ខ្មែរប៉ុស្ដិ៍ Close

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី បង្ហាញឆន្ទៈចង់ឃើញសហគមន៍អឺរ៉ុប រក្សាប្រព័ន្ធអនុគ្រោះពន្ធទំនិញគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA) ដល់ប្រទេសកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1325
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី បង្ហាញឆន្ទៈចង់ឃើញសហគមន៍អឺរ៉ុប រក្សាប្រព័ន្ធអនុគ្រោះពន្ធទំនិញគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA) ដល់ប្រទេសកម្ពុជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី បង្ហាញឆន្ទៈចង់ឃើញសហគមន៍អឺរ៉ុប រក្សាប្រព័ន្ធអនុគ្រោះពន្ធទំនិញគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA) ដល់ប្រទេសកម្ពុជា

លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មីប្រចាំកម្ពុជា បានបង្ហាញឆន្ទៈចង់ឃើញសហគមន៍អឺរ៉ុប រក្សាប្រព័ន្ធអនុគ្រោះពន្ធទំនិញគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA) ដល់ប្រទេសកម្ពុជា។ ការបង្ហាញឆន្ទៈរបស់លោក Christian Berger ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុញ្ញាតឲ្យលោកចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្រោយជំនួបនេះ លោក កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក Christian Berger បានបង្ហាញឆន្ទៈមុតមាំ ធ្វើយ៉ាងណាឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ របស់កម្ពុជានិងអាល្លឺម៉ង់ មានលក្ខណៈកាន់តែស៊ីជម្រៅ និងរីកចម្រើនឡើងថែមទៀត។ លោក ថែមទាំងបង្ហាញឆន្ទៈចង់ឃើញសហគមន៍អឺរ៉ុបទាំងមូល រក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់ប្រទេសកម្ពុជា ដើម្បីប្រយោជន៍រវាងកម្ពុជា និងប្រយោជន៍អឺរ៉ុបបន្តទៀត។

លោក កុយ គួង បានបញ្ជាក់យ៉ាងដូច្នេះថា «លោកឯកអគ្គរដ្ឋទូត និងឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីបញ្ហា EBA ដែលកម្ពុជា និងអាល្លឺម៉ង់យល់ថា គឺជារឿងសំខាន់ រវាងកម្ពុជា និងសហភាពអឺរ៉ុប ក៏ដូចជាប្រទេសនីមួយៗនៅក្នុងអឺរ៉ុបផងដែរ។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរមតិយោបល់ ពិភាក្សាបញ្ហានេះថា យើងជំរុញ EBA ឲ្យមានលក្ខណៈទៅមុខ ធ្វើយ៉ាងណាឲ្យមានលក្ខណៈជាវិជ្ជមាន ជាមួយសហភាពអឺរ៉ុប ក៏ដូចជាប្រទេសយើងផងដែរ»។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅក៏ដូចជាអបអរសាទរដល់លោក Christian Berger ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី របស់សហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជានេះ។ លោក បានបញ្ជាក់ថា ដោយសារលោក Christian Berger គឺជាអ្នកការទូតជើងចាស់ ដូច្នេះហើយសង្ឈឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងកាន់តែប្រសើរឡើងថែមទៀត។
ប្រមុខការទូតកម្ពុជា តាមរយៈលោក Christian Berger ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានជួយកម្ពុជាក្នុងការអភិវឌ្ឍប្រទេស ជាពិសេសអរគុណដល់អាល្លឺម៉ង់ ដែលបានផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជា ចំនួន៣២៧នាក់ គិតតាំងពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០១៩នេះ។

សូមបញ្ជាក់ដែរថា នៅក្នុងជំនួបពិភាក្សាការងាររវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក Christian Berger កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ រដ្ឋាភិបាលអាល្លឺងម៉ង់ ដែលជាប្រទេសមហាអំណាចមួយនៅចក្រភពអឺរ៉ុប បានបង្ហាញឆន្ទៈដ៏មុតមាំរបស់ខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងឱ្យកាន់តែល្អប្រសើរជាមួយកម្ពុជា។ បើតាមលោក Christian Berger បានអះអាងដែរថា សភាពាណិជ្ជកម្មអាល្លឺម៉ង់ គ្រោងបើកការិយាល័យជាលើកដំបូងនៅកម្ពុជាថែមទៀតផង ដើម្បីពង្រីកការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ៕