ខ្មែរប៉ុស្ដិ៍ Close

    លិខិតមិត្តអ្នកអាន៖ ស្មារតីជ័យជម្នះ៧មករា កម្ពុជារស់ឡើងវិញក្នុងសុខសន្តិភាពនិងការអភិវឌ្ឍ និងប្រកបដោយមោទនភាពជាតិ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 1779
    លិខិតមិត្តអ្នកអាន៖ ស្មារតីជ័យជម្នះ៧មករា កម្ពុជារស់ឡើងវិញក្នុងសុខសន្តិភាពនិងការអភិវឌ្ឍ និងប្រកបដោយមោទនភាពជាតិលិខិតមិត្តអ្នកអាន៖ ស្មារតីជ័យជម្នះ៧មករា កម្ពុជារស់ឡើងវិញក្នុងសុខសន្តិភាពនិងការអភិវឌ្ឍ និងប្រកបដោយមោទនភាពជាតិ

    ជាតិ និងប្រជាជនកម្ពុជាទាំងមូលនឹ ងប្រារព្ធទិវាជ័យជម្នះ ៧មករា លើកទី៤១ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ នៅទូទាំងប្រទេស ហើយដោយឡែកនឹងមានមីទ្ទិញធំ មានមនុស្សរាប់ម៉ឺននាក់ចូលរួមអបអរសាទរនៅមជ្ឈមណ្ឌលកោះពេជ្រ ដើម្បីរំឭកពីការរស់ឡើងវិញនៃជាតិកម្ពុជា និងការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា។ កាលពី៤១ ឆ្នាំមុន ជាតិនិងប្រជាជនកម្ពុជាគ្រាន់តែជាមនុស្សនៅសល់តែដង្ហើមចង្រឹត ដែលរៀបនឹងស្លាប់តែប៉ុណ្ណោះ ព្រោះរបបខ្មែរក្រហម ប៉ុល ពត ដែលបានឡើងកាន់អំណាចចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ បានកាប់សម្លាប់មនុស្សដោយគ្មានត្រាប្រណី និងបានបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ច សង្គម វប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យទាំងអស់ ស្ទើរគ្មានសល់តាមរយៈការដឹកនាំផ្តាច់ការ មហាលោតផ្លោះ មហាអស្ចារ្យ ងុបងុលនឹងមនោគមវិទ្យាកុម្មុយនិស្តឆ្អិនឆ្អៅ។ ប្រជាជនកម្ពុជាស្លូតត្រង់ជាងបីលាននាក់បានស្លាប់បាត់បង់ជីវិតដោយការធ្វើទារុណកម្ម សម្លាប់ ការធ្វើវិសុទ្ធកម្មផ្ទៃក្នុង បង្អត់អាហារ និងគ្មានថ្នាំសង្កូវព្យាបាល ព្រមទាំងអំពើអមនុស្សធម៌ផ្សេងៗទៀត។

    របបឃោរឃៅខ្មែរក្រហម បានបាត់បង់នូវការគាំទ្រពីប្រជាពលរដ្ឋ សេដ្ឋកិច្ចជាតិបានធ្លាក់ចុះយ៉ាងខ្លាំង ហើយប្រជាពលរដ្ឋជាពិសេសកម្លាំងពលកម្មជាតិប្រមាណ ១\៣ បានស្លាប់បាត់បង់ជីវិត។ ចំណែកជនរងគ្រោះដែលរួចរស់ជីវិត ពីអំពើយង់ឃ្នងព្រៃផ្សៃនៃរបបខ្មែរក្រហម បានរស់នៅក្នុងឈាមនិងទឹកភ្នែក វិបត្តិផ្លូវចិត្ត និងការរងទុក្ខសោក ដោយសារតែស្លាកស្នាមរបួស ផ្លូវកាយ និងផ្លូវចិត្តពីរបបដ៏អមនុស្សធម៌នេះ និងខិតខំប្រឹងប្រែងស្តារ និងកសាងប្រទេសកម្ពុជាដ៏កម្សត់នេះឡើងវិញ។

    ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីសង្គ្រោះជាតិ និងប្រជាជនចេញពីក្រញ៉ាំដៃបីសាចខ្មែរក្រហម យកជីវិតធ្វើជាដើមទុនដោយរួមកម្លាំងគ្នា សាមគ្គីគ្នាជាធ្លុងមួយបង្កើត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅស្រុកស្នួលខេត្តក្រចេះ និងឈានទៅដល់ការវាយរំដោះប្រទេស និងប្រជាជនកម្ពុជាពីក្រញ៉ាំដៃខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ ដោយមានជំនួយគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម។ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានរួមគ្នាជាមួយបងប្អូនជនរងគ្រោះ ដែលនៅរស់រានមានជីវិត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ ចេញពីគំនរផេះផង់ដោយដៃម្ខាងខិតខំការពារជាតិ និងទប់ស្កាត់ការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ និងដៃម្ខាងទៀតខិតខំកសាងជាតិឡើងវិញ។ ជាតិនិងប្រជាជនកម្ពុជារយៈពេល ៤១ឆ្នាំមុន ពិតជាអភ័ព្វណាស់ដែលរងគ្រោះដោយអំពើប្រល័យពូជសាសន៍ខ្មែរក្រហមហើយ ខិតខំរើបម្រះប្រឆាំងនឹងរបបមហាប្រល័យនេះ សង្គ្រោះជាតិ និងប្រជាជនឱ្យរស់រានមានជីវិតវិញ ប៉ុន្តែត្រូវបានទទួលរងនូវការដាក់សម្ពាធនយោបាយ និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងអយុត្តិធម៌ ពីសំណាក់ក្រុមបស្ទឹមប្រទេសប្រឆាំង នឹងការរស់រានមានជីវិតឡើងវិញរបស់កម្ពុជា។

    ទោះជាក្រុមជនអគតិមួយចំនួនយកថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ជាសត្រូវ និងបានប្រមាថមាក់ងាយដល់ស្មារតីនៃថ្ងៃសង្គ្រោះជាតិនិងប្រជាជនកម្ពុជាឱ្យរស់រានមានជីវិតឡើងវិញ ព្រមទាំងបានលាបពណ៌ប្រឆាំង នឹងអ្នកសង្គ្រោះជាតិពិតប្រាកដ លាបពណ៌និងបានប្រមាថព្រះចេស្តាព្រះមហាក្សត្រដោយ គ្មានរអែងនឹងច្បាប់ដើម្បីបម្រើមហិច្ឆតាអំណាចដ៏ឆ្កួតលេលារបស់ខ្លួន និងដោយសារតែក្តីច្រណែនឈ្នានីស ងប់ងុលនឹងមនោគមវិទ្យាបរទេសយ៉ាងណាក្តី ក៏ស្មារតី ៧ មករា នៅតែដក់ជាប់ក្នុងចិត្ត ប្រជាជនគ្រប់រូបជានិច្ច។ ថ្ងៃទី៧ មករា មិនមែនជាសត្រូវរបស់នរណាម្នាក់ឡើយ ហើយបានក្លាយជាថ្ងៃរស់ឡើងវិញរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូល ជាថ្ងៃរស់ឡើងវិញនៃ ខឿនសេដ្ឋកិច្ចជាតិ សង្គម វប្បធម៌ សាសនាវិស័យសិក្សាធិការអប់រំ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ។ ដោយសារតែថ្ងៃរំដោះ ៧ មករា ទើប បានផ្តល់ឱកាសដល់ភាគីខ្មែរផ្សេងៗគ្នា ក្នុងជម្លោះប្រដាប់អាវុធក្នុងសង្គ្រាមស៊ីវិល កើតចេញពីឥទ្ធិពលនៃសង្គ្រាមត្រជាក់រវាងប្លុកកុម្មុយនិស្ត និងប្លុកសេរី ឱ្យមកអង្គុយជុំគ្នាដើម្បីដោះស្រាយជម្លោះ ដែលបង្កឡើងដោយអ្នកនយោបាយជំនាន់មុន។

