ខ្មែរប៉ុស្ដិ៍ Close

    ទស្សនៈមិត្តអ្នកអាន៖ សហគមន៍អឺរ៉ុប និងបច្ចឹមប្រទេសត្រូវរួមដៃគ្នាជាមួយរាជរដ្ឋាភិបាលក្នុងការបន្តលើកស្ទួយប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1224
    ទស្សនៈមិត្តអ្នកអាន៖ សហគមន៍អឺរ៉ុប និងបច្ចឹមប្រទេសត្រូវរួមដៃគ្នាជាមួយរាជរដ្ឋាភិបាលក្នុងការបន្តលើកស្ទួយប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជាទស្សនៈមិត្តអ្នកអាន៖ សហគមន៍អឺរ៉ុប និងបច្ចឹមប្រទេសត្រូវរួមដៃគ្នាជាមួយរាជរដ្ឋាភិបាលក្នុងការបន្តលើកស្ទួយប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា

    ក្រោយពេលដែលផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលនៅថ្ងៃទី៩ ខែវិច្ឆិកា របស់ក្រុមឧទ្ទាមក្បត់ជាតិដែលមាន សម រង្ស៊ី ជាមេខ្លោងត្រូវទទួលបរាជ័យយ៉ាងអាម៉ាស់នោះ ឥឡូវនេះ ក្រុមដដែលនេះបានប្តូរសមរភូមិនយោបាយរបស់គេមកវាយប្រហាររាជរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លើបញ្ហាការពិនិត្យព្យួរប្រព័ន្ធអនុគ្រោះពន្ធទំនិញគ្រប់មុខលើកលែងតែអាវុធហៅកាត់ថា EBA ដែលសហភាពអឺរ៉ុបផ្តល់ជូនកម្ពុជាវិញម្តង។

    ក្រុមឧទ្ទាមក្បត់ជាតិមួយក្តាប់តូចនេះ បានលើកយកបញ្ហា EBA នេះមកធ្វើជាប្រធានបទនៃការរិះគន់វាយប្រហារទៅលើរាជរដ្ឋាភិបាល ហើយមានចេតនាជំរុញឲ្យសហភាពអឺរ៉ុបដក EBA ពីកម្ពុជា និងបំភិតបំភ័យពលរដ្ឋខ្មែរអំពីបញ្ហានេះដើម្បីកេងចំណេញនយោបាយរបស់ខ្លួន និងដើម្បីបិទបាំងនូវបរាជ័យនៃផែនការធ្វើរដ្ឋប្រហារថ្ងៃ៩ វិច្ឆិកា របស់ពួកគេទៅវិញ។ ក្រុមចង្រៃនេះ មិនបានគិតអំពីផលប្រយោជន៍របស់កម្មករ កម្មការិនី និងផលប្រយោជន៍ជាតិខ្មែរទាំងមូលនោះឡើយ។ នរណាក៏ដឹងដែរថាបច្ចុប្បន្ននេះប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ កំពុងទទួលបាននូវការងារធ្វើ និងមានប្រាក់បៀវត្សសមរម្យ និងប្រាក់ឈ្នួលកើនឡើងជាលំដាប់ជារៀងរាល់ឆ្នាំ។

    ការលើកយកនូវប្រធានបទរឿង EBA ដើម្បីជាលេសបំភិតបំភ័យចំពោះកម្មករ និងអ្នកវិនិយោគនៅកម្ពុជា ដោយបំភ្លើសថានឹងមានឱនភាពសេដ្ឋកិច្ចនោះគឺជារឿងមិនពិត ពីព្រោះបើទោះបីជាគ្មាន EBA ក៏កម្ពុជានៅតែអាចធ្វើពាណិជ្ជកម្មនាំទំនិញគ្រប់មុខទៅលក់នៅអ៊ឺរ៉ុបបានដដែល ដោយគ្រាន់តែធ្វើការបង់ពន្ធនាំចូលដូចបណ្តាប្រទេសដ៏ទៃទៀតប៉ុណ្ណោះ។ ទោះជាយ៉ាងណា សហគមន៍អ៊ឺរ៉ុបមិនត្រូវធ្វើបុរេវិនិច្ឆ័យ និងតម្រូវនូវលក្ខខណ្ឌឱ្យកម្ពុជាអនុវត្តនូវអ្វីដែលដូចគ្នាបេះបិទទៅនឹងការចាក់រុក ចង់បានរបស់អតីតក្រុមប្រឆាំងដែលលើកឡើងតែពាក្យពីរម៉ាត់អំពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ សម្រាប់ក្រុមរបស់គេដែលបានប្រព្រឹត្តិកំហុសឆ្គងដ៏ធ្ងន់ធ្ងរបំពានច្បាប់ ដើម្បីដណ្តើមអំណាចតាមផ្លូវមិនប្រជាធិបតេយ្យនោះឡើយ។

