ខ្មែរប៉ុស្ដិ៍ Close

    លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន អំពីដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1297
    លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន អំពីដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរលោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន អំពីដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

    នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្រ្តី លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលជួបជាមួយគណៈប្រតិភូខេត្តយូណាន ដែលដឹកនាំដោយលោក Zhang Guohua អភិបាលរងខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនទាក់ទងនឹងដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរក្នុងគោលបំណងស្នើសុំការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តការគាំទ្រ និងពន្លឿនការងារគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឱ្យសម្រេចជោគជ័យ និងមានប្រសិទ្ធភាព។

    សូមបញ្ជាក់ជូនផងដែរថា កិច្ចព្រមព្រៀងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៦ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ស៊ី ជីនភីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅរាជធានីភ្នំពេញ។ ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូខេត្តយូណាន និងតំណាងក្រុមហ៊ុនសាងសង់គម្រោង រួមមាន Yunnan Investment Group, Yunnan Construction and Investment Holding Group និង Yunnan Airport Group បានចុះពិនិត្យទីតាំងគម្រោងនិងបានជួបប្រជុំពិភាក្សាការងារជាមួយអាជ្ញាធរពាក់ព័ន្ធមួយចំនួន ព្រមទាំងបានឆ្លៀតឱកាសចូលជួបសម្តែងការគួរសមជាមួយលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីផងដែរ។

    ក្នុងជំនួបដ៏មានសារៈសំខាន់នេះ លោក Zhang Guohua បានរាយការណ៍ពីវឌ្ឍនភាពការងារសាងសង់ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តយូណាន ក៏ដូចជារដ្ឋាភិបាល ប្រជាជនចិន ចំពោះគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ ជាគម្រោងអាទិភាពមួយ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ផ្លូវមួយខ្សែក្រវាត់មួយ រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។ ដោយឈរលើសារសំខាន់នៃគម្រោងនេះប្រធានគណប្រតិភូ ស្នើសុំរាជរដ្ឋាភិបាលកម្ពុជាបន្តផ្តល់ការគាំទ្រ និងជួយសម្រួលការងារពាក់ព័ន្ធនានា ដើម្បីឱ្យការអនុវត្តគម្រោងដំណើរការបានទៅដោយរលូននិងជោគជ័យ។ បន្ថែមពីនេះ លោកអភិបាលរងក្នុងនាមថ្នាក់ដឹកនាំខេត្តយូណាន សូមអោយកម្ពុជាមានការជឿជាក់ចំពោះគម្រោងនេះ និងប្តេជ្ញាអនុវត្តន៍គម្រោងសាងសង់នេះ អោយបានចប់រួចរាល់នៅឆ្នាំ២០២៣ខាងមុខ។

    ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សកិច្ចរបស់លោក Zhang Guohua និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងសាងសង់នះ ព្រមទាំងអរគុណចំពោះការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំខេត្តយូណាន ក្នុងការសម្រចគម្រោងសាងសង់នេះអោយបានឆាប់រហ័ស និងសន្យាជួយសម្រួល និងរួមគ្នាដោះស្រាយនូវរាល់បញ្ហានានា ដើម្បីរួមចំណែកក្នុងការអនុវត្តគម្រោងអោយទទួលបានជោគជ័យខ្ពស់៕

    អត្ថបទទាក់ទង