប្រឡងបាក់ឌុបនៅទូទាំងប្រទេសដែលទទួលបានលទ្ធផលគួរជាទីមោទនភាព។ ទន្ទឹមនឹងនេះ លោក ក៏បានកោតសរសើរចំពោះសិស្សនារី ដែលបានប្រឡងជាប់ច្រើនជាងបុរសសម្រាប់ឆ្នាំនេះ។ លោក បានបន្តជំរុញនិងលើកទឹកចិត្តឱ្យសិស្សជានារីបន្តការខិតខំរៀនសូត្រអោយបានខ្លាំងថែមទៀត ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់នៅក្នុងសង្គមជាតិ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកោតសរសើរផងដែរចំពោះក្មួយៗចៅៗដែលបានខិតខំប្រឹងប្រែងរៀនសូត្រទទួលបានលទ្ធផលល្អបែបនេះ ព្រមទាំងបានថ្លែងអំណរគុណចំពោះក្រសួងអប់រំយុវជន និងកីឡា មន្ទីរអប់រំ នៅតាមបណ្តាខេត្តនានា លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានរួមចំណែកនាំមកនូវភាពជោគជ័យសម្រាប់ក្មួយៗ និងចៅៗ។ ជាងនេះទៅទៀត លោកបានថ្លែងអំណរគុណនិងកោតសរសើរដល់លោកគ្រូ អ្នកគ្រូអាជ្ញាធរ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ពន្ធ័ទាំងអស់ដែលបានចូលរួមវគ្គបំប៉នដល់សិស្សានុសិស្សកន្លងមក មុនការប្រឡងនៅតាមបណ្តាខេត្តផ្សេងៗ។

    ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងមិនជាប់នៅឆ្នាំនេះ គឺត្រូវខិតខំបន្ថែមទៀតនៅឆ្នាំក្រោយ ឬអាចបន្តការសិក្សាថ្នាក់បរិញ្ញារង ឬអាចចូលសិក្សាជំនាញបច្ចេកទេសផ្សេងៗក៏បាន គឺក្រសួងអប់រំផ្តល់ឱកាសច្រើនសម្រាប់ក្មួយៗនិងចៅៗ៕

    អត្ថបទទាក់ទង