ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាបង្រស់សម្បត្តិវប្បធម៌មនុស្សជំនាន់មុនសម្រាប់មនុស្សជំនាន់ក្រោយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1799
អាជ្ញាធរជាតិអប្សរាបង្រស់សម្បត្តិវប្បធម៌មនុស្សជំនាន់មុនសម្រាប់មនុស្សជំនាន់ក្រោយ អាជ្ញាធរជាតិអប្សរាបង្រស់សម្បត្តិវប្បធម៌មនុស្សជំនាន់មុនសម្រាប់មនុស្សជំនាន់ក្រោយ

វត្តរាជបូណ៌ ជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តដទៃទៀត ដែលស្ថិតនៅតាមដងស្ទឹងសៀមរាប ស្ថិតក្នុងភូមិសាស្ត្រភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ អារាមនេះមានព្រះវិហារមួយដែលមានលក្ខណៈស្ថាបត្យកម្មល្អឯក ហើយប្រហែលជាសាងសង់ឡើងក្នុងរាជ្យព្រះបាទនរោត្តម។

នៅលើជញ្ជាំងព្រះវិហារផ្នែកខាងក្នុងមានសិល្បៈដ៏រស់រវើកល្អវិចិត្រគឺ គំនូរបុរាណរឿង «រាមកេរ្តិ៍» ដែលជារឿងល្បីល្បាញនៅអាស៊ីអាគ្នេយ៍ គូរនៅរវាងឆ្នាំ១៩២០-១៩២៤ ដោយជាងឈ្មោះ ប៉ិល និងក្មួយរបស់គាត់ឈ្មោះ ឌិត។ ជាងគំនូរទាំង២ គឺជាជាងធ្វើណាំងសម្រាប់ល្ខោនស្បែកធំ ទើបគំនូរមានទម្រង់កាយវិការបែបដូចស្បែកធំ។ ចំណែកនៅផ្នែកខាងក្រៅមានចម្លាក់លៀនយ៉ាងរស់រវើកនៅលើទ្វារនិងបង្អួច។

ព្រះវិហារចំណាស់នេះធ្លាប់មានការជួសជុលតាំងពីសម័យអាណានិគមបារាំងមកម្ល៉េះ។ បច្ចុប្បន្នមានសភាពទ្រុឌទ្រោមដោយអន្លើ ដែលតម្រូវឱ្យមានការជួសជុលជាចាំបាច់ ដោយសារអាយុកាលនិងអាកាសធាតុជាដើម។ ដើម្បីរួមចំណែករក្សាមរតកនេះឱ្យគង់វង្សតទៅទៀត អាជ្ញាធរជាតិអប្សរាបានសហការជាមួយអ្នកជំនាញអ៊ីតាលីចាប់ផ្តើមជួសជុលផ្នែកសំខាន់ៗនៃព្រះវិហារនៅឆ្នាំ២០១៤។ សន្លឹកទ្វារ សន្លឹកបង្អួច គំនូរ និងបដិមាក្នុងវិហារជាដើម សុទ្ធតែបានជួសជុលនិងសម្អាតតាមបច្ចេកទេសដោយអ្នកអភិរក្ស។ កិច្ចការទាំងអស់នេះតែងមានព្រះទ័យយកចិត្តទុកដាក់ខ្ពស់និងការផ្តល់ឱកាសដ៏ពេញលេញអំពីព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះគ្រូចៅអធិការវត្តរាជបូណ៌។

កិច្ចការអភិរក្សនាបច្ចុប្បន្នចំពោះព្រះវិហារបានត្រូវជួសជុលជា២ដំណាក់កាលបន្ថែមនាពេលថ្មីៗនេះ៖
– ដំណាក់កាលទី១៖ សិក្សាគម្រោងសម្រង់ប្លង់ចាស់និងធ្វើដំបូលដែកគ្របលើវិហារ ដោយប្រើប្រាស់ថវិការបស់ពុទ្ធបរិស័ទ ក្រោមការផ្តួចផ្តើមពីព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ។
– ដំណាក់កាលទី២៖ ការជួសជុលដំបូលវិហារផ្តោតលើការជួសជុលគ្រឿងបង្គុំដំបូលដើម្បីរក្សាលំនឹងរបស់ដំបូល សម្លាប់មេរោគ និងសត្វល្អិតស៊ីសាច់ឈើ ជួសជុលសម្អាតហោជាងដែលមានចម្លាក់ក្បាច់ និងគ្រឿងលម្អដំបូលទាំងអស់ឡើងវិញរួចរាល់បាន១០០% ក្រោមការផ្តល់ថវិកា និងលក្ខណៈបច្ចេកទេសពីអាជ្ញាធរជាតិអប្សរា។ ជាលក្ខណៈបច្ចេកទេស យើងព្យាយាមរក្សារូបរាងឱ្យនៅដដែលនិងប្រើប្រាស់សម្ភារៈចាស់ដែលមានស្រាប់តាមលទ្ធភាព និងប្រើប្រាស់វិធីសាស្ត្រដែលសមស្របសម្រាប់ការអភិរក្សនាពេលអនាគត។

ការអភិរក្សមរតកវប្បធម៌នេះជាឧទាហរណ៍ដ៏ល្អ ព្រោះយើងទាំងអស់គ្នាបានរួមចំណែក «បង្រស់»សម្បត្តិវប្បធម៌នៃមនុស្សជំនាន់មុនឱ្យនៅបន្តរស់ទៅដល់អ្នកជំនាន់ក្រោយទៀត ក្នុងការប្រើប្រាស់ និងសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រនិងសិល្បៈរបស់ខ្លួន៕

អត្ថបទទាក់ទង