    សម្រាប់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកបានបង្ហាញនូវគោលជំហរយ៉ាងម៉ឹងម៉ាត់ក្នុងការរក្សានូវឯករាជ្យភាព និងភាពជាម្ចាស់ប្រទេស ដោយអះអាងថា នឹងទប់ទល់ជាមួយនឹងការដាក់គំនាបសេដ្ឋកិច្ចពីសហគមន៍អឺរ៉ុប និងក្រុមបច្ចឹមប្រទេស បើទោះបីជាពួកគេទាំងនោះត្រៀមអនុវត្តចំពោះកម្ពុជាយ៉ាងអយុត្តិធម៌ដើម្បីតែផលប្រយោជន៍កូនជឹងមួយក្តាប់តូចរបស់ខ្លួន និងដើម្បីកាន់កាប់ខាងភូមិសាស្ត្រនយោបាយរបស់ខ្លួនក្តី។ មានន័យថាប្រជាជនកម្ពុជា «មិនយកឯករាជ្យរបស់ជាតិ ទៅប្តូរជាមួយជំនួយជាដាច់ខាត»។ ការពិត ស្ថានការណ៍ពេលនេះ ត្រូវបានគេមើលឃើញថាក្រុមបច្ចឹមប្រទេស និងសហភាពអឺរ៉ុប បានចាប់យកយុទ្ធវិធីដដែលៗដើម្បីច្បាមយកប្រៀបឈ្នះខាងភូមិសាស្ត្រនយោបាយ នៅពេលដែលពួកគេបានមើលឃើញពីឥទ្ធិពលនៃមហាអំណាចចិន បាននិងកំពុងវាយលុកខ្លាំងខាងផ្នែកសេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍។ ដូច្នេះ សហគមន៍អឺរ៉ុបនិងបច្ចឹមប្រទេសមិនត្រូវយករឿងនយោបាយរបស់ក្រុមប្រឆាំងដែលបានប្រព្រឹត្តិខុសច្បាប់កន្លងមក មកលាយឡំជាមួយនិងកញ្ចប់ដែលពួកគេហៅថាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក្នុងការចរចារលើបញ្ហា EBA នោះឡើយ។ លក្ខខណ្ឌ ៥ចំណុចដែលក្រុមប្រឆាំងលើកឡើងដើម្បីឱ្យសហគមន៍អឺរ៉ុបយកមកដោះស្រាយនោះគឺគ្មានឥទ្ធិពលចំពោះការដោះលែងក្រុមជនដែលបានប្រព្រឹត្តិកំហុស ដោយគ្មានការកាត់ទោសនោះទេ។

    ជាការពិតរាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរក្នុងការធ្វើកិច្ចសហប្រតិបត្តិការក្នុងភាពស្មើមុខ និងស្មើសិទ្ធិជាមួយគ្រប់មិត្តអន្តរជាតិទាំងអស់ ។ ប៉ុន្តែ ការគម្រាមដាក់ទណ្ឌកម្ម ឬការសម្លុតថានឹងដកភាពអនុគ្រោះនេះ ឬអនុគ្រោះនោះ វាជាការបង្ហាញឱ្យឃើញពីការមើលស្រាលរបស់បរទេសចំពោះប្រជាជាតិមួយដែលមានអធិបតេយ្យភាពរបស់ខ្លួន ដែលប្រការនេះក្នុងនាមកម្ពុជាជារដ្ឋអធិបតេយ្យមួយមិនអាចទទួលយកបានឡើយ។ ប្រជាជនកម្ពុជា មិនចង់បាននូវសភាពការណ៍បែបនេះនោះទេ។ ប៉ុន្តែ យើងគ្រាន់តែចង់បានថាកម្ពុជាគឺជាប្រទេសមួយដែលឯករាជ្យ ដែលមានសិទ្ធិអនុវត្ត ច្បាប់ក្នុងប្រទេសខ្លួនបាន និងជាប្រទេសមួយដែលមានចំណងមិត្តភាព និងសាមគ្គីភាពជាមួយប្រទេសជាច្រើននៅលើពិភពលោកប៉ុណ្ណោះ។

