ខ្មែរប៉ុស្ដិ៍ Close

    រដ្ឋសភា អនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1837
    រដ្ឋសភា អនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករដ្ឋសភា អនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

    សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលមានចំនួន ១២ជំពូក និង៦៧មាត្រា និងជាសេចក្តីព្រាងច្បាប់សំខាន់ថ្មីមួយ ត្រូវបានរដ្ឋសភាអនុម័តជាស្ថាពរហើយ ក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ដែលសេចក្តីព្រាងច្បាប់ ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានរដ្ឋសភាអនុម័តមួយជំពូកម្តងៗ។ សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់វិធានជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុង និងក្រៅប្រទេសប្រកបដោយទំនុកចិត្តតាមរយៈការទទួលស្គាល់សុពលភាព អានុភាព ភាពអាចអនុវត្តបាន និងភាពអាចទទួលយកបាននៃទំនាក់ទំនងអេឡិចត្រូនិក កំណត់ត្រាអេឡិចត្រូនិក និងកិច្ចសន្យាតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងមានការទទួលស្គាល់យថាភូតភាពនៃកំណត់ត្រាអេឡិចត្រូនិក និងហត្ថលេខាអេឡិចត្រូនិក ដែលកំណត់ដោយបច្ចេកវិទ្យា និងគ្រប់គ្រងដោយស្ថាប័នរដ្ឋ។

    តាមសេចក្តីថ្លែងហេតុ នៅក្នុងកិច្ចប្រជុំសភា បានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះ នឹងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពជា ដោយហេតុថា ក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តនានា ដែលគាំទ្រដល់សកម្មភាព និងប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិកនិង ឌីជីថល ចាំបាច់ត្រូវរៀបចំ និងធ្វើបច្ចុប្បន្នភាពដើម្បីអាចបង្កើតសេដ្ឋកិច្ចឌីជីថល រឹងមាំមួយព្រមទាំងត្រៀមទទួលយកនូវការឈានមកដល់នៃបដិវត្តន៍ឧស្សាហកម្មទី៤។ ជាងនេះទៅទៀត សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់លទ្ធភាពឱ្យសហគ្រាសធុនតូចនិងមធ្យម (SMEs) នៅកម្ពុជា អាចភ្ជាប់ខ្លួនទៅនឹងខ្សែសង្វាក់ផលិតកម្ម និងទីផ្សារក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាជំរុញឱ្យមានការច្នៃប្រឌិត និងការបង្កើតទំនិញ និងសេវាថ្មីៗបន្ថែមទៀតផងដែរ។

    សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។ សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រួមមាន ១២ជំពូក និង៦៧ មាត្រា ដូចខាងក្រោម៖
    – ជំពូកទី១ បទប្បញ្ញត្តិទូទៅ មាន៤មាត្រា (ពីមាត្រា១ ដល់មា ត្រា៤)។ ជំពូកទី១នេះចែងអំពីគោលបំណង គោលដៅ វិសាលភាព និងនិយមន័យនៃវាក្យសព្ទសំខាន់ៗដែលប្រើក្នុងច្បាប់នេះ។
    – ជំពូកទី២ សុពលភាពនៃទំនាក់ទំនងអេឡិចត្រូនិក មាន១០មាត្រា (ពីមាត្រា៥ដល់មាត្រា១៤)។ ជំពូកទី២នេះ ចែងអំពីការទទួលស្គាល់ទំនាក់ទំនង អេឡិចត្រូនិក លក្ខខណ្ឌតម្រូវជាលាយលក្ខណ៍អក្សរ លក្ខខណ្ឌតម្រូវចំពោះហត្ថលេខា លក្ខខណ្ឌតម្រូវសម្រាប់រក្សាព័ត៌មានក្នុងទម្រង់ដើម ទម្រង់បែបបទដែលកំណត់ លក្ខខណ្ឌតម្រូវ លើការរក្សាទុកកំណត់ត្រា លក្ខខណ្ឌតម្រូវស្តីពីភស្តុតាង ការបង្កើត និងសុពលភាពកិច្ចសន្យា អានុភាពរវាងគូភាគី និងការអនុវត្តដោយឡែកតាមការព្រមព្រៀងរបស់គូភាគី។
    – ជំពូកទី៣ ដំណើរការនៃទំនាក់ទំនងអេឡិចត្រូនិក មាន៤មាត្រា (ពីមាត្រា១៥ ដល់មាត្រា១៨)
    ជំពូកទី៣នេះ ចែងអំពីពេលវេលានិងទីកន្លែងនៃការបញ្ជូនចេញនិងការទទួលព័ត៌មានក្នុងទំនាក់ទំនងអេឡិចត្រូនិក សំណើបង្កើតកិច្ចសន្យាការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តសម្រាប់បង្កើតកិច្ចសន្យា និងកំហុសឆ្គងនៃការបញ្ចូលព័ត៌មានក្នុងទំនាក់ទំនងអេឡិចត្រូនិក។
    – ជំពូកទី៤ កំណត់ត្រាអឡិចត្រូនិក និងហត្ថលេខាអេឡិចត្រូនិកដែលមានសុវត្ថិភាពមាន៥មាត្រា (ពីមាត្រា១៩ ដល់ មាត្រា២៣)។ ជំពូកទី៤នេះ ចែងអំពីកំណត់ត្រាអេឡិចត្រូនិកដែលមានសុវត្ថិភាព ហត្ថលេខាអេឡិចត្រូនិក ដែលមានសុវត្ថិភាព ការសន្មតទាក់ទងនឹងកំណត់ត្រានិងហត្ថលេខាអេឡិចត្រូនិក ដែលមានសុវត្ថិភាព ការលួចប្រើប្រាស់អត្តសញ្ញាណ និងស្ថាប័នមានសមត្ថ កិច្ចគ្រប់គ្រងនីតិវិធីសុវត្ថិភាព។
    – ជំពូកទី៥ អន្តរការីនិងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមាន៥មាត្រា (ពីមាត្រា២៤ ដល់មាត្រា២៨)។ ជំពូកទី៥នេះ ចែងអំពីការទទួលខុសត្រូវរបស់អន្តរការីនិងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការទទួលខុសត្រូវផ្នែកព័ត៌មានឬហេតុការណ៍ ការផ្តល់លិខិតអនុញ្ញាតឬអាជ្ញាបណ្ណក្រមសីលធម៌វិជ្ជាជីវៈ និងបទប្បញ្ញត្តិសម្រាប់អន្តរការីនិងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងកាតព្វកិច្ចពន្ធ ការលើកទឹកចិត្ត និងការអនុគ្រោះ។
    – ជំពូកទី៦ កិច្ចការពារអ្នកប្រើប្រាស់ មាន៥មាត្រា (ពីមាត្រា២៩ ដល់មាត្រា៣៣)។ ជំពូកទី៦នេះ ចែងអំពីព័ត៌មានអប្បបរមាក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ទំនាក់ទំនងពាណិជ្ជកម្ម ដែលមិនបានស្នើសុំការបង្កើតប្រព័ន្ធអេឡិចត្រូនិកក្លែងបន្លំនិងកូដព្យាបាទ ការការពារទិន្នន័យ និងការអនុវត្តបទប្បញ្ញត្តិទាក់ទងនឹងកិច្ចការពារអ្នកប្រើប្រាស់។
    – ជំពូកទី៧សកម្មភាពនិងប្រតិបត្តិការរបស់រដ្ឋតាមប្រព័ន្ធអេឡិចត្រូនិក មាន១មាត្រា (មាត្រា៣៤) ដែលជំពូកទី៧ នេះ ចែងអំពីការទទួលស្គាល់ទំនាក់ទំនង អេឡិចត្រូនិកដោយស្ថាប័នរដ្ឋ។

