ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជា ត្រូវបានផ្តល់កិត្តិយសធ្វើជាអធិបតីជាមួយចិន ក្នុងសន្និសីទផ្សព្វផ្សាយបច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្ម

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 989
    កម្ពុជា ត្រូវបានផ្តល់កិត្តិយសធ្វើជាអធិបតីជាមួយចិន ក្នុងសន្និសីទផ្សព្វផ្សាយបច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្មកម្ពុជា ត្រូវបានផ្តល់កិត្តិយសធ្វើជាអធិបតីជាមួយចិន ក្នុងសន្និសីទផ្សព្វផ្សាយបច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្ម

    លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាតំណាងរបស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមជាអធិបតីជាមួយអភិបាលក្រុងយ៉ាងលីង ខេត្តសានស៊ី ប្រទេសចិន ដើម្បីបើកសន្និសីទផ្សព្វផ្សាយពីបច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្ម នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញ។ ពិធីនេះក៏មានការចូលរួមពីតំណាងស្ថាប័នកសិពាណិជ្ជកម្ម និងកសិឧស្សាហកម្មមកពីបណ្តាប្រទេសដទៃជាច្រេីនផ្សេងទៀត។

    លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានផ្តល់នូវបទពិសោធន៍ ដើម្បីស្វែងយល់បន្ថែមពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ជាពិសេសវិស័យកសិកម្មទំនើប តាមគោលគំនិតផ្តួចផ្តើម «ផ្លូវមួយខ្សែក្រវាត់មួយ» របស់ប្រមុខដឹកនាំប្រទេសចិន។

    លោក បានបង្ហាញជូនអង្គសន្និសីទស្តីពីការលើកកម្ពស់វិស័យកសិកម្មកម្ពុជា ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ ដូចដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ដោយសង្កត់ធ្ងន់លើការតម្រង់ទិសការអភិវឌ្ឍប្រកបដោយចីរភាព។

    លោក អ៊ាង សុផល្លែត ក៏បានសម្តែងនូវសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការតាមរយៈ «ផ្លូវមួយ ខ្សែក្រវាត់មួយ» នឹងពង្រឹងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការនានាលើគ្រប់វិស័យ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា និងអនាគតទាំងអស់គ្នា។ ជាមួយគ្នានេះ លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ថា កម្ពុជាសង្ឃឹមលើគម្រោង និងកិច្ចសហការបន្ថែមទៀតជាមួយមិត្តចិន ដែលជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដ៏សំខាន់មួយ។

    ក្នុងឪកាសនោះ លោក អ៊ាង សុផល្លែត ក៏បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីចិន និងស្ថាប័នអន្តរជាតិមួយចំនួនផងដែរ៕