ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចំាកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1051
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចំាកម្ពុជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចំាកម្ពុជា

នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ទីស្តីការក្រសួង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចំាកម្ពុជា។ ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ចំពោះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចំាកម្ពុជា និងស្វាគមន៍ចំពោះការគ្រងរាជប័ល្លង្ករបស់ព្រះចៅអធិរាជ Naruhito ព្រមទាំងចូលរួមសោកស្តាយយ៉ាងខ្លាំង និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់ជីវិត និងការខូចខាត ដោយសារព្យុះកំណាចទីហ្វុង Hagibis នៅក្នុងប្រទេសជប៉ុនកាលពីពេលថ្មីៗ កន្លងមកនេះ។

នៅក្នុងជំនួបពិភាក្សានេះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា កម្ពុជា និងជប៉ុន មានចំណងមិត្តភាពជាយូរមកហើយ ដែលជាហេតុនាំឲ្យប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតទាំងវិស័យការទូត និងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម កំណើននៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានសន្ទុះកើនទ្បើងស្មើនឹង ១,៦ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៨ កើនប្រមាណ ១០% ធៀបទៅឆ្នាំ២០១៧ ហើយអាចកើនដល់ ២ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០ នាពេលខាងមុខ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានស្ថេរភាពនយោបាយពេញលេញ កម្ពុជាមានកំណើនសេដ្ឋកិច្ចប្រមាណ ៧,២ អស់រយ:ពេលជាងពីរទសវត្សរ៍មកនេះ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនជប៉ុនជាច្រើនបាននិងកំពុងពង្រីកអាជីវកម្មនៅកម្ពុជា និងបានផលិតផលិតផលមួយចំនួននាំទៅប្រទេសថៃ តាមកម្មវិធីថៃបូកមួយ ជាមួយគ្នានេះផងដែរ ផ្សារអ៊ីអនទីបី នឹងចាប់ផ្តើមសាងសង់នាពេលឆាប់ៗខាងមុខនេះ។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានសម្តែងអំណរគុណចំពោះ លោករដ្ឋមន្រ្តី នូវរាល់ការគាំទ្រ និងមតិស្វាគមន៍ ព្រមទាំងការចូលរួមរំលែកទុក្ខដូចបានរៀនរាប់ខាងលើ។ លោកបានគូសបញ្ជាក់ថា ចំនួនវិនិយោគិន និងក្រុមហ៊ុនជប៉ុននៅកម្ពុជាមានការកើនទ្បើងជាបន្តបន្ទាប់ បានរួមចំណែកដល់កំណើនសេដ្ឋកិច្ច ដែលជួយឲ្យប្រជាជនប្រទេសទាំងពីរកាន់តែយល់ដឹងពីគ្នាទៅវិញទៅមកកាន់តែជិតស្និទ្ធ និងបានសង្កត់ធ្ងន់ថាកត្តាស្ថេរភាពនយោបាយបាននាំឲ្យកំណើនសេដ្ឋកិច្ចកម្ពុជារក្សាបានប្រមាណ ៧,២%។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ក៏បានគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ផ្អែកតាមរយៈជំនួបពិភាក្សាការងារ វេទិកាធុរកិច្ច ការផ្គូរផ្គងវិនិយោគិន និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគផ្ទាល់ពីជប៉ុន។

លោក ប៉ាន សូរស័ក្តិ ក៏បានសម្តែងការគាំទ្រ និងសហការល្អចំពោះលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ក្នុងពេលបំពេញការងារនៅកម្ពុជា និងបានស្នើដល់ភាគីជប៉ុនផ្តល់ការយកចិត្តទុកដាក់ដល់ការវិនិយោគការកែច្នៃម្ហូបអាហារ កសិផល បន្លែផ្លែឈើ និងជួយផ្តល់ជំនួយបច្ចេកទេស សម្ភារ:បរិក្ខា និងការបណ្តុះបណ្តាលដល់មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូលកម្ពុជា។

ជាការឆ្លើយតប លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានគូសបញ្ជាក់ថា លោកយល់ថា រាល់មតិយោបល់របស់លោករដ្ឋមន្រ្តី គឺជាកត្តាសំខាន់ក្នុងការជួយបង្កើនការនាំចេញរបស់កម្ពុជា និងជាកិច្ចការដែលត្រូវសហការគ្នានាពេលខាងមុខ៕

អត្ថបទទាក់ទង