ខ្មែរប៉ុស្ដិ៍ Close

    ក្រុងកំពតលាក់ទុកកំណប់ទេសចរណ៍ធំសម្បើម ដែលត្រូវអភិវឌ្ឍន៍ជាទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1852
    ក្រុងកំពតលាក់ទុកកំណប់ទេសចរណ៍ធំសម្បើម ដែលត្រូវអភិវឌ្ឍន៍ជាទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌ក្រុងកំពតលាក់ទុកកំណប់ទេសចរណ៍ធំសម្បើម ដែលត្រូវអភិវឌ្ឍន៍ជាទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌

    លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ទីក្រុងកំពតបានលាក់ទុកកំណប់ទេសចរណ៍ធំសម្បើមពិសេសសំណង់អគារសល់តាំងពីសម័យអាណានិគមបារាំង ដែលត្រូវតែអភិវឌ្ឍន៍ជាទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ក្រៅពីរមណីយដ្ឋានធម្មជាតិ ភ្នំបូកគោ ទឹកឈូ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនទៀត។ លោកបានលើកឡើងដូចនេះនៅក្នុងសិក្ខាសាលាអបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ អមជាមួយពិធីប្រគល់បណ្ណសរសើរ ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍គំរូតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រចាំឆ្នាំ២០១៩ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅសាលមហោស្រពខេត្តកំពត ដោយមានការចូលរួមពីលោក ជាវ តាយ អភិបាលខេត្តកំពត លោក កែន សត្ថា អភិបាលខេត្តកែប ព្រមទាំងមន្ត្រីរាជការ អាជីវករ ប្រជាពលរដ្ឋ និស្សិតជាច្រើននាក់ទៀត។

    បន្ទាប់ពីអានសារលិខិតអបអរសាទរពិធីបុណ្យសមុទ្ររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោករដ្ឋមន្ត្រី ថោង ខុន បានដាក់ចេញនូវអនុសាសន៍សំខាន់ដូចខាងក្រោម៖

    ទី១៖ ក្រុងកំពតគួរត្រូវបានរៀបចំ និងអភិវឌ្ឍជាទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌។ ក្រៅអំពីរមណីយដ្ឋានធម្មជាតិ ភ្នំបូកគោ រមណីយដ្ឋានទឹកឈូ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនផ្សេងទៀត ដែលត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍ទាក់ទាញប្រចាំខេត្តទីក្រុងកំពតបានលាក់ទុកនូវកំណប់សក្តានុពលទេសចរណ៍ធំសម្បើម គឺសំណង់អគារប្រវត្តិសាស្ត្រជាច្រើន ពិសេសសំណង់អគារដែលមានអាយុកាលតាំងពីសម័យអាណានិគមបារាំង ដូចជា៖ អគាររដ្ឋបាលខេត្ត តំបន់ផ្សារក្រណាត់ចាស់ និងសំណង់អគារតាមបណ្តោយព្រែកកំពត។ ទីកន្លែងទាំងនេះ ជាភាពទាក់ទាញពិសេសរបស់ក្រុងកំពត ដែលត្រូវមានការយកចិត្តទុកដាក់បន្ថែមទាំងការថែទាំ និងការអភិវឌ្ឍកែច្នៃបន្ថែម។ លោកបានបន្តថា ខេត្តកំពតត្រូវបានរាជរដ្ឋាភិបាលកំណត់ជា «គោលដៅទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិទេសចរណ៍តំបន់ឆ្នេរ» ដោយហេតុថាខេត្តកំពតជាខេត្តដែលមានសក្តានុពលវិស័យកសិកម្មខ្ពស់ ពិសេសដំណាំហូបផ្លែដោយសារកត្តាអាកាសធាតុ និងដីមានជីជាតិអំណោយផលពីធម្មជាតិ។ រមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនត្រូវបានរៀបចំ និងបង្កើតឡើងជាបន្តបន្ទាប់រួចទៅហើយនៅក្នុងទឹកដីមួយនេះ។