    – ជំពូកទី៨ ភស្តុតាងអេឡិចត្រូនិក មាន១១មាត្រា (ពីមាត្រា៣៥ ដល់មាត្រា ៤៥)។ ជំពូកទី៨នេះ ចែងអំពីការទទួលយកជាទូទៅនៃភស្តុតាងអេឡិចត្រូនិក សុក្រឹតភាពនៃប្រព័ន្ធអឡិចត្រូនិក សុក្រឹត្យភាពនៃព័ត៌មាន ឯកសារដែលបានបោះពុម្ពចេញ បន្ទុកក្នុងការបង្ហាញ អំពីយថាភូតភាព នៃភស្តុតាង អេឡិចត្រូនិក បទដ្ឋាននៃការកត់ត្រាឬការរក្សាទុកកំណត់ត្រា អេឡិចត្រូនិក ការចេញលិខិតបញ្ជាក់យថាភូតភាព នីតិវិធីផ្សេងទៀតក្នុងការបង្កើតភស្តុតាង អេឡិចត្រូនិក ការបំពានលើកូដនីយកម្មការទទួលយកកំណត់ត្រាអេឡិចត្រូនិកពីបរទេស និងការទទួលយកព័ត៌មានអេឡិចត្រូនិកមកពីបរទេស។
    – ជំពូកទី៩ ការទូទាត់ និង/ឬការផ្ទេរ ប្រាក់តាមអេឡិចត្រូនិក មាន៣មាត្រា (ពីមាត្រា៤៦ ដល់មាត្រា៤៨)។ ជំពូកទី៩នេះ ចែងអំពីប្រតិបត្តិការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ការទទួលខុសត្រូវរបស់បុគ្គលផ្តល់សេវាទូទាត់ និងការទទួលខុសត្រូវរបស់អតិថិជន។
    – ជំពូកទី១០ សមត្ថកិច្ច ការប្តឹងតវ៉ា និងនីតិវិធីនៃការផាកពិន័យ មាន៣មាត្រា (ពីមាត្រា៤៩ ដល់មាត្រា៥១)។ ជំពូកទី១០នេះ ចែងអំពីសមត្ថកិច្ច នីតិវិធីនៃការប្តឹងតវ៉ា និងនីតិវិធីនៃការផាកពិន័យ។
    – ជំពូកទី១១ ទោសប្បញ្ញត្តិ មាន១៤មាត្រា (ពីមាត្រា៥២ ដល់មាត្រា៦៥)។ ជំពូកទី១១នេះ ចែងអំពីទណ្ឌកម្មនិងការផាកពិន័យ ។
    – ជំពូកទី១២ អវសានប្បញ្ញត្តិ មាន២មាត្រា (ពីមាត្រា៦៦ ដល់មាត្រា៦៧)។ ជំពូកទី១២នេះ ចែងអំពីការនិរាករណ៍ច្បាប់និងបទប្បញ្ញត្តិទាំងឡាយដែលផ្ទុយនឹងច្បាប់នេះ និងការអនុវត្តច្បាប់នេះ៕