ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នក​អាន៖ សម រង្ស៊ី-កឹម សុខា ជាមនុស្ស​តែមួយ​ គ្រាន់​តែ​ជា​ស្លោក​បិទ​បាំងការ​បែក​បាក់​ផ្ទៃក្នុង​បក្ស​ប្រឆាំង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1388
ទស្សនៈមិត្តអ្នក​អាន៖ សម រង្ស៊ី-កឹម សុខា ជាមនុស្ស​តែមួយ​ គ្រាន់​តែ​ជា​ស្លោក​បិទ​បាំងការ​បែក​បាក់​ផ្ទៃក្នុង​បក្ស​ប្រឆាំងទស្សនៈមិត្តអ្នក​អាន៖ សម រង្ស៊ី-កឹម សុខា ជាមនុស្ស​តែមួយ​ គ្រាន់​តែ​ជា​ស្លោក​បិទ​បាំងការ​បែក​បាក់​ផ្ទៃក្នុង​បក្ស​ប្រឆាំង

នៅទីបំផុតទៅ ការបែកបាក់ផ្ទៃក្នុងរបស់អតីតគណបក្សសង្គ្រោះជាតិ បានបង្ហាញរូបរាងកាន់តែច្បាស់ហើយ រវាង​ក្រុម​ កឹម សុខា និយម ដែល​ប្រកាន់​គោល​ការណ៍​អហិង្សា និង​ក្រុម សម រង្ស៊ី និយម ដែល​ប្រកាន់​គោលការណ៍ហិង្សា​ ញុះញង់ បង្កភាព​វឹក​វរ ចលាចល​សង្គម ពោល​គឺភាគីទាំងពីរមានជំហរនយោបាយផ្ទុយគ្នា ១៨០ដឺក្រេ។
ទោះជ្រកក្រោមតំបូលតែមួយ តែមនុស្សពីរក្រុមដែលបានមកពីការច្របាច់បញ្ចូលគ្នាដោយបង្ខំនេះ តែងខ្វែងគំនិតគ្នាជារៀងដរាបមក។ ត្បិតថា ពួកគេរួមគ្នាប្រឆាំងនឹងរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាក៏ពិតមែន តែពួកគេមិនដែល​ភ្លេចទេ តែងឆ្លៀតឱកាសប៉ែងជើងគ្នាដណ្តើមយកមុខមាត់​រៀងៗខ្លួន។

ដោយមិនរំលឹករឿងចាស់ៗនៃភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​ក្រុម កឹម សុខា និយម និង​ក្រុម​ សម រង្ស៊ី និយមក្រោយការ​រួបរួម​គ្នា​ដោយការ​ចាប់​​បង្ខំ​កាល​ពី​ឆ្នាំ​២០១២ នៅ​ប្រទេស​ហ្វីលីពីន​ ខ្ញុំ​សូម​លើក​យក​តែ​រឿង​រ៉ាវ​ដែល​កើត​ឡើងក្នុង​រយៈពេល​​ចុងក្រោយ​នេះ​មក​បង្ហាញ​ ដើម្បី​ឲ្យ​បងប្អូន​​​យល់​ឲ្យ​បាន​ច្បាស់​ពាក្យ​​​ប្រ​ជា​ភិ​ថុតិ​​កើត​ចេញ​ពីក្រុម សម រង្ស៊ី និយម តែង​ពោល​ និង​ទន្ទេញ​ឡើង​សឹក​បបេរមាត់​ថា សម រង្ស៊ី និង​ កឹម​ សុខា ជា​មនុស្សតែមួយ។ តើ​ សម រង្ស៊ី និង​ កឹម សុខា ដែល​ជាមនុស្សពីរ​នាក់​ ​មាន​ខួរក្បាល​ពីរ ​​រូប​រាងកាយ​ផ្សេងគ្នា ជា​សត្រូវ​ស៊ូពូជនឹង​គ្នា ពិត​ជា​មនុស្ស​តែមួយ​មែនឬ? តាម​ពិត​ទៅ ទ្រឹស្តី សម រង្ស៊ី-កឹម សុខា ជាមនុស្ស​តែមួយ មិន​ស៊ី​ជាមួយ​នឹង​ភាព​ជាក់​ស្តែងតាម​ផ្លូវ​រូបកាយ និង​ចេតនា​អារម្មណ៍របស់​បុគ្គល​ទាំង​ពីរ​ទេ។