    ទី២៖ បន្តពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ។ ឆ្នេរសមុទ្រកម្ពុជាត្រូវបានប្រសិទ្ធនាមជា «តារារះនាទិសនិរតី» ក្រោយពីត្រូវបានអនុម័តជាផ្លូវការចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុតលើសកលលោក កាលពីឆ្នាំ២០១១។ អនុលោមតាមស្មារតីទទួលខុសត្រូវនេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវសារាចរស្តីពី ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ដោយបានកំណត់យ៉ាងច្បាស់នូវតំបន់ដែលអាចសាងសង់បាន និងតំបន់មិនអាចសាងសង់បានសម្រាប់ភូមិសាស្ត្រតំបន់ឆ្នេរ។

    គួរបញ្ជាក់ដែរថា សម្រាប់ការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី២ ឆ្នាំ២០១៩នេះ មានឆ្នេរបេក្ខភាពមកពីខេត្តតំបន់ឆ្នេរសមុទ្រទាំង៤ ចូលរួមសរុបចំនួន ២៨ឆ្នេរ កើនឡើង ៧៥% ធៀបនឹងចំនួនឆ្នេរបេក្ខភាពចូលរួមក្នុងឆ្នាំ២០១៨ ដែលមានឆ្នេរបេក្ខភាពចូលរួមចំនួន១៦ឆ្នេរប៉ុណ្ណោះ។ ទន្ទឹមនឹងនេះចំនួនឆ្នេរបេក្ខភាពដែលជាប់ជយលាភីក្នុងឆ្នាំ២០១៩នេះមានចំនួន១៤ កើនឡើង ៤០% ធៀបនឹងចំនួនជ័យលាភីនៅឆ្នាំ២០១៨ (១០ឆ្នេរជយលាភី)។

    ទី៣៖ ត្រូវខិតខំបន្តកែច្នៃនិងបង្កើនគុណភាពផលិតផលទេសចរណ៍ក្នុងខេត្តកំពតឱ្យកាន់តែមានភាពទាក់ទាញ និងបន្តពង្រឹងគុណភាពសេវាកម្មទេសចរណ៍ក្នុងបរិបទនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ក្រសួងទេសចរណ៍ក៏ដូចជាមន្ទីរទេសចរណ៍រាជធានី-ខេត្តបានបំពេញក្នុងគោលដៅពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដើម្បីអបអរពិធីបុណ្យសមុទ្រលើកទី៨ នៅខេត្តកំពត នាពេលនេះ ក្រសួងទេសចរណ៍បានរៀបចំ និងដាក់ចេញឱ្យមន្ទីរទេសចរណ៍ខេត្តតំបន់ឆ្នេរទាំង៤។

    ជាលទ្ធផលនៃការតាមដានការអនុវត្តតាមស្មារតីសារាចរណែនាំនេះ ដោយមន្ទីរទេសចរណ៍ខេត្តតំបន់ឆ្នេរទាំង៤ មានអាជីវកម្មសរុបចំនួន ១១៣ ក្នុងនោះខេត្តកំពតចំនួន ៥៤អាជីវកម្ម ខេត្តកែបចំនួន ២៣អាជីវកម្ម ខេត្តព្រះសីហនុចំនួន ១៦អាជីវកម្ម និងខេត្តកោះកុងចំនួន ២០អាជីវកម្ម ដែលត្រូវបានជ្រើសរើសផ្តល់បណ្ណសរសើរ នាឱកាសសិក្ខាសាលានាពេលនេះ។ លោកបានអបអរសាទរដល់មគ្គទ្ទេសក៍ទេសចរណ៍សហគមន៍ចំនួន ៣៩រូប ដែលបានបញ្ជប់វគ្គបណ្ដុះបណ្ដាល និងក្លាយជាមគ្គទ្ទេសក៍ទេសចរណ៍សហគមន៍៕

    អត្ថបទទាក់ទង