    ក្នុងន័យនេះ ដើម្បីនិរន្តរភាពសង្គម យន្តការនៃការអនុវត្តច្បាប់គឺជាអ្វីដែលរដ្ឋអំណាចត្រូវតែធ្វើដើម្បីធានាឱ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សង្គម។ មតិភាគច្រើននៅតែមើលឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលបានប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋ តាមរយៈការអនុវត្តច្បាប់ទប់ស្កាត់ភាពចលាចលក្នុងសង្គម។ ម្យ៉ាងទៀត លក្ខណ្ឌនៃការផ្តល់ EBA ក៏មិនបានដាក់លក្ខខណ្ឌឱ្យរាជរដ្ឋាភិបាលត្រូវតែបោះបង់ចោលនូវយន្តការអនុវត្តច្បាប់របស់រដ្ឋអធិបតេយ្យ ដើម្បីធានានូវគោលការណ៍នីតិរដ្ឋ និងប្រជាធិបតេយ្យនោះដែរ។ ដូច្នេះ ការធ្វើសកម្មភាពដែលផ្ទុយពីច្បាប់ ដូចជាការធ្វើសកម្មភាពដោយប្រើប្រាស់ឈ្មោះជាអតីតសកម្មជនមូលដ្ឋានគណបក្សសង្គ្រោះជាតិ ឬការធ្វើសកម្មភាពឱ្យមានការប្រមូលផ្តុំមនុស្សដើម្បីផ្សព្វផ្សាយនូវសារញុះញង់ ឬសកម្មភាពប្រមូលផ្តុំកម្លាំងដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល និងសកម្មភាពគាំទ្រគម្រោងវិលមកកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៊ី ដើម្បីមកធ្វើរដ្ឋប្រហារផ្លាស់ប្តូររបបរាជានិយមជាដើមនោះ គឺពិតជាចូលទៅក្នុងបទល្មើសញុះញង់ឱ្យមានការប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ដែលប្រឈមនឹងការជាប់ពន្ធនាគារ យ៉ាងប្រាកដ។

    មកដល់ពេលនេះ បើទោះបីជាសហគមន៍អ៊ឺរ៉ុបបានផ្ញើរបាយការណ៍ចុងក្រោយរបស់ខ្លួនមករាជរដ្ឋាភិបាលកម្ពុជា ដើម្បីនឹងធ្វើការសន្និដ្ឋាន និងសម្រេចចិត្តយ៉ាងណាក្តីក៏ប្រជាជនកម្ពុជាទាំងមូលនៅតែបន្តខិតខំជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនដោយខ្លួនឯង ដោយមិនពឹងផ្អែកទាំងស្រុងទៅលើជំនួយពីបរទេសនោះឡើយ។ ជាក់ស្តែង តាមរយៈការវិនិយោគ និងការស្ម័គ្រចិត្តចូលរួមបង់ពន្ធជូនរដ្ឋ បានធ្វើឱ្យចំណូលថវិកាកើនឡើងដល់ជាង១ពាន់លានដុល្លារសម្រាប់ឆ្នាំ២០១៩ ដែលជាចំណូលបានពីពន្ធគយ និងពន្ធដារ ដែលចំណូលនេះជាចំណូលសារពើពន្ធសុទ្ធសាធ ហើយចំណូលនេះគឺអាចទ្រទ្រង់បានទាំងស្រុងនៅក្នុងការចំណាយទៅលើការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយគ្មានការព្រួយបារម្ភឡើយ។ ដូច្នេះ ប្រសិនបើសហគមន៍អ៊ឺរ៉ុបធ្វើការសំរេចចិត្តដោយខុសឆ្គងលើបញ្ហា EBA ចំពោះកម្ពុជានោះវានឹងគ្មានផលប៉ះពាល់អ្វីធំដុំដល់សេដ្ឋកិច្ចកម្ពុជាដូចការបំភ្លៃព័ត៌មានរបស់ក្រុមប្រឆាំងនោះឡើយ។ ប្រជាពលរដ្ឋត្រូវយល់ថា ប្រសិនបើកម្ពុជាពិតជាមិនទទួលបាននូវការអនុគ្រោះពន្ធនាំចូលទៅសហភាពអឺរ៉ុបនោះ មិនមែនមានន័យថាកម្ពុជាមិនអាចនាំទំនិញទៅលក់នៅសហភាពអឺរ៉ុបនោះទេ ហើយកម្មករ និយោជិតត្រូវបាត់បង់ការងារពីរោងចក្រកាត់ដេរនោះដែរ រាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាមានវិធានការជាក់ស្តែងដើម្បីធ្វើឱ្យមាននិរន្តរភាពការងារទាំងនិយោជិត និងនិយោជកជាក់ជាមិនខាន ដូច្នេះគឺមិនមានការប៉ះពាល់អ្វីធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ ដូចការបំប៉ោងព័ត៌មានរបស់ក្រុមប្រឆាំងឡើយ។

    ទោះជាយ៉ាងណា សារនយោបាយថ្មីៗចុងក្រោយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជាគោលជំហរគន្លឹះចំពោះសហគមន៍អឺរ៉ុប និងក្រុមបច្ចឹមប្រទេសសម្រាប់គិតពិចារណា ហើយផ្លូវដែលប្រសើរនោះគឺសហគមន៍អឺរ៉ុប និងបច្ចឹមប្រទេសទេដែលត្រូវរួមដៃគ្នាជាមួយរាជរដ្ឋាភិបាលក្នុងការបន្តលើកស្ទួយប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ នៅកម្ពុជាដោយឈរលើគោលការណ៍ស្មើមុខនិងស្មើសិទ្ធិគ្នា៕

    ដោយ៖ ពង្ស សុក្រឹត្យ

    អត្ថបទទាក់ទង