គេ​នៅ​ចាំ​បាន​ថា លោក សម រង្ស៊ី បាន​ប្រព្រឹត្តិ​កំហុស​ដ៏ធំ​មួយ​ក្នុង​ការ​លាលែង​​​ចេញពី​ប្រធាន​អតីត​គណបក្ស​ប្រឆាំង ហើយ​សូម្បី​តែ​ជា​សមាជិកបក្ស​កំប៉ិកកំប៉ុក​​ធម្មតា​ម្នាក់​ក៏​លោក សម រង្ស៊ី មិន​ទុក​ដែរ ដោយ​ប្រគល់​តំណែង​​ជា​ប្រធាន​​បក្សដែល​ជា​សមិទ្ទផលនៃការ​ខិតខំ​ប្រឹង​ប្រែង​​ពេញ​​មួយ​ជីវិតនយោបាយ​របស់​ខ្លួន​ យក​ទៅ​ដាក់​ជើង​ពាន​លើក​​ដៃពីរជូន​​ទៅ​អតីត​គូ​បក្ខ​ដិបក្សនឹងគ្នា​ នោះ​គឺ កឹម សុខា។ កឹម សុខា បាន​ផ្តួល សម រង្ស៊ី យក​តំណែង​ជា​ប្រធាន​បក្ស​ដោយ​មិន​ចាំ​បាច់​ខំប្រឹងបន្តិច​ទាល់​តែសោះ​។ បើ​និយាយ​ក្នុង​រឿង​ធ្វើ​ជំនួញ​វិញ គឺ​ការ​ជួញ​ដូរមួយ​​​ក្តារ​នេះ​របស់​ កឹម សុខា ចំណេញ​កប់​ក្តោង​តែ​ម្តង ពីព្រោះ​ថា មាន​ដើមទុន​​តែ ៣កៅអី អាច​ក្តោប​យក​បាន ៥៥កៅអី ពោល​គឺ​គ្រប់​គ្រង​ក្រុម​ សម រង្ស៊ី ទាំង​មូល​ស្រប​តាម​លក្ខន្តិកៈបក្ស។

ដោយ​សារ​ សម រង្ស៊ី ជា​មនុស្ស​អត្តនោម័តិ គ្មាន​យុទ្ធ​សាស្ត្រ​ និង​ទស្សនៈវិស័យ​វែង​ឆ្ងាយ​ គិត​មួយ​ពេល​ធ្វើ​មួយ​ពេល គិត​នឹក​ឃើញ​ចង់​ដណ្តើម​បក្ស​មកគ្រប់​គ្រង​វិញ​ ក៏​បាន​ចាប់​ផ្តើម​ប្រមែ​ប្រមូលគ្នីគ្នា​អ្នក​គាំទ្រ​ខ្លួន​​បង្កើត​សន្និសីទមួយ​នៅ​ទីក្រុង​អាត្លង់​តា​ សហរដ្ឋ​អាមេរិក​ ថ្ងៃទី​១-២ ខែធ្នូ ឆ្នាំ​២០១៨ ដើម្បី​ផ្តល់​តួនាទី​ដល់​ខ្លួនជា​ប្រធាន​ស្តីទី​អតីត​គណបក្ស​ប្រឆាំង​ ដែល​ក្រុម​ កឹម សុខា ​ជំទាស់ដាច់​អហង្ការ និង​បាន​ចាត់​ទុក​ព្រឹត្តិការណ៍នោះ​ថា ជាការ​ធ្វើ​បក្ស​ប្រហារ​ដោយ​កំរោល​បំផុត របស់​ សម រង្ស៊ី និង​បក្ខ​ពួក​។

