ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ស្នើ​ក្រុមហ៊ុន Smart ពង្រីកវិសាលភាពសេវាអ៊ីនធើណេតទៅដល់ទីជនបទ តាមសាលារៀន និងមន្ទីរពេទ្យ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1546
លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ស្នើ​ក្រុមហ៊ុន Smart ពង្រីកវិសាលភាពសេវាអ៊ីនធើណេតទៅដល់ទីជនបទ តាមសាលារៀន និងមន្ទីរពេទ្យលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ស្នើ​ក្រុមហ៊ុន Smart ពង្រីកវិសាលភាពសេវាអ៊ីនធើណេតទៅដល់ទីជនបទ តាមសាលារៀន និងមន្ទីរពេទ្យ

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានស្នើ​សុំក្រុមហ៊ុន Smart Axiata ​ពិចារណា​ក្នុង​ការពង្រីកវិសាលភាពសេវាអ៊ីនធើណេតទៅដល់​ទីជនបទ ជាពិសេស​នៅតាម​សាលា​រៀន រួម​ទាំងសាកលវិទ្យាល័យ និង​វិទ្យា​ល័យ ព្រម​ទាំង​នៅ​តាមបណ្ណាល័យជាដើម និង​មន្ទីរពេទ្យ​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​គ្រូបង្រៀន និស្សិត និង​សិស្សា​នុសិស្ស​មាន​ឱកាស​ប្រើប្រាស់បច្ចេកវិទ្យាតាម Internet ដើម្បី​បង្កើន​ការ​សិក្សា​ស្រាវ​ជ្រាវ​ពង្រីក​ចំណេះ​វិជ្ជាដើម្បីពង្រឹងគុណភាព និង​សមត្ថភាព​ធនធាន​មនុស្ស​ឲ្យ​កាន់​តែ​រីកចម្រើន។ ការ​លើកស្នើនេះ ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សារវាង​លោកនាយករដ្ឋមន្ត្រី និងលោក តាន់ស្រ៊ី ចាមាលូឌីន អ៊ីប្រាហ៊ីម (TAN SRI JAMALUDIN IBRAHIM) ប្រធានក្រុមហ៊ុន Axiata Group Berhad ដែលកម្ពុជាស្គាល់ថាជាក្រុមហ៊ុនទូរស័ព្ទចល័តស្មាត (Smart) នៅ​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ នៅ​វិមាន​សន្តិភាព។​

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើសុំឲ្យក្រុមហ៊ុន Smart Axiata ពិចារណាពិនិត្យមើលប្រព័ន្ធស្មាតនៅក្រៅប្រទេស (Roaming) ផងដែរ គឺធ្វើយ៉ាងណាឲ្យប្រព័ន្ធស្មាត អាចដំណើរការទៅបានទាំងការហៅចេញចូល និងប្រព័ន្ឋ Internet អោយបានល្អនៅក្រៅប្រទេសអោយបានច្រើន។ ព្រោះពេលលោកនាយករដ្ឋមន្ត្រី អញ្ជើញទៅបេសកកម្មក្រៅប្រទេស គឺប្រព័ន្ឋស្មាតមិនសូវមាន Roaming ដែលលំបាកប្រើប្រាស់។

ជា​ការ​ឆ្លើយ​តប លោក TAN SRI ប្រធាន​ក្រុមហ៊ុន Smart Axiata បាន​បញ្ជាក់​ថា​ក្រុម​ហ៊ុន​នឹង​បន្ត​ពង្រីក​វិសាល​ភាព​របស់​ខ្លួន​បន្ត​ទៀត​ ដែល​នឹង​គ្រប​ដណ្ដប់​ទៅ​តាម​ទីជនបទ​នៅ​ទូទាំង​ប្រទេស។

បន្ថែមពីនេះ លោក TAN SRI បានជម្រាបជូនលោកនាយករដ្ឋមន្ត្រី ថាក្រុមហ៊ុន Smart Axiata បានបោះទុកវិនិយោគនៅកម្ពុជាអស់ប្រមាណ ១,៤០០ លានដុល្លារអាមេរិកហើយ ហើយក្រុមហ៊ុនកំពុងមានគម្រោងវិនិយោគបង្កើតបន្ថែមទៀត គឺការវិនិយោគលើបច្ចេកវិទ្យាថ្មី ទំនើប រួមទាំងប្រព័ន្ធល្បឿនលឿន 5G ផងដែរ។ ការវិនិយោគរបស់ក្រុមហ៊ុន Smart Axiata គឺមិនត្រឹមតែដើម្បីរកផលចំណេញនោះទេ ប៉ុន្តែគឺមានគោលដៅចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសង្គមជាតិកម្ពុជាផងដែរ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនSmart បានចូលរួមចំណែកយ៉ាងច្រើនក្នុងកិច្ចការសង្គមដូចជាលើ វិស័យអប់រំ វិស័យសុខាភិបាល ក៏ដូចជាវិស័យបរិស្ថាន និងកីឡាផងដែរ។

មុននឹងបញ្ចប់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរប្រព័ន្ធស្មាតដែលជាប្រព័ន្ធដ៏ល្អមួយដែលមានល្បឿនលឿនជឿទុកចិត្តបាន។ តាមរយៈការពង្រីកវិសាលភាពថែមទៀតទាំងនៅក្នុងស្រុក និងក្រៅស្រុក គឺនឹងធ្វើអោយកាន់តែពេញនិយមពីប្រជាពលរដ្ធ និងយុវជនសិស្សានុសិស្សជាមិនខាន ព្រោះសព្វថ្ងៃនេះ ក្រុមហ៊ុន Smart Axiata កំពុងមានសក្ដានុពលឈានខ្លាំងផ្នែកវិស័យ Telecommunication ដែលទាក់ទាញបានជំនឿជឿជាក់យ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា៕