    បើគ្មានការវាយរំដោះប្រទេសពីខ្មែរក្រហមនៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ទេ ក៏បិតាឯករាជ្យជាតិខ្មែរ សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ឥសីប្រស់កម្ពុជាឱ្យរស់ឡើងវិញ មិនអាចជួបគ្នានៅថ្ងៃទី២ ធ្នូ ឆ្នាំ ១៩៨៧ នៅប្រទេសបារាំងដើម្បីផ្តួចផ្តើមឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ដែរ និងក៏មិនអាចមានឱកាសបញ្ចប់សង្គ្រាមស៊ីវិល បញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម នាំយកសុខសន្តិភាព ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងឯកភាពទឹកដីជូនជាតិមាតុភូមិក្រោមការ អនុវត្តនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ឡើយ។ បើគ្មានថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ទេ ក៏កម្ពុជាគ្មានឱកាសកសាងជាតិដូចសព្វថ្ងៃនេះ និងក៏ទំនងគ្មានវត្តមានកម្ពុជា នៅលើឆាកអន្តរជាតិ មានកេរ្តិ៍ឈ្មោះល្បីរន្ទឺដូចសព្វថ្ងៃនេះដែរ។

    ដោយសារតែកម្ពុជា ត្រូវបានរំដោះចេញពីក្រុមបំផ្លិចបំផ្លាញជាតិ ក្បត់ជាតិនិងក្បត់ប្រជាជនរបស់ខ្មែរក្រហមនេះហើយ ទើបកម្ពុជាពេលនេះមានឱកាសគ្រប់ គ្រាន់ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិឡើងវិញ និងមានកំណើនសេដ្ឋកិច្ចប្រមាណជាង ៧% ក្នុងរយៈពេល ២០ ឆ្នាំជាប់ៗគ្នា។ ជីវភាពរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់ គ្រប់ប្រភេទ កម្មករកម្មការិនី និងប្រជាពលរដ្ឋខ្មែរទូទៅមានការរីកចម្រើន។ កម្ពុជាបានចាកចេញពីប្រទេសក្រីក្រតោកយ៉ាក ហើយបានក្លាយជាប្រទេសដែលមានចំណូលធម្យមកម្រិតទាប និងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ក្រឡេកមើលកម្ពុជាកាលពី ៤០ ឆ្នាំមុន គឺប្រៀបបាននឹងមនុស្សបាត់ព្រលឹង ទីក្រុងភ្នំពេញ និងទីប្រជុំជនស្ងាត់ជ្រងុំជាទីក្រុងខ្មោច មានតែផ្ទះប៉ុន្តែគ្មានមនុស្សរស់នៅ មានផ្លូវតែគ្មានមនុស្សដើរ ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទត្រូវបានបំផ្លិចបំផ្លាញ ធនធានមនុស្ស អ្នកវិទ្យាសាស្ត្រ បញ្ញាវ័ន្តគ្រប់ប្រភេទនៅសេសសល់តិចតួចពីការកាប់សម្លាប់រង្គាល របស់ខ្មែរក្រហម។ កម្ពុជាកាលពី ៤០ឆ្នាំមុន គឺជាកម្ពុជាដែលលំបាកលំបិន បំផុត និងខិតខំប្រឹងរស់ដោយខ្លួនឯង អ្នកចេះច្រើនបង្រៀនអ្នកចេះតិច និងអ្នកចេះតិចបង្រៀនអ្នកមិនចេះសោះដើម្បីបង្កើតមូលដ្ឋានកសាងជាតិឡើងវិញ។