ចាប់​តាំង​ពី​ពេល​នោះ ផែ​នការយុទ្ធ​សាស្ត្រ និង​សកម្ម​ភាព​នានា​ដែលផ្តួច​ផ្តើម​ដោយ​ក្រុម សម រង្ស៊ី មិន​ត្រូវ​បាន​អើពើដឹងលឺ និង​ចូល​រួម​ជា​គំនិត​យោបល់​ពី​ខាង​ក្រុម​ កឹម សុខា ឡើយ។ មិន​ត្រឹម​ប៉ុណ្ណោះ ក្រុម កឹម សុខា ​​តែង​ជំទាស់ និង​បើកការ​វាយ​ប្រហារ​ចំៗទៅ​លើ​ក្រុម សម រង្ស៊ី និយម ពិសេស​លើ សម រង្ស៊ី ផ្ទាល់​តែម្តង។ ជាក់​ស្តែង​ផែនការ​ចុង​ក្រោយ​បង្អស់ សម រង្ស៊ី​ និង​គូកន គឺ​ផែន​ការ​វិលចូល​ស្រុកវិញ​នៅ​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ​ខាង​មុខ​នេះ ដោយ​បាន​បំផុសបំផុលញុះញង់​កម្លាំង​មហាជន ទិញ​ទឹក​ចិត្ត​កង​ទ័ព​ឲ្យ​ផ្តាច់​ខ្លួនបែរចុងកាណុង​​ប្រឆាំង​រាជរដ្ឋាភិបាល ប្រមាថ​ព្រះមហាក្សត្រ និង​បង្ខំ​ឲ្យ​ព្រះអង្គ​ដាក់​រាជ្យ​ជា​ដើម ដែល​ជា​អំពើ​រដ្ឋ​ប្រហារ ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​​ និង​​​ផ្លាស់​ប្តូរ​របប។ ដើម្បី​អនុវត្ត​ផែនការ​នេះ សម រង្ស៊ី បាន​រុញ​ឲ្យ​សកម្មជន​ដែល​នៅ​សេសសល់​តិច​តួច​បំផុត​ក្នុង​ស្រុក​ ដើរ​បំផុស​បំផុល​ញុះញង់​ ប្រមូល​កេណ្ឌ​ប្រជាពលរដ្ឋ​ ឲ្យ​ទទួលខ្លួន​​នៅ​ថ្ងៃទី​៩វិច្ឆិកា ​ខាង​មុខ ទោះ​​ដឹង​ថា ទង្វើ​នេះ​នឹង​ប្រឈម​មុខ​​វិធានការ​ច្បាប់​យ៉ាង​ណា​ក៏​ដោយ។

ទង្វើ​បែបនេះ​ ត្រូវ​បាន​ កឹម សុខា បង្ហោះ​សារ​មួយតាម​ហ្វេសប៊ុក​​ជាការ​ព្រមានចំៗទះកំភ្លៀង​ ​សម រង្ស៊ី ដែលជាដៃគូក្លែងក្លាយរបស់ខ្លួន។ កឹម សុខា កាល​ពី​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៩ បានសរសេរឌឺដងទៅ សម រង្ស៊ី ថា ការដែលខ្លួនគាត់ហ៊ានជាប់គុកមិនរត់ចោលស្រុក គឺមិនមែនជាការឆោតល្ងង់ដូច សម រង្ស៊ី ថានោះឡើយ។ កឹម សុខា អះអាងថា «តួនាទីជាអ្នកដឹកនាំ គឺខុសពីចៅហ្វាយ ឬថៅកែ» ពីព្រោះចៅហ្វាយ ឬថៅកែ គឺជាអ្នកចាំ​ទទួលផលពីការងាររបស់យើង (ដែលចង់សំដៅលើបុគ្គលិក កម្មករ)។ ប៉ុន្តែអ្នកដឹកនាំ គឺជាអ្នកដែលលះបង់មុនគេ និងច្រើនជាងគេដើម្បីជាគំរូដល់អ្នកគាំទ្រ។ ត្រង់ចំណុចនេះ កឹម សុខា ចង់ព្រមាន សម រង្ស៊ី ថា កំពុងធ្វើឬកដូចចៅហ្វាយ ឬថៅកែដែលចាំតែប្រមូលផលពីអ្នកគាំទ្រ ពោលគឺទៅដល់ទីណា សម រង្ស៊ី តែងតែឃោសនាបញ្ចុះ​បញ្ចូលឲ្យអ្នកគាំទ្របរិច្ចាគលុយកាក់ ដើម្បីគាំទ្រដល់សកម្មភាពនយោបាយរបស់ខ្លួន ហើយខ្លួនចាំតែទទួលផល​ពីអ្នកគាំទ្រទាំងនោះរហូត ជាពិសេសអ្នកគាំទ្រក្រៅស្រុកដែលម្នាក់ៗបានបរិច្ចាគមិនដឹងអស់លុយប៉ុន្មានទៅហើយ​នោះទេ។ ទីបំផុតលទ្ធផលស្មើសូន្យ។

