ខ្មែរប៉ុស្ដិ៍ Close

    លោកឧបនាយករដ្ឋមន្រ្ដី ស ខេង៖ ឆ្នាំ២០២០ ឃុំ/សង្កាត់នីមួយៗ នឹងទទួលបានថវិកាជាង ១២ម៉ឺនដុល្លារសម្រាប់អភិវឌ្ឍក្នុងមូលដ្ឋាន

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1114
    លោកឧបនាយករដ្ឋមន្រ្ដី ស ខេង៖ ឆ្នាំ២០២០ ឃុំ/សង្កាត់នីមួយៗ នឹងទទួលបានថវិកាជាង ១២ម៉ឺនដុល្លារសម្រាប់អភិវឌ្ឍក្នុងមូលដ្ឋានលោកឧបនាយករដ្ឋមន្រ្ដី ស ខេង៖ ឆ្នាំ២០២០ ឃុំ/សង្កាត់នីមួយៗ នឹងទទួលបានថវិកាជាង ១២ម៉ឺនដុល្លារសម្រាប់អភិវឌ្ឍក្នុងមូលដ្ឋាន

    លោកឧបនាយករដ្ឋមន្រ្ដី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានឲ្យដឹងថា នៅឆ្នាំ២០២០ខាងមុខនេះ ឃុំសង្កាត់នីមួយៗ នឹងទទួលបានថវិកាសរុបជាមធ្យមចំនួនប្រមាណ ១២២,០០០ដុល្លារ ដើម្បីបង្កលក្ខណៈឲ្យក្រុមប្រឹក្សាឃុំសង្កាត់ កាន់តែមានលទ្ធភាពអាចចូលរួមដោះស្រាយនូវតម្រូវការជាអាទិភាពនានារបស់មូលដ្ឋាននីមួយៗ។

    ក្នុងពិធីបិទសិក្ខាសាលាជាតិស្ដីពី ការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២០ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ លោកឧបនាយករដ្ឋមន្រ្ដី ស ខេង បានគូសបញ្ជាក់ថា ថវិកាប្រមាណ១២ម៉ឺនដុល្លារនេះ រួមមានថវិកាសម្រាប់ចំណាយលើផ្នែកអភិវឌ្ឍន៍មូលដ្ឋានចំនួនប្រមាណជាង៧០,០០០ដុល្លារ ដែលចំនួននេះកើនឡើងទ្វេដង បើប្រៀបធៀបនឹងឆ្នាំ២០១៩។

    បើតាមការលើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្ដី ស ខេង ថវិកានេះ នឹងកើនឡើងជារៀងរាល់ឆ្នាំ ដែលរហូតដល់ឆ្នាំ២០២៣ រដ្ឋបាលឃុំ សង្កាត់នីមួយៗ នឹងទទួលបានថវិកាសរុបជាមធ្យម ចំនួនជាង១៣២.០០០ដុល្លារ។ ជាមួយនឹងការកើនឡើងដ៏គំហុកនេះ នឹងធ្វើឲ្យឃុំសង្កាត់ដែលនឹងទទួលបានថវិកាសរុបច្រើនជាងគេ មានរហូតដល់ចំនួនប្រមាណ៤៥០,០០០ដុល្លារ នៅឆ្នាំ២០២៣ ឧទាហរណ៍ដូចជា សង្កាត់ប៉ោយប៉ែត នៃក្រុងប៉ោយប៉ែត និងឃុំក្រែកនៃស្រុកពញាក្រែកជាដើម។ នេះជាអ្វីដែលសម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់។

    លោកឧបនាយករដ្ឋមន្រ្ដី ស ខេង បានអះអាងទៀតថា អ្វីដែលជាសមិទ្ធផលដ៏សំខាន់ និងចាត់ទុកថា មានលក្ខណៈជាប្រវត្តិសាស្ត្រនៃកិច្ចដំណើរការកំណែទម្រង់ដែលសម្រេចបានក្នុងឆ្នាំ២០១៨នេះ គឺការកែសម្រួលរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងការប្រគល់មុខងារពាក់ព័ន្ធ នឹងវិស័យជាច្រើនទៅឲ្យរដ្ឋបាលទាំងនេះ និងការផ្ទេរមុខងារសុខាភិបាល ដែលធ្លាប់បានអនុវត្តដោយមន្ទីរសុខាភិបាល ទៅឲ្យស្ថិតក្រោមការគ្រប់គ្រងចាត់ចែងរដ្ឋបាលរាជធានី -ខេត្ត។

    ជារួមភាគីពាក់ព័ន្ធ បានសហការគ្នារៀបចំកិច្ចការនេះ តាំងពីឆ្នាំ២០១៦កន្លងមក ដោយមានការពិគ្រោះយោបល់គ្នាជាបន្តបន្ទាប់ ដោយផ្អែកលើក្របខ័ណ្ឌ លិខិតបទដ្ឋានគតិយុត្តិ និងស្ថានភាព នៃការអនុវត្តជាក់ស្តែង។ ក្នុងគោលបំណងជំរុញឲ្យរចនាសម្ព័ន្ធថ្មីទាំងនេះ អាចចាប់ផ្តើមបំពេញការងាររបស់ខ្លួន ចាប់ពីដើមឆ្នាំ២០២០តទៅ នាពេលថ្មីកន្លងមកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យចំនួន៣ ស្តីពីការកែសម្រួលរចនាសម្ព័ន្ធ និងមុខងាររបស់ រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យមួយទៀតស្តីពីការផ្ទេរមុខងារសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី-ខេត្ត។

    បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្រ្ដី ស ខេង ក៏បានអះអាងជាថ្មី អំពីការតាំងចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការបន្តអនុវត្តឲ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងកំណែទម្រង់សំខាន់ៗដទៃទៀត ដើម្បីរួមចំណែកជំរុញល្បឿន នៃការអភិវឌ្ឍប្រទេសជាតិ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពចម្រើនរុងរឿង។

    ប្រមុខដឹកនាំក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិលនានា ដែលបានផ្តល់ការគាំទ្រដល់កំណែទម្រង់នេះ ហើយសង្ឃឹមថា ដៃគូទាំងអស់នឹងបន្តគាំទ្រដល់កិច្ចការដ៏សំខាន់នេះតទៅមុខទៀត ៕

    អត្ថបទទាក់ទង