ខ្មែរប៉ុស្ដិ៍ Close

ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្រ្តាលី សន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយសភា និងរាជរដ្ឋាភិបាលកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1151
ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្រ្តាលី សន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយសភា និងរាជរដ្ឋាភិបាលកម្ពុជាឯកអគ្គរដ្ឋទូតនៃប្រទេសអូស្រ្តាលី សន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយសភា និងរាជរដ្ឋាភិបាលកម្ពុជា

ក្នុងឱកាសចូលជួបសម្តែងការគួរសមនិងជម្រាបលា លោក ហេង សំរិន ប្រធានរដ្ឋសភា លោកស្រី អានជីឡា ខូកូរ៉ាន់ ( Angela Corcoran ) ឯកអគ្គរដ្ឋទូត នៃប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា ដែលត្រូវចប់អាណត្តិ បានសម្តែងក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជា និងអូស្រា្តលី ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិហើយប្រទេសអូស្រ្តាលីនៅតែបន្តគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាទៅមុខទៀត។

នៅក្នុងជំនួបនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី អានជីឡា ខូកូរ៉ាន់ បានជម្រាបប្រធានរដ្ឋសភាថាចាប់តាំងពីឆ្នាំ១៩៩៣ មកអូស្រ្តាលីបានចូលរួមចំណែកអភិវឌ្ឍន៍នៅកម្ពុជាជាច្រើនវិស័យ មានការអប់រំ កសិកម្ម សុខាភិបាល និងការបោសសំអាតមីន ជាដើម។ កម្ពុជានិងអូស្រ្តាលី មានកិច្ចសហប្រតិបត្តិការល្អជាមួយក្នុងការប្រយុទ្ធប្រឆំាងអំពើភេវរកម្មនានា ដូចការជូញដូរមនុស្ស និងគ្រឿងញៀនជាដើម។

លោកស្រីឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៤មក មាននិស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសអូស្រ្តាលី ចំនួន២៩០០នាក់។ ក្នុងនោះនិស្សិតកម្ពុជាចំនួន៩៩៤នាក់ ទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលអូស្រ្តាលី។

លោកស្រី អានជីឡា ខូកូរ៉ាន់ បានជម្រាបលោកប្រធានរដ្ឋសភាថា ប្រទេសអូស្រ្តាលី បន្តគាំទ្រ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅលើគ្រប់វិស័យ។ ដោយឡែកនៅក្នុងឆ្នាំ២០២០ខាងនេះ អូស្រ្តាលី នឹងខិតខំជំរុញឲ្យមានដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍របស់តំណាងរាស្រ្តវ័យក្មេងកម្ពុជាទៅកាន់ប្រទេសអូស្រ្តាលី។ ប្រទេសអូស្រា្តលីក៏បានត្រៀមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាននៃការអញ្ជើញចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) របស់លោកប្រធានរដ្ឋសភា និងគណៈប្រតិភូសភាកម្ពុជា ក្នុងប្រទេសអូស្រ្តាលី នាដើមខែមករា ឆ្នាំ២០២០ខាងមុខនេះផងដែរ។

លោក ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងអាណត្តិការទូតរបស់លោកស្រី អានជីឡា ខូកូរ៉ាន់ ដែលបានរួមចំណែកដល់ការបន្តថែរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-អូស្រ្តាលី ឲ្យមានការរីកចម្រើនថែមមួយកម្រិតទៀត។

លោកជឿជាក់ថា ក្នុងរយៈពេល៣ឆ្នាំ ដែលលោកស្រី ស្នាក់នៅកម្ពុជា លោកស្រីពិតជាបានឃើញជាក់ស្តែងនូវការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់របស់កម្ពុជា រួមទាំងសភាពការពិតនៅកម្ពុជាដែលផ្ទុយពីការបំពងសម្លេងពីខាងក្រៅ ដើម្បីកេងចំណេញប្រយោជន៍នយោបាយបុគ្គលមួយចំនួនតូច។

លោកប្រធានរដ្ឋសភា មានក្តីសង្ឃឹមថា ទោះបីលោកស្រី អានជីឡា ខូកូរ៉ាន់ បានចប់បេសកកម្មនៅកម្ពុជា តែលោកស្រីនៅតែមនោសញ្ចេតនា និងទំនាក់ទំនងល្អជាមួយប្រជាជាតិកម្ពុជាជានិច្ច៕

អត្ថបទទាក់ទង