ខ្មែរប៉ុស្ដិ៍ Close

    IMF៖ «សេដ្ឋកិច្ច​កម្ពុជា​កើនឡើង​ខ្ពស់​​ជាងគេ​ នៅក្នុង​តំបន់​អាស៊ាន»

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 2410

    សេដ្ឋកិច្ចកម្ពុជា​ ត្រូវបាន​ព្យាករ​ថា​នឹងមាន​កំណើន​ខ្ពស់បំផុត​នៅក្នុង​តំបន់​អាស៊ាន ទោះបី​ជា​ប្រទេស​នេះ​កំពុង​​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ក៏ដោយ​។ នេះ​បើ​យោងតាម​របាយការណ៍​ស្តីពី​ចក្ខុវិស័យ​សេដ្ឋកិច្ច​ប្រចាំ​តំបន់​ឆ្នាំ​ ២០១៩ របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​។ ​របាយការណ៍​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ២២ ខែ​តុលា​បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​រក្សា​បាន​ភាពខ្លាំង​ក្នុង​អត្រា ៧ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៩ មុនពេល​ការធ្លាក់ចុះ​បន្តិច​វិញ​មក​នៅ​ត្រឹម ៦,៨ ភាគរយ​ក្នុង​ឆ្នាំ​ ២០២០​។

    កំណើន​នេះ​ខ្លាំង​ជាង​ប្រទេស​ទាំងអស់​របស់​សមាជិក​អាស៊ាន​ដោយ​សេដ្ឋកិច្ច​របស់​វៀតណាម​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើនឡើង​ ៦,៥ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៩ និង​ឆ្នាំ​ ២០២០ ធ្លាក់​ចុះ​ពី​ ៧,១ ភាគរយ​ពី​ឆ្នាំ ២០១៨​។

    លោក Hiroshi SUZUKI អគ្គនាយក និង​ជា​ប្រធាន​សេដ្ឋវិទូ​នៅ​វិទ្យាសា្ថន​ស្រាវជ្រាវ​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​តាម​អ៊ីមែល​កាលពី​ថ្ងៃ​ពុធ​ថា បញ្ហា​ប្រឈម​ខាង​ក្រៅ​ផ្ដល់​ឲ្យ​កម្ពុជា​ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ​។

    លោក​ថ្លែង​ថា​៖ «​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​នឹង​ផ្ដល់​ផលប៉ះពាល់​អវិជ្ជមាន​តិចតួច​ដល់​សេដ្ឋកិច្ច​កម្ពុជា​»​។ លោក​បន្តថា​៖ «​លើសពី​នេះ​ទៀត​ដោយសារ​សង្គ្រាម​ពាណិជ្ជ​កម្មនេះ​កម្ពុជា​នៅពេល​នេះ​គឺជា​បេក្ខជន​មួយ​ក្នុង​ចំណោម​បេក្ខជន​ដ៏សំខាន់​បំផុត​សម្រាប់​ក្រុមហ៊ុន​របស់​ប្រទេស​ចិន​ជាច្រើន​ក្នុង​ការផ្លាស់ប្តូរ​រោងចក្រ​របស់​ពួកគេ​ពី​ប្រទេស​ចិន​»​។

    របាយការណ៍​នេះ​បង្ហាញ​ថា ប្រទេស​ឥណ្ឌូណេស៊ី​ដែល​មាន​ទំហំ​សេដ្ឋកិច្ច​ធំជាងគេ​ក្នុង​តំបន់​អាស៊ាន​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើនឡើង ៥ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០១៩ និង ៥,១ ភាគរយ​ក្នុង​ឆ្នាំ​ ២០២០ ខណៈ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង ២,៩ និង ៣ ​ភាគរយ​។

    ប្រទេស ​ម៉ាឡេស៊ី ​ត្រូវ​បាន​ព្យាករ​ថា នឹង​កើន​ឡើង​ ៤,៥ ​ភាគរយ ​និង ៤,៤​ ភាគរយ ​ប្រទេស មីយ៉ាន់ម៉ា នឹង​កើន​ឡើង​ ៦,២​ ភាគរយ និង​ ៦,៣​ ភាគរយ​ ខណៈ​សេដ្ឋកិច្ច​ប្រទេស ​ឡាវ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា ​នឹង​កើន​​ឡើង​ ៦,៤ ​ភាគរយ និង ៦,​៥ ​ភាគរយ ហើយ​​ប្រទេស ​ហ្វីលីពីន ​នឹង​កើន​ឡើង ៥,៧ ភាគរយ និង​ ៦,២ ​ភាគរយ​។​​ ​សេដ្ឋកិច្ច​របស់​ប្រទេស ​ប្រុយណេ ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​នឹង​កើន​ឡើង ​១,៨​ ភាគរយ​ក្នុង​ឆ្នាំ ​២០១៩ និង ​៤,​៧ ភាគរយ ​​ក្នុង​ឆ្នាំ ២០២០​។

