ខ្មែរប៉ុស្ដិ៍ Close

    សហភាពអឺរ៉ុប សន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀតលើវិស័យផ្សេងៗជាច្រើនទៀត ដូចជាវិស័យអប់រំ បរិស្ថាន សេដ្ឋកិច្ច កសិកម្ម និងពាណិជ្ជកម្ម

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1068
    សហភាពអឺរ៉ុប សន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀតលើវិស័យផ្សេងៗជាច្រើនទៀត ដូចជាវិស័យអប់រំ បរិស្ថាន សេដ្ឋកិច្ច កសិកម្ម និងពាណិជ្ជកម្មសហភាពអឺរ៉ុប សន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀតលើវិស័យផ្សេងៗជាច្រើនទៀត ដូចជាវិស័យអប់រំ បរិស្ថាន សេដ្ឋកិច្ច កសិកម្ម និងពាណិជ្ជកម្ម

    លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។ លោក បានបញ្ជាក់ថា រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជាអ្នកសម្របសម្រួលការងារមួយចំនួនរបស់ក្រសួងនានាមុនដាក់ជូននាយករដ្ឋមន្រ្តី ហើយរដ្ឋមន្ត្រីត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី។

    លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានថ្លែងអរគុណ និងកោតសរសើរដល់លោកស្រី Carmen Moreno ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងសង្ឃឹមថា បេសកកម្មការទូតរបស់លោកស្រីនឹងបង្កើនទំនាក់ទំនងរវាងកម្ពុជា និងសហភាពអឺរ៉ុបឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត។ លោកស្រី Carmen Moreno បានលើកឡើងថា កន្លងមកសហភាពអឺរ៉ុបបានគាំទ្របង្កើតឱ្យមានសាលាក្តីខ្មែរក្រហម ហៅកាត់ថា អ.វ.ត.ក និងក៏ជាអ្នកផ្តល់ជំនួយចំណាត់ថ្នាក់ទី៥ ដែលបានផ្តល់ទឹកប្រាក់សរុបចំនួន២៨,៨លានដុល្លារអាមេរិក ដល់ អ.វ.ត.ក ក្នុងនោះទឹកប្រាក់ចំនួន១៥,៤លានដុល្លាអាមេរិកសម្រាប់ភាគីអន្តរជាតិ និងចំនួន១២,៩លានដុល្លារអាមេរិកសម្រាប់ភាគីជាតិនៃ អ.វ.ត.ក។

    លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានលើកបន្ថែមទៀតថា កន្លងមកសាលាក្តីខ្មែរក្រហមដើរតួសំខាន់ក្នុងការរួមចំណែកកាត់ទោសមេដឹកនាំខ្មែរក្រហម ហើយអ្វីដែលនៅសល់សម្រាប់តុលាការកម្ពុជាគឺជាបទពិសោធន៍ដ៏ល្អសម្រាប់តុលាការខ្មែរក្រហម។ ជំនួយសហភាពអឺរ៉ុបកន្លងមកមានចំណាត់ថ្នាក់លេខ៥ និងសូមបន្តផ្តល់ជំនួយជួយឱ្យសាលាក្តីខ្មែរក្រហមបញ្ចប់ដោយជោគជ័យ។

    លោកស្រីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានឯកភាពនិងការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ហើយមានប្រសាសន៍បន្តថា អ.វ.ត.ក ពិតជាផ្តល់នូវបទពិសោធន៍ និងមេរៀនល្អៗជាច្រើនសម្រាប់តុលាការក្នុងស្រុក និងបានវាយតម្លៃខ្ពស់ថា អ.វ.ត.ក ក៏បាននិងបន្សល់ទុកនូវកេរដំណែលដ៏ល្អនៅក្នុងសង្គមកម្ពុជា ក៏ដូចជាបានចូលរួមពង្រឹងនីតិរដ្ឋផងដែរ។ ដោយយល់ឃើញពីសារៈសំខាន់ដ៏ចាំបាច់បំផុតនេះ លោកស្រី បានបញ្ជាក់ថា សហភាពអឺរ៉ុប នឹងបន្តគាំទ្រសាលាក្តីខ្មែរក្រហមរហូតដល់ទីបញ្ចប់។ សហភាពអឺរ៉ុបបាននិងកំពុងពិចារណាអំពីចំនួនទឹកប្រាក់ដែលនឹងត្រូវបន្តជួយដល់សាលាក្តីនេះបន្ថែមទៀត ដែលចំនួនទឹកប្រាក់ពិតប្រាកដនឹងជម្រាបជូនមកភាគីកម្ពុជានៅពេលបានការឯកភាពជាផ្លូវការ និងបញ្ចប់ការពិភាក្សាគ្នារួចរាល់។

    ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងអំពីភាពចាំនៃការផ្សព្វផ្សាយនូវប្រវត្តិសាស្ត្រពិតសម្រាប់អ្នកជំនាន់ក្រោយ ចៀសវាងការយល់ច្រឡំអំពីប្រវត្តិសាស្ត្រដោយបានសង្កត់ធ្ងន់ថា សម្រាប់ជាមរតករបស់ អ.វ.ត.ក សាលាក្តីមួយនេះបានបង្កើតនូវមជ្ឈមណ្ឌលតម្កល់ឯកសារ ដែលហៅកាត់ថា LDC ហើយតាមរយៈការងារដ៏មានសារៈសំខាន់នេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន មានបំណងចង់ឱ្យក្រុមការងារជំរុញការចុះទៅផ្សព្វផ្សាយនៅតាមសាកលវិទ្យាល័យ និងវិទ្យាល័យនានាឱ្យបានច្រើនក្នុងប្រទេសដើម្បីឱ្យសិស្ស និស្សិត មានការយល់ដឹង និងចងចាំកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រពិតរបស់ប្រទេសកម្ពុជាដែលធ្លាប់រងទុក្ខវេទនាក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ គោលបំណងនេះ ត្រូវបានទទួលនូវការគាំទ្រភ្លាមៗពី ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដោយលោកស្រីបានមានប្រសាសន៍បន្ថែមថា «យើងត្រូវតែពន្យល់ឱ្យយុវជនជំនាន់ក្រោយយល់ដឹង និងចងចាំនូវការពិតនៃប្រវត្តិសាស្ត្រ»។

    លោកស្រី ក៏បានសម្តែងនូវការគាំទ្រជាមួយនឹងសុខសន្តិភាព ដែលកម្ពុជាកំពុងមាននាពេលសព្វថ្ងៃនេះហើយអះអាងថា កម្ពុជាត្រូវតែបន្តថែរក្សាសន្តិភាពនេះឱ្យបានស្ថិតស្ថេរគង់វង្ស និងមិនត្រូវឱ្យប្រវត្តិសាស្ត្រដ៏ជូរចត់វិលត្រឡប់មកវិញបានជាដាច់ខាត។ លោកស្រី បានបន្តថា កន្លងមកសហភាពអឺរ៉ុប ក៏មានកិច្ចសហប្រតិបត្តិការល្អជាមួយវិស័យអប់រំនៅកម្ពុជាផងដែរ ដូចនេះ ពាក់ព័ន្ធនឹងគោលបំណងរបស់លោកឧបនាយករដ្ឋមន្ត្រីដែលចង់ផ្សព្វផ្សាយដល់សិស្ស និស្សិត អំពីប្រវត្តិសាស្ត្រពិតនៃរបប ប៉ុល ពត។ លោកស្រី បានសន្យាថា នឹងរិះរកកិច្ចសហការបន្ថែមទៀតជាមួយក្រសួងអប់រំ យុវជននិងកីឡា ដើម្បីឱ្យយុវជនមានឱកាសស្វែងយល់អំពីអតីតកាលឱ្យបានច្បាស់លាស់។

    ជាចុងបញ្ចប់ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សហភាពអឺរ៉ុប នឹងបន្តពង្រឹងកិច្ចសហការដោយបើកចំហឱ្យកាន់តែរឹងមាំបន្ថែមទៀតជាមួយកម្ពុជាលើវិស័យផ្សេងៗជាច្រើនទៀត ក្នុងនោះដូចជាវិស័យអប់រំ បរិស្ថាន សេដ្ឋកិច្ច កសិកម្ម និងពាណិជ្ជកម្ម។ល៕

    អត្ថបទទាក់ទង