    ដោយសារតែការដាក់គោលនយោបាយដ៏ត្រឹមត្រូវ និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា កម្ពុជាបច្ចុប្បន្នគឺជាកម្ពុជាពោរពេញទៅដោយសន្តិភាព ស្ថេរភាព និងពោរពេញដោយការអភិវឌ្ឍ ហើយរហូតមកដល់ពេលនេះ កម្ពុជាបានស្ថិតក្នុងសុខសន្តិភាព និងការអភិវឌ្ឍរយៈពេល ២០ ឆ្នាំមកហើយ និងបន្តជានិរន្តរ៍។ កម្ពុជាពេលនេះមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីសម្រេច និងចាត់ចែងលើជោគវាសនារបស់ខ្លួន ដោយខ្លួនឯង និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកម្ទេចកលល្បិច ទុច្ចរិតរបស់ក្រុមអ្នកនយោបាយក្បត់ជាតិមួយចំនួនដែលបានឃុបឃិតជាមួយ បរទេសប៉ុនប៉ងបំផ្លាញសន្តិភាពដែលកម្ពុជារកបានដោយពិបាក និងការអភិវឌ្ឍ ដែលកម្ពុជាកំពុងតែមាននេះ។

    ៤១ឆ្នាំក្រោយការដួលរំលំរបបខ្មែរក្រហម បំផ្លាញជាតិ បំផ្លាញប្រជាជន ជាតិនិងប្រជាជនកម្ពុជាពិតជាមិនត្រូវការរបបដ៏ខ្មៅងងឹតនេះវិលត្រឡប់វិលវិញឡើយ។ សន្តិភាព ស្ថិរភាពជាតិ ឯករាជ្យភាពជាតិ បូរណភាពទឹកដី ការអភិវឌ្ឍគឺជាអ្វីដែលប្រជារាស្ត្រខ្មែរប្រាថ្នា និងបានប្តេជ្ញាការពារយ៉ាងប្តូរផ្តាច់ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវការពារសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមាននេះឱ្យបានស្ថិតស្ថេរជាយូរអង្វែង សម្រាប់មនុស្សជាច្រើនជំនាន់បន្តទៀត ព្រោះការអភិវឌ្ឍ ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមិនអាចប្រព្រឹត្តទៅបានក្រោមភ្នក់ភ្លើងសង្គ្រាម ស្នូរគ្រាប់កាំភ្លើង និងការទម្លាក់គ្រាប់បែកបានឡើយ។

    ទោះបីជាក្រុម អគតិព្យាយាមបំភ្លៃ បំផ្លើសប្រវត្តិសាស្ត្រ ញុះញង់ដើម្បីប្រឆាំងនឹងស្មារតី ៧ មករា និងជ័យជម្នះនៃនយោបាយឈ្នះឈ្នះ ក៏ពួកគេបានត្រឹមតែនិយាយពោរពេញដោយក្តីច្រណែនឈ្នានីស ក្នុងនាមពួកគេជាជនបំផ្លាញជាតិ និងជាសត្រូវរបស់ប្រជាជន។ ក្រុមជនបំផ្លាញជាតិ និងសត្រូវប្រជាជនទាំងនេះបាននិងកំពុងជួបនូវគ្រោះកម្ម និងការនិរាសព្រាត់ប្រាស រលត់រលាយ វិនាស ហិនហោចទៅតាមផលកម្មរបស់ពួកគេ។

    ក្នុងខួបអនុស្សាវរីយ៍លើកទី៤១ នៃថ្ងៃជ័យជម្នះ ៧ មករា សូមឱ្យស្មារតីថ្ងៃរំដោះនេះស្ថិតនៅក្នុងក្រអៅបេះដូងមនុស្សគ្រប់រូបៗ និងសូមស្មារតី ៧ មករា ជានិមិត្តរូបនៃសាមគ្គីជាតិ មហាគ្រួសារខ្មែរស្ថិតនៅជាអមតៈ ហើយសត្រូវទាំងឡាយរបស់ថ្ងៃទី៧ មករា សូមវិនាសទៅហោង និងសូមឱ្យសុខសន្តិភាព មានវត្តមានជាអចិន្ត្រៃយ៍នៅលើទឹកដីកម្ពុជា សូមឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនតរៀងទៅ៕

    ដោយ៖ ចៅចាក់ស្មុក