ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរថៃបិទមិនឱ្យលោកស្រី មូរ សុខហួរ ចូលប្រទេសរបស់ខ្លួន ដោយសារមានឈ្មោះក្នុងបញ្ជីខ្មៅ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 932
អាជ្ញាធរថៃបិទមិនឱ្យលោកស្រី មូរ សុខហួរ ចូលប្រទេសរបស់ខ្លួន ដោយសារមានឈ្មោះក្នុងបញ្ជីខ្មៅអាជ្ញាធរថៃបិទមិនឱ្យលោកស្រី មូរ សុខហួរ ចូលប្រទេសរបស់ខ្លួន ដោយសារមានឈ្មោះក្នុងបញ្ជីខ្មៅ

នគរបាលអន្តោប្រវេសន៍ថៃ កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ បានបិទមិនឱ្យលោកស្រី មូរ សុខហួរ ហោះចូលទៅកាន់ប្រទេសរបស់ខ្លួននោះទេ ដោយសារតែលោកស្រីមានឈ្មោះនៅក្នុងបញ្ជីខ្មៅជាមួយទណ្ឌិត សម រង្ស៉ី។ នេះបើតាមលោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា នៅថ្ងៃ២០ ខែតុលា ឆ្នាំ២០១៩ ឈ្មោះ មូរ សុខហួរ បានចេញដំណើរពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅវេលាម៉ោង ០៣ៈ០៤នាទីរសៀល (តាមជើងយន្តហោះ MH782) ហើយបានមកដល់ទីក្រុងបាងកក នៅម៉ោង៤ៈ៣៤នាទីរសៀល។

លោក កេត សោផាន់ បានបញ្ជាក់់ទៀតថា «ពេលមកដល់ប៉ុស្តិ៍ត្រួតពិនិត្យ នគរបាលអន្តោប្រវេសន៍ថៃ បានហាមឃាត់មិនឲ្យចូលដោយសារមានឈ្មោះក្នុងបញ្ជីខ្មៅ ដែលសមត្ថកិច្ចកម្ពុជាស្នើឲ្យហាមឃាត់។ សមត្ថកិច្ចថៃក៏បានចារពាក្យហាមឃាត់មិនឲ្យចូលលើលិខិតឆ្លងដែនរបស់ឈ្មោះ មូរ សុខហួរ។ ឈ្មោះ មូរ សុខហួរ បានចាកចេញពីថៃ ទៅម៉ាឡេស៊ីវិញ នៅម៉ោង ៨ៈ១០នាទីយប់ តាមជើងហោះហើរ MH781»។

គួរបញ្ជាក់ថា លោកស្រី មូរ សុខហួរ ជាអតីតអនុប្រធានគណបក្សសង្រ្គោះជាតិ មួយរូប ដែលបានចូលរួមរៀបចំផែនការធ្វើរដ្ឋប្រហារខុសច្បាប់ជាមួយឧក្រិដ្ឋជន សម រង្ស៊ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីខែមុននោះ បានបញ្ជូនសាល ដីកាអំពីការចាប់ខ្លួន ឈ្មោះ សម រង្ស៉ី និងបក្ខពួកទៅកាន់ ប្រទេសជាសមាជិកអាស៊ានទាំងអស់រួចហើយ ដែលក្នុងនោះក៏មានលោកស្រី មូរ សុខហួរ ផងដែរ។ អាជ្ញាធរថៃ កាលពីពេលថ្មីៗនេះ បានប្រកាសជំហរផងដែរថា នឹងមិនអនុញ្ញាតឱ្យក្រុមរបស់ទណ្ឌិត សម រង្ស៉ី ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីធ្វើរដ្ឋប្រហារប្រឆាំងប្រទេសកម្ពុជានោះឡើយ៕

អត្ថបទទាក់ទង