កឹម សុខា បន្តទៀតថា «អ្នកដឹកនាំដែលមានគុណធម៌មិនដែលរុញច្រាន ឲ្យអ្នកគាំទ្រធ្វើអ្វីដែលខ្លួនមិនហ៊ានធ្វើនោះឡើយ»។ មានន័យថា សម រង្ស៊ី មិនសមជាអ្នកដឹកនាំអីបន្ទិចណាសោះ​ ពីព្រោះខ្លួនជាមនុស្សកំសាក មិនហ៊ានលះបង់ និងក៏មិនបានធ្វើជាគំរូដល់អ្នកគាំទ្រទាល់តែសោះ។ ផ្ទុយទៅវិញ សម រង្ស៊ី បែរជារុញច្រានឲ្យអ្នកគាំទ្រចេញមុខប្រឈមគ្រោះថ្នាក់ ដោយការប្រព្រឹត្តិអំពើខុសច្បាប់នានា តាមការស្រែកអំពាវនាវរបស់ខ្លួន តែ សម រង្ស៊ី ខ្លួនឯងវិញមិនហ៊ានធ្វើដូចពាក្យសម្តីរបស់ខ្លួនឡើយ ពោលគឺ សម រង្ស៊ី ចេះតែម៉្យាងគត់នោះ គឺការជំរុញអ្នកគាំទ្រឲ្យរងរបួស រឺស្លាប់ជំនួសខ្លួន ហើយចំណែកឯខ្លួនគាត់វិញក៏​ចេះតែម៉្យាងគត់​ដែរ ​គឺបើមានការអីមិនស្រួល ​រត់ចោលស្រុកភ្លាម ទៅសម្ងំសុខនៅស្រុកបារាំងធ្វើព្រងើយ។

កឹម សុខា ក៏បានសរសេរទៀតថា គាត់តែងតែណែនាំឲ្យកូនចៅតស៊ូដោយអហិង្សា ហើយក្នុងនាមថ្នាក់ដឹកនាំគាត់សុខចិត្តទទួលរងគ្រោះខ្លួនឯង ដោយមិនឲ្យអ្នកគាំទ្រយកខ្លួនពាំងជំនួសតែរហូតនោះឡើយ។ ត្រង់ចំណុចនេះ មានន័យថា ​កន្លងទៅរហូតមកដល់ពេលនេះ សម រង្ស៊ី តែងតែយកអ្នកគាំទ្រមកពាំងជំនួសខ្លួនតែរហូតហ្នឹង។ លើការជាក់ស្តែង មានសកម្មជនអ្នកគាំទ្រ សម រង្ស៊ី ច្រើននាក់មកហើយដែលត្រូវបាន សម រង្ស៊ី ញុះញង់ បញ្ឆេះកំហឹងឲ្យប្រព្រឹត្តអំពើខុសច្បាប់ និងអំពើហិង្សានានារហូតដល់ក្លាយជាជនល្មើសជាប់ទោសជំនួស សម រង្ស៊ី។​

