ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជា-កូរ៉េ ចុះហត្ថលេខា ពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ក្នុងវិស័យកសិកម្ម

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1619
    កម្ពុជា-កូរ៉េ ចុះហត្ថលេខា ពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ក្នុងវិស័យកសិកម្មកម្ពុជា-កូរ៉េ ចុះហត្ថលេខា ពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ក្នុងវិស័យកសិកម្ម

    លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានជួបពិភាក្សាការងារ ជាមួយលោក Kim Hyeon-Soo រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងអភិវឌ្ឍន៍ជនបទ នៃសាធារណៈរដ្ឋកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ។ ពិធីនេះ បានរៀបចំធ្វើឡើង នៅសណ្ឋាគារ Grand Haeundea ទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។

    ការចុះហត្ថលេខានេះ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទំនាក់ទំនង ទ្វេភាគីរបស់ភាគីទាំងពីរ នៅក្នុងវិស័យកសិកម្ម និងដោយមើលឃើញ ពីតម្រូវការចាំបាច់ សម្រាប់ការប្រើប្រាស់ ធនធានធម្មជាតិប្រកប ដោយប្រសិទ្ធភាព និងការអភិវឌ្ឍធនធានមនុស្ស និងដោយមានបំណង ចង់ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងវិស័យសាធារណៈ និងឯកជននៃប្រទេសទាំងពីរ លើវិស័យកសិកម្ម។

    ភាគីទាំងពីរ បានព្រមព្រៀងគ្នា លើកិច្ចសហការគ្នា ក្នុងវិស័យដូចខាងក្រោម៖

    ១៖ ផ្លាស់ប្តូរព័ត៌មាន និងកិច្ចសហប្រតិបត្តិការ ក្នុងគោលនយោបាយកសិកម្មក្នុងតំបន់ និងអភិវឌ្ឍន៍ជនបទ។
    ២៖ ផ្លាស់ប្តូរព័ត៌មាន និងកិច្ចសហប្រតិបត្តិការ ក្នុងគោលនយោបាយកសិកម្មក្រៅប្រទេស។
    ៣៖ ផ្លាស់ប្តូរអ្នកជំនាញក្នុងវិស័យដែលពាក់ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើបច្ចេកទេស និងព័ត៌មានដែលពាក់ព័ន្ធនឹងកសិកម្ម និងការស្រាវជ្រាវរួមគ្នា ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការ បច្ចេកទេសកសិកម្ម រវាងវិទ្យាស្ថានស្រាវជ្រាវកសិកម្ម នៃប្រទេសទាំងពីរ។
    ៤៖ កិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍកសិកម្មសំដៅធានា ឲ្យបាននូវសន្តិសុខស្បៀង ក្នុងប្រទេសទាំងពីរ។
    ៥៖ ជំរុញការផ្លាស់ប្តូរបទពិសោធន៍រវាងសហគ្រាស និងទីភ្នាក់ងារពាក់ព័ន្ធ ក្នុងវិស័យសាធារណៈ និងឯកជន។
    ៦៖ ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាពរួមមានដី ទឹក និងធនធានសេនេទិច។
    ៧៖ កិច្ចសហប្រតិបត្តិការ ក្នុងការបង្កើនផលិតភាពកសិកម្ម គ្រឿងយន្តកសិកម្ម និងយុទ្ធសាស្ត្រមុន និងក្រោយពេលប្រមូលផល។
    ៨៖ កិច្ចសហប្រតិបត្តិការ ដើម្បីសម្របសម្រួលដល់ការវិនិយោគឯកជន ក្នុងវិស័យកសិកម្ម។
    ៩៖ ការផ្លាស់ប្តូរ និងធ្វើកិច្ចសហប្រតិបត្តិការ លើចំនុចដែលចាប់អារម្មណ៍ផ្សេងទៀត ដែលអាចកើតឡើងពីការសម្រេចចិត្ត របស់ភាគីទាំងពីរ។

    ដើម្បីធ្វើទំនាក់ទំនង និងសម្របសម្រួលកិច្ចសហប្រតិបត្តិការ ក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ភាគីទាំងពីរ បានឯកភាពគ្នាបង្កើតក្រុមការងារក្រុមការងារ ដែលមានប្រធានមួយរូប មានឋានៈជាប្រធាននាយកដ្ឋាន ធ្វើជាសហប្រធានដែលត្រូវបានតែងតាំង ដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