    ប្រទេស ​សិង្ហបុរី ​គឺ​ជា​ប្រទេស​អាស៊ាន​តែ​មួយ​គត់​ដែល IMF បាន​ដាក់​បញ្ចូល​ថា​ជា​ប្រទេស​អភិវឌ្ឍន៍​ ហើយ​​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ត្រូវ​បាន​ព្យាករ​ថា នឹង​ថមថយ​​​មក​នៅ​ត្រឹម ​០,៥ ក្នុង​ឆ្នាំ​ ២០១៩ ហើយ​កើន​ឡើង​ដល់​​ ១ ភាគរយ​វិញ ​​ក្នុង​ឆ្នាំ ​២០២០ ធៀប​នឹង​​ ៣,១​ ភាគរយ​ ដែល​សម្រេច​បាន​នៅ​​​ឆ្នាំ ​២០១៨។

    លោក Suzuki បាន​ឲ្យ​ដឹងថា បញ្ហា EBA មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ហើយ​បើ​គ្មាន​វា​កម្ពុជា​នឹង​ពិបាក​ក្នុង​ការប្រកួតប្រជែង​ផ្នែក​ពាណិជ្ជកម្ម​។ លោក​ថ្លែង​ថា​៖ «​ឧស្សាហកម្ម​កាត់ដេរ​របស់​កម្ពុជា​មិន​អាច​ឈ្នះ​ការប្រកួតប្រជែង​ផ្នែក​ពាណិជ្ជកម្ម​នៅ​សហភាព​អឺរ៉ុប (EU) ​បាន​ទេ​។ វា​គឺ​ដោយសារ​តែ​មាន​​ដៃគូ​ប្រកួតប្រជែង​ខ្លាំងៗ​ជាច្រើន​ដូចជា វៀតណាម និង​មីយ៉ាន់ម៉ា​ជាដើម​»​។

    លោក Jarkko Turunen សេដ្ឋវិទូ​ជាន់ខ្ពស់​របស់ IMF បាន​ថ្លែង​កាលពី​សប្តាហ៍​មុន​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​សកម្ម​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច និង​ភាពមិន​ច្បាស់លាស់​តាមរយៈ​ផែនការ​កែទម្រង់​រចនាសម្ព័ន្ធ​ក្នុង​គោលបំណង​កែលម្អ​សមត្ថភាព​ប្រកួតប្រជែង និង​ការធ្វើ​ពិពិធកម្ម​។

    របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក​របស់​ធនាគារ​ពិភពលោក​ដែល​បានចេញ​ផ្សាយ​កាលពី​ដើមខែ​នេះ​បាន​ឲ្យ​ដឹងថា ចក្ខុវិស័យ​សេដ្ឋកិច្ចរ​បស់​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​មួយចំនួន​រួមទាំង​កំណើន​ឥណទាន​ដល់​វិស័យ​សំណង់ និង​វិស័យ​អចលនទ្រព្យ​ផងដែរ​។

    លោក Suzuki បាន​ឲ្យ​ដឹងថា នៅពេល​នេះ​អចលនទ្រព្យ និង​សំណង់​គឺជា​ក្បាលម៉ាស៊ីន​មួយ​នៃ​សេដ្ឋកិច្ចកម្ពុជា​។

    លោក​បាន​ថ្លែងថា​៖ «​ទោះបី​ជា​យ៉ាងណា​បើ​ការវិនិយោគ​ពី​ប្រទេស​ចិន​អាច​ត្រូវ​រង​ផលប៉ះពាល់​ដោយ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ចិន​នោះ ការកើនឡើង​នេះ​អាច​នឹង​ត្រូវ​បញ្ចប់​»៕​

    អត្ថបទ៖ ភ្នំពេញប៉ុស្តិ៍

    អត្ថបទទាក់ទង