ថ្មីៗនេះ​ទៀត​សោត កូន​ស្រី​លោក កឹម សុខា គឺ​ កឹម មនោវិទ្យា កាល​ពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៩ ​បានឌៀម​ដាម​ឲ្យ​ សម រង្ស៊ី ថា ​គ្មានផែន​ការពិតប្រាកដណាមួយ វិលត្រឡប់ចូលប្រទេសកម្ពុជានោះ​ទេ វាគ្រាន់តែជាការទាក់ទាញចំណាប់អារម្មណ៍តែប៉ុណ្ណោះ ហើយក្រុម សម រង្ស៉ី ចាត់ទុកបណ្តាញព័​ត៌មាន និងអ្នកគាំទ្ររបស់ខ្លួនជាមនុស្សល្ងីល្ងើម្តងហើយម្តងទៀត។ កញ្ញាថា គ្មានផែនការពិតប្រាកដសម្រាប់មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំងណាម្នាក់ ដើម្បីវិលត្រឡប់មកប្រទេសកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកានោះទេ។

កឹម មនោវិទ្យា បានបន្តទៀតថា ឆាកជីវិតនយោបាយរបស់ សម រង្ស៊ី ជាសហស្ថាបនិកអតីតបក្សប្រឆាំង ហើយដែលកំពុងនិរទេសខ្លួននោះ គឺចប់អស់ហើយ ដោយសារតែលោកខ្វះការប្តេជ្ញាចិត្ត ធ្វើការសម្រេចចិត្តភ្លាមៗបែបអត្តនោម័តិ ហើយសំខាន់ជាងនេះទៅទៀតគឺខ្វះទស្សនៈវិស័យបែបយុទ្ធសាស្ត្រ។
​សារ​របស់ កឹម មនោវិទ្យា ពេល​នេះ​ គឺ​ជាការ​ម៉ាត់មួយ​ដៃ​ចំកណ្តាល​មាត់​​ សម រង្ស៊ី ដែលថា នឹង​វិល​ចូល​ស្រុក​វិញដើម្បី​ធ្វើការ​ដោះលែង​ កឹម សុខា។ កឹម សុខា បច្ចុប្បន្ន​កំពុង​ជាប់​ចោទ​ពី​បទ​សន្ទិដ្ឋិភាព (រួមគំនិតក្បត់​ជាតិជាមួយបរទេស)​ ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិតនៅ​ក្រោមការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ។

សរុប​មកវិញ ពាក្យ សម រង្ស៊ី-កឹម សុខា ជាមនុស្ស​តែ​មួយ​ គឺ​គ្រាន់​តែ​ជា​លេស​ដើម្បី​បិទ​បាំង​ពីការ​បែក​បាក់​ផ្ទៃក្នុង​ធ្ងន់​ធ្ងរ​របស់​អតីត​បក្ស​ប្រឆាំង​ដែល​មិន​អាច​ផ្សះផ្សា​គ្នា​បាន។ ពាក្យ​ សម រង្ស៊ី-កឹម សុខា ជាមនុស្ស​តែ​មួយ ​ជាពាក្យ​ពេញ​និយម​បំផុត​សម្រាប់​ក្រុម សម រង្ស៊ី និយមកេងចំណេញ​លើ​ក្រុម កឹម សុខា​ និយម​ តែ​ពាក្យ​នេះ ជា​ទីសំអប់​បំផុត​របស់​ក្រុម កឹម សុខា និយម។ គេ​មិនដែល​ឃើញ​សោះ​ឡើយ​ថា ក្រុម​ កឹម សុខា និយម​ ប្រើ​ពាក្យ សម រង្ស៊ី-កឹម សុខា ជាមនុស្ស​តែមួយ ព្រោះ​ឈ្មោះ​ សម រង្ស៊ី សម្រាប់​ក្រុ​ម កឹម សុខា ប្រៀប​ដូច​ជាលាមក​ដែល​គេ​មិន​ចង់​លឺ​ និង​ស្គាល់​សោះ​ឡើយ៕

ដោយ៖ សុខ សុវណ្ណ​

អត្ថបទទាក់ទង