    ភាគីនីមួយៗ នឹងចាត់តាំងលេខាធិការទំនាក់ទំនងម្នាក់ ឲ្យទទួលខុសត្រូវការងារទាក់ទងនឹងកិច្ចប្រជុំក្រុមការងារ។ កិច្ចប្រជុំក្រុមការងារ នឹងត្រូវធ្វើឡើងជាប្រចាំនៅសាធារណរដ្ឋកូរ៉េ និងនៅកម្ពុជា រៀងរាល់០២ (ពីរ) ឆ្នាំម្តងឬលើសពីនេះ បើចាំបាច់ដោយភាគីទាំងពីរ។ កាលបរិច្ឆេទទីតាំង និងរបៀបវារៈនៃការប្រជុំនីមួយៗ នឹងត្រូវសម្រេចរួមគ្នាជាមុន។

    ក្នុងឱកាសនេះផងដែរ លោក Kim Hyeon-Soo បានបញ្ជាក់ថា ភាគីកូរ៉េបានអនុម័តរួចហើយ នូវការអនុញ្ញាតឲ្យនាំចូលស្វាយពីកម្ពុជាមកកូរ៉េ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ដូច្នេះក្នុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ កម្ពុជា នឹងអាចនាំចូលស្វាយមកកូរ៉េបានហើយ។

    លោក វេង សាខុន បានថ្លែងអំណរគុណដល់ភាគីកូរ៉េ នូវដំណឹងល្អសម្រាប់ការនាំចូលស្វាយនេះ ហើយលោកក៏បានស្នើសុំកិច្ចសហប្រតិបត្តិការ ជាមួយភាគីកូរ៉េថែមទៀត លើការធ្វើទំនើបកម្មកសិកម្ម នៅកម្ពុជា ដើម្បីផ្លាស់ប្តូរនូវពិសោធន៍ ដែលកសិកម្មកូរ៉េបានឆ្លងកាត់។

    លោក Kim Hyeon-Soo បានស្វាគមន៍នូវសំណើររបស់កម្ពុជា ដោយសន្យានឹងជួយដល់ការអភិវឌ្ឍ លើការដាំដំណាំក្នុងផ្ទះកញ្ចក់ (Green House) ដែលអាចធានាដល់ការផលិតបន្លែបានគ្រប់រដូវ ការពារសត្វល្អិត និងមានគុណភាពខ្ពស់ឆ្លើយតបតាមស្តង់ដារ និងទីផ្សារ ដើម្បីជំរុញផលិតកម្មលើដំណាំបន្លែក្នុងស្រុក និងកាត់បន្ថយការនាំចូល។

    លោក វេង សាខុន បានថ្លែងអំណរគុណ ចំពោះការផ្តល់កិច្ចហប្រតិបត្តិការលើ Green House នេះ ព្រោះឆ្លើយតបចំគោលដៅដែលក្រសួងបាន និងកំពុងធ្វើ និងឆ្លើយតបទៅលើតម្រូវការ ដែលក្រសួងកសិកម្ម កម្ពុជា កំពុងតែយកចិត្តទុកដាក់ ដើម្បីជួយលើកកំពស់កំរិតជីវភាព របស់កសិកឲ្យឆ្លើយតបតាមគោលនយោបាយជំរុញសេដ្ឋកិច្ចកម្ពុជា ឲ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០។

    លោករដ្ឋមន្ត្រី ទាំងពីរបានពិភាក្សាយ៉ាងស៊ីជំរៅ លើកិច្ចសហប្រតិបត្តិការបច្ចេកទេស លើចំនុចជាច្រើនក្នុងគោលដៅធ្វើយ៉ាងណា ឲ្យវិស័យកសិកម្មនៃប្រទេសទាំងពីរកាន់រីកចម្រើន។ កិច្ចពិភាក្សា ប្រកបដោយសេចក្តីរីករាយ ភាតរៈភាព និងមានភាពស្និទស្នាលជាទីបំផុត៕

    អត្ថបទទាក់ទង